នាម្សិលមិញនេះ ការសន្និដ្ឋានច្បាស់ការណ៍ ស្តីពីការបាត់ខ្លួនជើងហោះហើរ ៣៧០ របស់ម៉ាឡេស៊ី បានចេញហើយ ពោលគឺយន្តហោះបានធ្លាក់ចុះទៅក្នុងភាគខាងត្បូង នៃមហាសមុទ្រឥណ្ឌា នេះបើតាមសម្តីរបស់លោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី  Najib Razak។ ចំណែកឯ មូលហេតុចម្បង នៃការធ្លាក់នេះ គឺនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ដែលទំនងប្រហែលជាមានបញ្ហា រឺមកពីត្រូវគេប្លន់ក៏ថាបាន។

[រឿងរ៉ាវអព្ភូតហេតុ ទាំង ១០ របស់ប្រវត្តិសាស្ត្រការធ្លាក់យន្តហោះ!]

[ហេតុការណ៍បាត់យន្តហោះ អាថ៍កំបាំងខ្លះៗ ដែលមានក្នុង ប្រវត្តិសាស្ត្រ!]

[ក្រុមហ៊ុនអាកាសចរណ៍ ទាំង ១០ ដែលមានសុវត្ថិភាពជាងគេ នៅលើពិភពលោក!]

ក្នុងប្រវត្តិសាស្ត្រនៃជើងហោះហើរតាមផ្លូវអាកាស ពោលគឺធ្លាប់មានយន្តហោះជាច្រើនត្រូវបានប្លន់ ដោយបុគ្គល រឺលក្ខណៈជាក្រុម ដែលពួកគេទាំងនោះ យកអ្នកដំណើរធ្វើជាចំណាប់ខ្នាំង ហើយបានបញ្ជាយន្តហោះដោយផ្ទាល់ខ្លួន រឺគម្រាមអ្នកបើកបរយន្តហោះ អោយស្តាប់តាមបញ្ជា ដើម្បីជាថ្នូរដូរនឹងប្រាក់ជម្រិត ក៏ដូចជាសម្បទានយោបាយ ពីប្រមុខរដ្ឋាភិបាល ជាដើម។

សាកស្រមៃមើលថាយើងកំពុងហោះហើរ ហើយយន្តហោះត្រូវគេប្លន់... តើមានអារម្មណ៍តក់ស្លុត យ៉ាងណា ដូចនេះកុំបង្អង់យូរ តោះក្រលេកទៅមើល ប្រវត្តិសាស្ត្រតក់ស្លុត នៃការប្លន់យន្តហោះ ទាំង ១០ នៅលើពិភពលោក ខាងក្រោមនេះ៖

ការវាយប្រហារ ដោយក្រុមអាល់កៃដា ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១

យន្តហោះបួន ត្រូវបានប្លន់ដោយពួកភេវកម្ម អាល់កៃដា ចំនួន ១៩ នាក់ ក្នុងបំណងបូជាជីវិត វាយប្រហារសហរដ្ឋអាមេរិក។

យន្តហោះពីរគ្រឿង American Airlines Flight 11 និង United Airlines Flight 175 បានហោះបំបុកអគារពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញូវយ៉ក ខណៈយន្តហោះមួយគ្រឿងទៀត American Airlines Flight 77 ហោះទៅបំបុកក្រសួងការពារជាតិសហរដ្ឋអាមេរិក និងយន្តហោះមួយគ្រឿងទៀតធ្លាក់នៅក្បែរទីធ្លា Shanksville រដ្ឋ Pennsylvania ពេលចង់ទៅបំបុកទីតាំងមួយ នៅរដ្ឋ វ៉ាស៊ីតោន ដោយសារតែបុគ្គលិក និងអ្នកដំណើរ បានព្យាយាមរារាំងនោះ។

ការវាយប្រហារនេះ បានសម្លាប់មនុស្ស ៣ ២០១ នាក់ និងរបួស ៦ ២៩១ នាក់។


ការបុកគ្នា នៅព្រលានយន្តហោះ Baiyun ខេត្ត គ័ងចូវ ឆ្នាំ ១៩៩០

ការបុកគ្នានេះគឺបង្កឡើងដោយបុរសម្នាក់ឈ្មោះ Jiang Xiaofeng ដែលបានប្លន់យន្ត Xiamen Airlines Flight 8301 ដោយប្រើល្បិចជូនផ្កាដល់អ្នកបើកយន្តហោះ ហើយក៏ដោះអាវបង្ហាញជាតិផ្ទុះប្រមាណជា ៦ គីឡូក្រាមនៅទ្រូង ដោយគម្រាមអ្នកបើកយន្តហោះ អោយហោះហើរទៅកោះតៃវ៉ាន់ ដើម្បីស្វែងរកសិទ្ធជ្រកកោន ផ្នែកនយោបាយ។

ពេលនោះអ្នកបើកយន្តហោះមិនព្រមទេ ដោយសារតែមិនមានឥន្ទនៈគ្រប់គ្រាន់ ក៏ចុះចតនៅព្រលានយន្តហោះ Baiyun ប៉ុន្តែជាអកុសលបែរជាទៅបុកយន្តហោះពីរគ្រឿងទៀត បណ្តាលអោយមនុស្ស ១២៨ នាក់ ត្រូវស្លាប់បាត់បង់ជីវិត។


ការប្លន់យន្តហោះជើងហោះហើរ ៦៤៨ របស់ប្រទេសអេស៊ីប ឆ្នាំ ១៩៨៥

ជើងហោះហើរ ៦៤៨ របស់ប្រទេសអេស៊ីប គឺហោះហើរក្នុងគោលបំណងពីទីក្រុង អាតែន ទៅកាន់ ទីក្រុង Cairo ប្រទេសអេស៊ីប ប៉ុន្តែហោះហើរបានតែប្រមាណជា ១០ នាទី ក៏ត្រូវពួកប៉ាឡេស្ទីន ៣ នាក់ ប្រដាប់ដោយកាំភ្លើង និងគ្រាប់បែក បានប្លន់យន្តហោះ ដោយអោយហោះហើរទៅប្រទេស លីប៊ី ប៉ុន្តែគ្មានឥន្ទនៈគ្រប់គ្រាន់ ក៏ហោះទៅប្រទេស ម៉ាល់តាវិញ។

បន្ទាប់ពីចុះចតនៅប្រទេសម៉ាល់តារួចរាល់ ពួកភេវរករក៏បានសម្លាប់ចំណាប់ខ្នាំងជាច្រើន ដោយទាមទារអោយធ្វើការចាក់សាំងបន្ថែម ប៉ុន្តែប្រទេសម៉ាល់តាមិនព្រម។

នៅចុងបញ្ចប់ រដ្ឋាភិបាលអេស៊ីបបានបញ្ចូន កងឆ្មក់មួយក្រុម ចំណែកឯសហរដ្ឋអាមេរិក បានបញ្ចូនអ្នកជំនាញប្រឆាំង ភេវរកម្ម ៣ នាក់ទៅកន្លែងកើតហេតុ ជួយសង្គ្រោះបុគ្គលិកយន្តហោះ និងអ្នកដំណើរ។

សោកនាដកម្មនេះបណ្តាលអោយមនុស្ស ៦០ នាក់ស្លាប់ និង ២៨ នាក់របួស។


ការប្លន់យន្តហោះជើងហោះហើរ ៨៤៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Trans World ឆ្នាំ ១៩៨៥

ជើងហោះហើរ ៨៤៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Trans World គឺហោះហើរក្នុងគោលបំណងពីទីក្រុង Cairo ប្រទេសអេស៊ីប ទៅកាន់ San Diego សហរដ្ឋអាមេរិក ដោយឆ្លងកាត់ទីក្រុងអាតែន ទីក្រុងរ៉ូម រដ្ឋប៊ូស្តុន និងរដ្ឋឡូសអេនចេឡែស។

ជើងហោះហើរ ៨៤៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Trans World ត្រូវបានប្លន់ដោយពួកជីហាត Hezbollah និងអ៊ីស្លាម ដើម្បីជាថ្នូរនឹងការដោះលែងពួកម៉ូស្លីម ៧០០ នាក់ដែលឃុំខ្លួនៅអ៊ីស្រាអែល។

អ្នកមុជទឹកកងទ័ពជើងទឹកសហរដ្ឋអាមេរិក Robert Dean Stethem ត្រូវបានវាយទាត់ធាក់ និងសម្លាប់ រួចបោះសាកសពទៅក្នុងរថយន្ត កៅស៊ូចាក់ថ្នល់។


ការប្លន់យន្តហោះ Vickers Viscount ឆ្នាំ ១៩៨២

នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២៩៨២ គណៈប្រតិភូយោធា ដឹកនាំដោយអគ្គមេបញ្ជាការជើងគោក ប្រទេសអាព្រិច ត្រូវបានអញ្ជើញទៅកាន់ប្រទេសចិន ដោយជិះយន្តហោះពិសេស Vickers Viscount ដើម្បីចូលរួមបុណ្យរំឭកខួប នៃការបង្កើតកងរំដោះ នៃសាធារណរដ្ឋប្រជាមានិតចិន។

យន្តហោះនេះត្រូវបានប្លន់ដោយមន្ត្រីសន្តិសុខចិនម្នាក់ ដោយគម្រាមអ្នកបើកយន្តហោះអោយហោះហើរ ទៅកាន់កោះតៃវ៉ាន់ ប៉ុន្តែដោយសារការបង្ក្រាបចោរប្លន់ម្នាក់នេះ បានសម្រេច មិនមាននរណាម្នាក់រងគ្រោះឡើយ។


សោកនាដកម្ម យន្តហោះជើងហោះហើរ ៦៥៣ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ឆ្នាំ ១៩៧៧

ជើងហោះហើរ ៦៥៣ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ហោះហើរក្នុងគោលបំណងពីកោះ Penang ទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៩៨៨។ ប៉ុន្តែនៅពេលយន្តហោះ ហោះដល់ទីក្រុង Batu Arang យន្តហោះត្រូវបានប្លន់ដោយបុរសម្នាក់ និយាយភាសាជប៉ុន។

ចុងក្រោយ យន្តហោះបានធ្លាក់នៅភូមិ Tanjung Kupang រដ្ឋ Johor ប្រទេសម៉ាឡេស៊ី ដោយអ្នកដំណើរ ៩៣ នាក់ និងបុគ្គលិកយន្តហោះ ៧ នាក់ត្រូវស្លាប់ភ្លាមៗ។

ចំណែកឯមូលហេតុ និងព័ត៌មានលម្អិតនៃការប្លន់នេះ នៅមិនទាន់ដោះស្រាយបាននៅឡើយទេ។


ការប្លន់យន្តហោះជើងហោះហើរ ១៨១ នៃក្រុមហ៊ុនអាកាសចរណ៍ Lufthansa ឆ្នាំ ១៩៧៧

ជើងហោះហើរ ១៨១ នៃក្រុមហ៊ុនអាកាសចរណ៍ Lufthansa ហោះហើរទៅកាន់អាឡឺម៉ង់ ត្រូវបានប្លន់ នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ១៩៧៧ ដោយយោធាបួនរូប ដែលហៅខ្លួនឯងថា កងកម្មុងដូ។

គោលបំណងនៃការប្លន់នេះ គឺដើម្បីគម្រាមដោះលែងមេដឹកនាំ ចលនាបះបោរយោធាក្រហម ជាច្រើននាក់។ យន្តហោះចុះចតបានសម្រេច នៅទីក្រុង Mogadishu  ប្រទេសសុម៉ាលី បន្ទាប់ពីហោះហើរអស់ជាច្រើនថ្ងៃ។

ភ្លាមនោះក្រុមប្រឆាំងភាវរកម្ម នៃអាឡឺម៉ង់ខាងលិច GSG 9 បានបើកយុទ្ធនាការ សង្គ្រោះអ្នកដំណើរទាំង ៨៦ នាក់បានសម្រេច ដោយសម្លាប់ភេវរករ ៣ នាក់ និងរបួសម្នាក់។


ប្រតិបត្តិការ នៅព្រលានយន្តហោះ Entebbe ប្រទេស Uganda ឆ្នាំ ១៩៧៦

នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៧៦ យន្តហោះមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ បារាំង ដែលមានអ្នកដំណើរ ២៤៨ នាក់ត្រូវបានប្លន់ ដោយពួកប៉ាឡេស្ទីន និងក្រុមតូចៗនៃអ្នកបដិវត្តន៍ អាឡឺម៉ង់។

ពួកភេវរករទាំងនេះ បានដោះលែងអ្នកដំណើរ ដែលមិនមែនជនជាតិ Jewish នៅប្រទេសលីប៊ី ហើយក៏ហោះហើរទៅកាន់ ព្រលានយន្តហោះ Entebbe ប្រទេស Uganda។

នាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ១៩៧៦ កងកម្មុងដូនៃកងកម្លាំងការពារជាតិ អ៊ីស្រាអែល បានទទួលបញ្ជាប្រឆាំងភេវរករ និងរំដោះអ្នកដំណើរ ដោយកងកម្មុងដូម្នាក់ ចំណាប់ខ្មាំងបីនាក់ និងភេវរករ ៧ នាក់ត្រូវបាត់បង់ជីវិត។


ការប្លន់យន្តហោះ Boeing 727 របស់ក្រុមហ៊ុនអាកាសចរណ៍ Northwest ឆ្នាំ ១៩៧១

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៩៧១ យន្តហោះ Boeing 727 របស់ក្រុមហ៊ុនអាកាសចរណ៍ Northwest ដែលហោះទៅកាន់រដ្ឋ វ៉ាស៊ីតោន ត្រូវបានប្លន់ដោយបុរស ដែលប្រើប្រាស់ឈ្មោះក្លែងក្លាយ Dan Cooper។ គាត់បានជម្រិតបានប្រាក់ ២ សែនដុល្លារ ហើយក៏បានលោតឆ័ត្រយោង ទៅកាន់ទីតាំងមិនស្គាល់មួយ។

អ្នកស៊ើបអង្កេត FBI បានស៊ើបអង្កេតជនសង្ស័យជិត ១ ពាន់នាក់ ប៉ុន្តែមិនបានកំណត់អត្តសញ្ញាណ និងទីតាំងបានទេ ដោយពួកគេបានជឿជាក់ថា Cooper ប្រហែលមិនរស់ទេ ក្នុងការហក់ពីលើយន្តហោះ ដ៏គ្រោះថ្នាក់នេះ។

ករណីនេះ នៅតែជាអាថ៌កំបាំងមួយ ក្នុងប្រវត្តិសាស្ត្រហោះហើរ របស់សហរដ្ឋអាមេរិក។


ការប្លន់យន្តហោះពីសំណាក់ ពួកប្រឆាំងកុម្មុយនីស្តយោធាក្រហម ជប៉ុន ឆ្នាំ ១៩៧០

នៅថ្ងៃទី ៣១ ខែ មិនា ឆ្នាំ១៩៧០ ជើងហោះហើរ 351 របស់ក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន ដែលហោះហើរពី ទីក្រុង Tokyo ទៅកាន់ Fukuoka ត្រូវបានប្លន់ដោយ ពួកប្រឆាំងកុម្មុយនីស្តយោធាក្រហម ជប៉ុន។

អ្នកដំណើរទាំង ១២២ នាក់ និងបុគ្គលិកយន្តហោះ ៧ នាក់ ត្រូវបានដោះលែងនៅព្រលានយន្តហោះ Fukuoka និងព្រលានយន្តហោះ Kimpo នៅស៊ូល។

ក្រោយមកយន្តហោះត្រូវហោះបន្តទៅដល់ ព្រលានយន្តហោះ Mirim ទីក្រុង Pyongyang ប្រទេសកូរ៉េខាងជើង ដោយចោរប្លន់យន្តហោះត្រូវបានការពារ និងឡោមព័ទ្ធដោយអាជ្ញាធរ កូរ៉េខាងជើង ព្រមទាំងទទួលបានសិទ្ធជ្រកកោន ទាំងអស់គ្នាទៀតផង។


តើប្រិយមិត្តយល់ថា មួយណាគួរអោយខ្លាចជាងគេ?

ប្រភព៖ ស្រាវជ្រាវ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]