រង់ចាំមួយណា? ក្រុមហ៊ុន Apple, Google និង Samsung នឹងធ្វើការប្រកាសបង្ហាញផលិតផលរបស់ខ្លួន បន្តគ្នានៅក្នុងសប្ដាហ៍នេះ

//s9.kh1.co/2c/2cd2e8996576bb198a2cc2a9b1d1029b3faf1c64.jpg
បច្ចេកវិទ្យា

 ១៨-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន Apple, Google, និង Samsung បានបញ្ជាក់ថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍បើកដំណើរការនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

បរទេស៖ នៅក្នុងសប្ដាហ៍នេះ នឹងក្លាយជាការរីករាយយ៉ាងខ្លាំង សម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យា។ ក្រុមហ៊ុន Apple, Google, និង Samsung បានបញ្ជាក់ថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍បើកដំណើរការនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយយើងរំពឹងថា នឹងបានឃើញផលិតផលថ្មីដ៏អស្ចារ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Apple

ខណៈពេលដែលក្រុមហ៊ុនមិនបានបញ្ជាក់ថា តើផលិតផលអ្វីខ្លះនឹងត្រូវបានប្រកាសនៅក្នុងព្រឹត្តិការណ៍ ការលេចធ្លាយនិងពាក្យចចាមអារ៉ាមបានបង្ហាញថា គេនឹងបញ្ចេញកុំព្យូទ័រ M1X MacBook Pro និង Mac Mini ដែលបានរចនាឡើងវិញ។ ក្រុមហ៊ុន Apple ក៏អាចប្រកាសកាលបរិច្ឆេទបញ្ចេញជាសាធារណៈ នូវប្រព័ន្ធប្រតិបត្តិការ macOS 12 Monterey នៅក្នុងព្រឹត្តិការណ៍នេះ និងបង្ហាញកាស AirPods ជំនាន់ទីបីផងដែរ។ ការផ្សាយផ្ទាល់នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា (ត្រូវនឹងថ្ងៃទី១៩ ខែតុលា វេលាម៉ោង១២កណ្ដាលអធ្រាត្រ នៅកម្ពុជា)។

ព្រឹត្តិការណ៍របស់ Apple
ព្រឹត្តិការណ៍របស់ Apple

ក្រុមហ៊ុន Google

ក្រុមហ៊ុននឹងធ្វើការប្រកាសផលិតផលថ្មីរបស់ខ្លួន នៅថ្ងៃទី១៩ ខែតុលា (ត្រូវនឹងថ្ងៃទី២០ ខែតុលា វេលាម៉ោង១២កណ្ដាលអធ្រាត្រ នៅកម្ពុជា)។ Google បានបញ្ជាក់រួចមកហើយថា នឹងធ្វើការប្រកាសបង្ហាញជាផ្លូវការ នូវទូរសព្ទ Pixel 6 និង Pixel 6 Pro។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននឹងធ្វើការប្រកាសផលិតផល Pixel Stand ជំនាន់ទី២ និង Pixel Pass ផងដែរ។

ព្រឹត្តិការណ៍របស់​ Google
ព្រឹត្តិការណ៍របស់​ Google

ក្រុមហ៊ុន Samsung

ចុងក្រោយគេ Samsung នឹងរៀបចំព្រឹត្តិការណ៍បង្ហាញ Galaxy Unpacked Part 2។ នៅក្នុង teaser របស់ព្រឹត្តិការណ៍ គេអាចនឹងបង្ហាញការអាប់ដេត One UI ដ៏សំខាន់ចុងក្រោយ គឺ One UI 4 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 12។ គេមិនច្បាស់ថា តើ Samsung នឹងបង្ហាញផលិតផលអ្វីនៅក្នុងព្រឹត្តិការណ៍មួយនេះទេ។ ដូចនេះមានតែរង់ចាំមើលទាំងអស់គ្នា នៅថ្ងៃទី២០ ខែតុលា (វេលាម៉ោង៩យប់ នៅកម្ពុជា)៕

ព្រឹត្តិការណ៍របស់ Samsung
ព្រឹត្តិការណ៍របស់ Samsung

ប្រភព: XDA Developers

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T