កាលណាយប់ឡើងគេងមិនលក់ញយពេក ពិសេសមនុស្សចាស់ ដឹងតែរត់ទៅរកថ្នាំជំនួយហើយ។ ចុះបើយើងគេងមិនលក់សឹងតែរាល់ថ្ងៃ តើអាចលេបថ្នាំងងុយគេងរាល់ថ្ងៃបានទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ ឲ្យដឹងថា បញ្ហាគេងមិនលក់ញឹកញាប់ គឺជាបញ្ហាគួរឲ្យព្រួយបារម្ភ ពីព្រោះវាអាចវិវត្តទៅជាជំងឺគេងមិនលក់រ៉ាំរ៉ៃ ដែលអាចប៉ះពាល់ខួរក្បាល និងដំណើរការនៃសុខភាពទូទៅ។ បើមានបញ្ហាគេងមិនលក់ល្មមៗ លោកវេជ្ជបណ្ឌិតថា មិនចាំបាច់ត្រូវប្រើថ្នាំជួយឲ្យគេងលក់ទេ ពីព្រោះការប្រើថ្នាំជួយឲ្យងងុយគេងភាគច្រើនប្រើតែក្នុងករណីមានជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ ទើបត្រូវប្រើរាល់ថ្ងៃ និងត្រូវប្រើតាមវេជ្ជបញ្ជាត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិតបន្តថា គ្រប់ថ្នាំទាំងអស់ សុទ្ធតែមានផលប៉ះពាល់តិច ឬច្រើន ទៅតាមកម្រិតនៃការប្រើប្រាស់វា។ កាលណាប្រើថ្នាំផ្ដេសផ្ដាសដោយមិនពិគ្រោះជាមួយពេទ្យ អាចបណ្ដាលឲ្យមានបញ្ហាសុខភាពនៅពេលប្រើយូរៗទៅ ដែលយើងមិនអាចដឹងមុនបាន។
ប្រសិនជួបបញ្ហាគេងមិនលក់នេះញឹកញាប់ ជំនួសដោយការប្រើថ្នាំ យើងអាចប្រើវិធីសាស្ត្រធម្មជាតិផ្សេងៗ ដើម្បីជួយសម្រួលបញ្ហានេះដូចជា៖
– ហាត់ប្រាណ
– ដំណើរកម្សាន្ត
– កាត់បន្ថយស្ត្រេស
– បន្ធូរអារម្មណ៍
– ព្យាយាមចូលគេងឲ្យបានលឿន
– ញ៉ាំអាហារសម្បូរជីជាតិ
– មិនប៉ះពាល់ទូរស័ព្ទមុនពេលចូលគេង
– ព្យាយាមសម្រាកកាយ សម្រាកចិត្ត ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet