ទើបដឹងការពិតថា បាតុភូតថ្ងៃនិងយប់ស្មើគ្នា មិនបានកើតឡើងចំព្រឹត្តិការណ៍សមរាត្រីនោះទេ

//s9.kh1.co/51/51a7920f1309f8073c250f7c9eb5197effc50285.jpg
យល់ដឹង

 ២៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជាក់ស្ដែង នៅថ្ងៃសមរាត្រី រយៈពេលថ្ងៃនិងយប់អាចនឹងលំអៀង ពោលគឺវាមិនអាចមានរយៈពេល១២ម៉ោងស្មើគ្នានោះទេ។

យល់ដឹង៖ យើងដឹងហើយថា ក្នុងមួយថ្ងៃមានរយៈពេល២៤ម៉ោង តែមនុស្សមួយចំនួនជឿថា នៅព្រឹត្តិការណ៍សមរាត្រី (Equinox) នឹងមានរយៈពេលថ្ងៃនិងយប់ស្មើគ្នា ដោយពេលថ្ងៃមានរយៈពេល១២​ម៉ោង និងពេលយប់មានរយៈពេល១២ម៉ោងដូចគ្នា។ ជាក់ស្ដែង នៅថ្ងៃសមរាត្រី រយៈពេលថ្ងៃនិងយប់អាចនឹងលំអៀង ពោលគឺវាមិនអាចមានរយៈពេល១២ម៉ោងស្មើគ្នានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមគេហទំព័រ Time and Date នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២:២០រំលងអធ្រាត្រ គឺជាពេលដែលពន្លឺព្រះអាទិត្យជះកាត់តំបន់ខ្សែអេក្វាទ័ររបស់ផែនដី ឬតំបន់អេក្វាទ័រគឺជាចំណុចនៅលើផែនដីដែលបែរងាកជិតជាងគេទៅកាន់ព្រះអាទិត្យ នោះគេហៅថាសមរាត្រី។ សមរាត្រីគឺជាព្រឹត្តិការណ៍មួយដែលគេប្រារព្ធរួមគ្នា នៅជុំវិញពិភពលោក ប៉ុន្តែរយៈពេលថ្ងៃនិងយប់ក្នុងព្រឹត្តិការណ៍នេះ គឺស្ទើរតែស្មើគ្នាប៉ុណ្ណោះ។ បើយោងតាមគេហទំព័រ Time and Date ដដែល នៅថ្ងៃទី២៣ ខែកញ្ញានេះ ពេលថ្ងៃនៅកម្ពុជាមានរយៈពេល ១២ម៉ោង៦នាទី ពោលគឺលើសពេលយប់៦នាទី។

កាំរស្មីព្រះអាទិត្យប៉ះកែងចំណុចតំបន់ខ្សែអេក្វាទ័រ
កាំរស្មីព្រះអាទិត្យប៉ះកែងចំណុចតំបន់ខ្សែអេក្វាទ័រ

យ៉ាងណាមិញ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ពិតជាកើតមាននៅលើផែនដី តែស្ថិតនៅពេលវេលាផ្សេងគ្នាៗទៅតាមតំបន់នៅលើផែនដី ដែលគេហៅថា សមថ្ងៃ (Equilux)។ ព្រឹត្តិការណ៍សមថ្ងៃ កើតឡើងនៅមុនព្រឹត្តិការណ៍សមរាត្រី ក្នុងខែមីនា និងកើតក្រោយព្រឹត្តិការណ៍សមរាត្រី ក្នុងខែកញ្ញា។ នៅកម្ពុជា ព្រឹត្តិការណ៍សមថ្ងៃកើតមាន នៅប្រហែល១០ថ្ងៃមុននិងក្រោយព្រឹត្តិការណ៍សមរាត្រី។ ក្នុងខែមីនា រយៈពេលថ្ងៃនិងយប់ស្មើគ្នាកើតឡើងនៅកម្ពុជា ប្រហែលថ្ងៃទី១០និង១១ ចំណែកក្នុងខែកញ្ញា វាកើតឡើងក្រោយព្រឹត្តិការណ៍សមរាត្រី ដោយនឹងកើតឡើងប្រហែលថ្ងៃទី២ឬ៣ ខែតុលា។

អ្វីដែលមិនអាចបំភ្លេចបាននោះ ព្រឹត្តិការណ៍សមរាត្រីគឺជាសញ្ញាបង្ហាញប្រាប់ថា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត តែមិនមែនមានន័យថា នៅថ្ងៃនេះថ្ងៃនិងយប់មានរយៈពេលស្មើគ្នានោះទេ៕

ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នៅថ្ងៃសមរាត្រី
ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នៅថ្ងៃសមរាត្រី

ប្រភព: Time and Date

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T