បរទេស៖ សម្រាប់ការប្រកួតបើកឆាក ក្របខណ្ឌ Champions League ពូល F ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វីជើង ក្រុមម្ចាស់ផ្ទះ Young Boys ដោយលទ្ធផល២ទល់នឹង១ ក្រោមក្រសែភ្នែកអ្នកគាំទ្រ ប្រមាណ៣ម៉ឺននាក់នៅឯកីឡដ្ឋាន Stade de Suisse Wankdorf ប្រទេសស្វ៊ីស។

ជាការពិតណាស់ សម្រាប់ការប្រកួតកាលពីយប់មិញ នៅដើមតង់ក្រុមលោក Ole Gunnar Solskjaer ហាក់ធ្វើបានល្អ ជាក់ស្ដែង ម្ចាស់អាវលេខ៧ Cristiano Ronaldo បានស៊ុតបើកឆាកឲ្យ Man UTD នាំមុខមុនតាំងពីនាទីទី១៣ ក្រោមការបញ្ជូន ពីសំណាក់មិត្តរួមសញ្ជាតិ Bruno Fernandes ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ អ្វីៗក៏ចាប់ផ្ដើមប្រែប្រួល ពេលដែល Man UTD សល់សមាជិកត្រឹម១០នាក់ ដោយសារ ខ្សែការពារ Aaron Wan-Bissaka ត្រូវអជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញពីទីលាន ក្រោយកីឡាកររូបនេះ បង្កកំហុសបើកបាត ជាន់ជើងគូប្រកួតស្រស់ៗនៅនាទីទី៣៥។ 

ដោយសារ Man UTD បាត់បង់សមាជិកម្នាក់ ធ្វើឲ្យក្រុម Young Boys ហាក់មានប្រៀបជាងមុន ជាលទ្ធផលពួកគេបានបំបែកពងមាន់ តាមស្មើនៅនាទី៦៦។ ខណៈនៅចុងម៉ោង ប៊ិះនឹងបញ្ចប់ការប្រកួតទៅហើយ ពោលគឺនៅនាទី៩០+៥ ក្រុមម្ចាស់ផ្ទះ មានឱកាសបន្ថែម១គ្រាប់ទៀត ដែលជាការហុចដង ពីសំណាក់ខ្សែបម្រើដែលប្ដូរចូលជំនួស Ronaldo កីឡាករ Jesse Lingard ដោយលទ្ធផលនេះ ធ្វើឲ្យ Man UTD បាត់បង់៣ពិន្ទុ។

គួរបញ្ជាក់ដែរថា សម្រាប់ការបង្ហាញខ្លួនកាលពីយប់មិញ បានធ្វើឲ្យ Ronaldo រក្សាកំណត់ត្រាបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ Champions League បានច្រើនជាងគេពោលគឺ១៧៧ដង៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ Highlight ខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]