អាហារសម្រន់ ៦ មុខ មិនធ្វើឱ្យយើងឡើងគីឡូ តែជួយឱ្យស្រកគីឡូវិញ!

//s9.kh1.co/96/966c652b0e46d6512c60bdb424d21ab057f8a926.jpg
យល់ដឹង

 ១០-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ការញុំាអាហារសម្រន់ផ្តេសផ្តាសអាចឱ្យយើងឡើងគីឡូ និងប៉ះពាល់ដល់សុខភាព។ អាហារសម្រន់​ល្អមានផ្ទុកប្រូតេអ៊ីន វីតាមីន

ការញុំាអាហារសម្រន់ផ្តេសផ្តាសអាចឱ្យយើងឡើងគីឡូ និងប៉ះពាល់ដល់សុខភាព។ អាហារសម្រន់​ល្អមានផ្ទុកប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ខ្លាញ់ល្អ និងជាតិសរសៃដែលជួយឱ្យយើងឆ្អែតបានយូរ និង​ល្អចំពោះសុខភាព។ ខាងក្រោមនេះជាអាហារសម្រន់ ៦ មុខដែលមិន​ធ្វើឱ្យយើង​ឡើងគីឡូ​តែ​ជួយ​ឱ្យស្រកគីឡូវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ទំពាំងបាយជូរក្រៀម៖ ទំពាំងបាយជូរក្រៀមមានផ្ទុកជាតិស្ករធម្មជាតិដែលអាចជួយយើងក្នុងការបំពេញចំណង់ញុំារបស់ផ្អែម។ វាផ្ទុកទៅដោយជាតិ​ដែក ជាតិសរសៃ ម៉ាញេស្យូម ស័ង្កសី ប៉ូតាស្យូម សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​។ល។ ទំពាំងបាយជូរក្រៀមធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហាររបស់យើងល្អ និង​ទប់ស្កាត់​ការ​ឃ្លាន​ញឹកញាប់។

២. ផ្លែលម៉ើក្រៀម៖ ផ្លែលម៉ើក្រៀមសម្បូរប្រូតេអ៊ីន ជាតិដែក និងអាស៊ីដខ្លាញ់​មិនឆ្អែត​ដែលជួយកាត់បន្ថយជាតិខ្លាញ់​លើស​ក្នុងខ្លួនយើងបាន។ វាក៏មានផ្ទុកជាតិសរសៃដែលអាចបង្កើនល្បឿនរំលាយអាហារដែរ។

៣.គ្រាប់ស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទីមានផ្ទុកម៉ាញ៉េស្យូមដែលជួយរាងកាយគ្រប់គ្រងជាតិខ្លាញ់ និងរំលាយកាបូអ៊ីដ្រាត។ គ្រាប់ស្វាយចន្ទីគឺជាជម្រើសដ៏ល្អក្នុងការសម្រកទម្ងន់ ព្រោះវាមានប្រូតេអ៊ីន និងជាតិសរសៃខ្ពស់​ដែល​ធ្វើ​ឱ្យយើងឆ្អែតបានយូរ។ វាក៏ផ្ទុកជាតិដែក ​និងវីតាមីន B6 ដែរ។

៤. គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនជាអាហារសម្រន់ដែលមានកាឡូរីទាប។ គ្រាប់អាល់ម៉ុន១០០ ក្រាមមានកាឡូរី ៥៧៦។ គ្រាប់អាល់ម៉ុនមានផ្ទុកប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។ វីតាមីន E នៅក្នុងគ្រាប់អាល់ម៉ុន​ជួយ​ចិញ្ចឹម​រាងកាយយើង ឯខ្លាញ់មិនឆ្អែតជួយធ្វើឱ្យយើងស្រកទម្ងន់ព្រោះវាកាត់​បន្ថយកូលេស្តេរ៉ុល ឬខ្លាញ់អាក្រក់ (LDL)។

៥. គ្រាប់រីករាយ៖ គ្រាប់រីករាយមានផ្ទុកប្រូតេអ៊ីន វីតាមីន ខ្លាញ់ល្អ ជាតិសរសៃ ជាតិដែក ម៉ាញ៉េស្យូម។ ល។ គ្រាប់​រីក​រាយ​ជួយបង្កើនការរំលាយអាហារ និងធ្វើឱ្យក្រពះពោះវៀនមានសុខភាពល្អ។

៦. គ្រាប់វ៉ុលណាត់៖ គ្រាប់វ៉ុលណាត់សម្បូរទៅដោយវីតាមីន E ហើយត្រូវបានគេចាត់​ទុកថាជាអាហារ​ដ៏ល្អសម្រាប់​ខួរ​ក្បាល និងជួយសម្រកទម្ងន់។ ដោយ​សារវាមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា ៣ (ខ្លាញ់មិនឆ្អែត) ខ្ពស់​ដែល​ជួយកាត់បន្ថយ/ការពារការធាត់ និងការរលាក។ លើសពីនេះ​ទៅទៀតវា​ជួយគ្រប់គ្រង​​ចំណង់​អាហារដែលអាចការពារការឃ្លានញឹកញាប់។

អាហារសម្រន់ ៦ មុខនេះមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងផ្តល់​ប្រយោជន៍​ជាច្រើន​ដល់សុខភាព​ទៀត​ផង ប៉ុន្តែយើងមិនត្រូវញុំាច្រើនលើសកម្រិតទេ។ កម្រិតញុំាក្នុង ១ ថ្ងៃគឺ ៣០​ ក្រាមស្មើនឹង ៣ ស្លាប​ព្រា​បាយ។ ចៀសវាងគ្រាប់ផ្លែឈើដែលមានបន្ថែមអំបិល ឬស្រោបសុកូឡា។ យើងអាច​ញុំា​អាហារ​សម្រន់​ទាំងនេះមុន ឬក្រោយបាយថ្ងៃត្រង់ដើម្បីទ្រាប់ពោះ ចៀសវាង​ការឃ្លាន​ជ្រុល​ដែលធ្វើឱ្យ​យើង​ញុំាអាហារថ្ងៃត្រង់ច្រើនលើសកម្រិត។ ចៀសវាង​ញុំា​គ្រាប់ស្វាយចន្ទី​ពេលយប់ព្រោះ​វាពិបាករំលាយ​ដែលអាចរំខានដល់ការគេង​របស់យើង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T