ប្រភេទ​នៃ​ការ​ក្អក អាច​ឲ្យ​យើង​ដឹង​ពី​ស្ថានភាព​ជំងឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងខ្លួន!

//s9.kh1.co/ed/ede275bb45208c90b540aa99f9a63b46b29bb4d3.jpg
យល់ដឹង

 ១០-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បញ្ហា​សុខភាព​ជា​ច្រើន​អាច​បណ្ដាល​ឲ្យ​យើង​ក្អក​ ហើយ​ប្រភេទ​នៃ​ការ​ក្អក​ និង​រយៈពេល​​គឺ​អាស្រ័យ​ទៅ​លើ​មូលហេតុ​នៃ​ជំងឺ​។

បញ្ហា​សុខភាព​ជា​ច្រើន​អាច​បណ្ដាល​ឲ្យ​យើង​ក្អក​ ហើយ​ប្រភេទ​នៃ​ការ​ក្អក​ និង​រយៈពេល​​គឺ​អាស្រ័យ​ទៅ​លើ​មូលហេតុ​នៃ​ជំងឺ​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ស្គាល់​ពី​រោគសញ្ញា​សំខាន់​ៗ​មួយ​ចំនួន ពីព្រោះ​ការ​ក្អក​មួយ​ចំនួន​​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ខណៈ​ដែល​ប្រភេទ​នៃ​ការ​ក្អក​ផ្សេង​ទៀត ត្រូវការ​ការ​ព្យាបាល​​ត្រឹម​ត្រូវ​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ក្អក​ស្លេស្ម

អាការៈ​ក្អក​ស្លេស្ម​​ អាច​បណ្ដាល​មក​ពី​​ជំងឺ​រលាក​ទង​សួត ដោយ​សារ​តែ​ផ្លូវ​ដង្ហើម​មាន​សភាព​ហើម​ និង​បង្កើត​ជា​ស្លេស្ម។ ជាក់​ស្ដែង​ ជំងឺ​មួយ​ប្រភេទ​នេះ​បង្ក​ឡើង​ដោយ​វីរុស និង​ធ្វើការ​វិវត្ត​ក្រោយ​ពេល​ដែល​យើង​មាន​ជំងឺ​គ្រុន​ផ្ដាសាយ ដែល​ហៅថា​ជំងឺ​រលាក​ទង​សួត​ស្រួចស្រាល់។ យ៉ាង​ណា​មិញ យើង​អាច​នឹង​មិន​​មាន​ក្អក​ស្លេស្ម​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​​នៃ​ការ​ឆ្លង​មេរោគ​រលាក​ទង​សួត​ឡើយ​។

២. ក្អក​ស្លេស្ម​​រ៉ាំរ៉ៃ​

ប្រសិនបើ​យើង​ក្អក​ស្លេស្ម​រយៈពេល​ច្រើន​ថ្ងៃ​នៅ​ក្នុង​មួយ​ខែ​ និង​យ៉ាង​ហោច​ណាស់​រយៈពេល​៣​ខែ​ក្នុង​មួយ​ឆ្នាំ យើង​អាច​នឹង​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ។ វា​អាច​ជា​ផ្នែក​មួយ​នៃ​ជំងឺ​ស្ទះ​​ផ្លូវ​ដង្ហើម​​។ ការ​ជក់​បារី​អាច​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​​រលាក​ទង​សួត​រ៉ាំរ៉ៃ​។

៣. ក្អក​ស្លេស្ម​ និង​គ្រុន​ក្ដៅ​

​​​​​ជាមួយ​គ្នា​នេះ​ដែរ ការ​ក្អក​ស្លេស្ម​ក៏​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​​ផង​ដែរ​។ រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​ដទៃ​ទៀត​មាន​ដូចជា​គ្រុន​ក្ដៅ គ្រុន​រងា និង​ដកដង្ហើម​ខ្លី​ៗ​។ ស្លេស្ម​អាច​មាន​ពណ៌​បៃតង លឿង​ ឬ​មាន​ឈាម​។ ប្រសិនបើ​យើង​សង្ស័យ​ថា​កើត​ជំងឺ​រលាក​សួត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

៤. ក្អក​បណ្ដាល​មក​ពី​ជក់​បារី

អាការៈ​ក្អក​ដែល​ពាក់ព័ន្ធ​នឹង​ស្លេស្ម​ច្រើន​ អាច​ជា​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ស្ទះ​​ផ្លូវ​ដង្ហើម​​រ៉ាំរ៉ៃ។ នៅ​ក្នុង​ករណី​នេះ យើង​អាច​មាន​បញ្ហា​ក្នុង​ការ​ដកដង្ហើម​ ដោយ​សារ​តែ​​ផ្លូវ​ដង្ហើម​ស្ទះ​។ រោគ​សញ្ញា​ដទៃ​ទៀត​ រួម​មាន​តឹង​ទ្រូង កណ្ដាស់​ និង​ដកដង្ហើម​ខ្លី​ៗ។

៥. ក្អក​ និង​ជូរ​មាត់​

ប្រសិនបើ​យើង​ក្អក​ ព្រម​ទាំង​មាន​អារម្មណ៍​ថា​​មាន​រសជាតិ​ជូរ​ក្នុង​មាត់​​ ដែល​មាន​រយៈពេល​ពីរ​ ឬ​ច្រើន​ខែ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ។ ជំងឺ​ច្រាល​ទឹក​ក្រពះ​កើត​ឡើង​នៅ​ពេល​ដែល​​បរិមាណ​ទឹក​ក្រពះ ហូរ​ត្រលប់​​ចូល​ក្នុង​បំពង់​ក​របស់​យើង​។

៦. ក្អក​ស្ងួត​

ចំពោះ​អាការៈ​ក្អក​ស្ងួត​ដែល​មិន​បាត់​ទៅ​វិញ អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​ ជា​ពិសេស​ប្រសិនបើ​យើង​ក្អក​ច្រើន​នៅ​ពេល​យប់​។ មនុស្ស​ភាគច្រើន​ដែល​មាន​ជំងឺ​ហឺត​​ក៏​ជួប​អាការៈ​តឹង​ទ្រូង កណ្តាស់​ និង​ដកដង្ហើម​ខ្លី​ៗ​។

៧. ក្អក​មាន​ឈាម​

ប្រសិនបើ​យើង​ក្អក​មាន​ឈាម​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ឈាម​អាច​​ចេញ​ពី​សួត ឬ​ផ្លូវ​ដង្ហើម​ ហើយ​​វា​អាច​មាន​ពពុះ ពីព្រោះ​វា​លាយ​បញ្ចូល​ជាមួយ​ខ្យល់​ពី​សួត​។ អាការៈ​ក្អក​ឈាម​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ ដូចជា​ការ​ឆ្លង​មេរោគ ការ​រលាក​រ៉ាំរ៉ៃ ឬ​ដុំ​សាច់​ជាដើម​។

៨. ក្អក​ និង​មាន​រោគសញ្ញា​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ​

ការ​ក្អក​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ផ្ដាសាយ ជា​ពិសេស​នៅ​ពេល​ដែល​វា​​អម​ដោយ​អាការៈ​តឹង​ច្រមុះ ឈឺ​ខ្លួន​ប្រាណ ឬ​ឈឺ​បំពង់​ក​។ ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​ថ្នាំ​បំបាត់​ជំងឺ​គ្រុន​ផ្ដាសាយ​ អាច​ជួយ​ឲ្យ​​អាការៈ​របស់​យើង​ប្រសើរ​ឡើង​វិញ។ ដោយ​ឡែក​ ការ​ក្អក​អាច​នឹង​ជា​សះស្បើយ​យូរ​ជាង​រោគ​សញ្ញា​ដទៃ​ទៀត​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T