ក្លិនពីរុក្ខជាតិទាំង ៤ នេះអាចកាត់បន្ថយភាពតានតឹងបាន!

//s9.kh1.co/70/704998a082315cb51cfb85c0c6a205b6e85dda0b.jpg
យល់ដឹង

 ០១-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពេល​មាន​ភាពតានតឹង រាងកាយយើងនឹងបញ្ចេញអ័រម៉ូនដែលធ្វើឱ្យបេះដូងយើងដើរលឿន ដកដង្ហើម​ញាប់​ និងធ្វើឱ្យសាច់ដុំឡើង​តឹង ។

ភាពតានតឹង (ស្ត្រេស) គឺជាការឆ្លើយតបរបស់រាងកាយទៅនឹងសម្ពាធផ្លូវចិត្ត ឬអារម្មណ៍។ ពេល​មាន​ភាពតានតឹង រាងកាយយើងនឹងបញ្ចេញអ័រម៉ូនដែលធ្វើឱ្យបេះដូងយើងដើរលឿន ដកដង្ហើម​ញាប់​ និងធ្វើឱ្យសាច់ដុំឡើង​តឹង ។ យូរៗទៅវាអាចបង្កឱ្យមានជំងឺដូចជា បេះដូង ធាត់ ឈឺក្បាល គេង​មិនលក់ ថប់អារម្មណ៍ បាក់ទឹកចិត្តជាដើម។ យើងអាចកាត់បន្ថយភាពតានតឹងតាមវីធីជាច្រើន ក្នុង​នោះការព្យាបាលដោយក្លិនក៏ជាជម្រើសមួយដ៏មានប្រសិទ្ធភាពដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសិក្សាបានឱ្យដឹងថាក្លិនពីរុក្ខជាតិងាយរកទាំង ៤ ខាងក្រោមនេះអាចកាត់បន្ថយភាពតានតឹងបាន៖

១. ផ្លែឈើអម្បូរក្រូច៖ ការស្រាវជ្រាវពីបណ្ណាល័យ​វេជ្ជសាស្ត្រជាតិអាមេរិកបានបង្ហាញ​ថាក្លិនពី​​សម្បក​ផ្លែឈើ​អម្បូរ​ក្រូចដូចជា ក្រូចឆ្មា ក្រូចឈ្វិច ក្រូច ឬក្រូចថ្លុង​ជាដើមអាចជួយកាត់​បន្ថយភាព​តានតឹង និង​រំងាប់​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ពេលយើងច្របាច់សម្បកផ្លែឈើអម្បូរក្រូចណាមួយ វា​នឹង​បញ្ចេញក្លិនក្រអូប ហើយ​ធ្វើឱ្យយើងមានអារម្មណ៍ល្អភ្លាមៗ។

២. ជីរអង្កាម៖ យោងតាមវិទ្យាស្ថាន Sense of Smell ក្លិន​ប្រហើរ​របស់ជីរអង្កាម​​អាចជួយ​បង្កើន​ការ​ចង​ចាំ ជំរុញទឹកចិត្ត សម្រួលដល់ការដកដង្ហើម កាត់បន្ថយអារម្មណ៍សោកសៅ និងភាពតាន​តឹង​ផ្លូវ​ចិត្ត។

៣. ផ្កាម្លិះ៖ ក្លិនក្រអូបរបស់ផ្កាម្លិះធ្វើឱ្យអារម្មណ៍របស់យើងល្អ និងកាត់បន្ថយ​​ការថប់បារម្ភ ព្រមទាំង​ជួយ​ឱ្យយើងគេងលក់ស្រួល ។ ការហិតក្លិនផ្កាម្លិះបង្កើនឥទ្ធិពលរបស់សារធាតុ GABA ដែល​ជួយរា​រាំង​ ​ឬកាត់​​បន្ថយសកម្មភាព​របស់ណឺរ៉ូន ឬកោសិកាប្រសាទ នៅពេលមានអារម្មណ៍​រំជួល​ខ្លាំង។

៤. ផ្កាកូលាប៖ ផ្កាកូលាបមិនត្រឹមតែស្រស់ស្អាត និងមានភាពទាក់ទាញទេ ក្លិនដ៏ស្រាល​ស្រទន់​របស់​វាអាចឱ្យយើងមានអារម្មណ៍ល្អ បន្ធូរអារម្មណ៍ កាត់បន្ថយភាពតាន់តឹង និងការថប់បារម្ភបាន។

ដោយសារមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា បើយើងចូលចិត្តក្លិនរុក្ខជាតិមួយណា ឬក្លិនរុក្ខជាតិណាដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ ឬធូរស្បើយ យើងអាចជ្រើសរើស​ក្លិន​រុក្ខជាតិ​នោះ​​មកបន្ថយភាពតានតឹងរបស់យើងបាន។ ការហិតក្លិន​ក្រអូបពីរុក្ខជាតិ​មិនត្រឹមតែធ្វើឱ្យ​អារម្មណ៍​ល្អទេ ថែម​ទាំងគ្មានផលប៉ះពាល់ទៀតផង។ លើសពីនេះទៅទៀត​បើមានរុក្ខជាតិ​ទាំងដូចដែល​បាន​រៀបរាប់ខាងលើនៅក្នុងទីធ្លាផ្ទះ ពួកវានឹងបន្ថែមសោភ័ណភាពដល់ផ្ទះរបស់យើងមួយកម្រិតទៀត។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T