ផ្លែ​ព្រូន​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ ​គ្នា​យើង​មិន​គួរ​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/6d/6d80ad3ad2d6c279fba7b2bfea8048b692bb7f12.jpg
យល់ដឹង

 ២៥-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ផ្លែ​ព្រូ​ន​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​​ៗ​ ដែល​រាងកាយ​របស់​យើង​ត្រូវ​ការ​​ជា​ចាំបាច់​ ហើយ​ការ​ញ៉ាំ​ផ្លែ​ព្រូន​ត្រឹម​តែ​៦​គ្រាប់​​ក្នុង​មួយ​ថ្ងៃ​​ប៉ុណ្ណោះ

ផ្លែ​ព្រូ​ន​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​​ៗ​ ដែល​រាងកាយ​របស់​យើង​ត្រូវ​ការ​​ជា​ចាំបាច់​ ហើយ​ការ​ញ៉ាំ​ផ្លែ​ព្រូន​ត្រឹម​តែ​៦​គ្រាប់​​ក្នុង​មួយ​ថ្ងៃ​​ប៉ុណ្ណោះ​ ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ច្រើន​ ដែល​យើង​នឹក​ស្មាន​មិន​ដល់​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បញ្ចូល​ផ្លែ​ព្រូន​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ទ្រទ្រង់​មុខងារ​ជា​ច្រើន​ក្នុង​រាងកាយ​

ផ្លែ​ព្រូន​១០០​ក្រាម​ មាន​ប៉ូតាស្យូម​ចំនួន​៧៣២​មិល្លីក្រាម​ ដែល​មាន​គុណប្រយោជន៍​ជួយ​​ឲ្យ​រាងកាយ​របស់​យើង​ដំណើរការ​បាន​ត្រឹមត្រូវ​ ហើយ​វា​​ក៏​ជួយ​ការពារ​ជំងឺ​​ជា​ច្រើន​ផង​ដែរ​។ លើស​ពី​នេះ​ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ជួយ​​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ហើយ​វា​ក៏​ជួយ​ឲ្យ​ឆ្អឹង​​រឹងមាំ​ ជំនួយ​ដល់​ការ​លូតលាស់​សាច់ដុំ​ ព្រម​ទាំង​ពង្រឹង​មុខងារ​សរសៃ​ប្រសាទ​​បាន​ត្រឹមត្រូវ​។

២. ជំនួយ​គ្រាប់​ឈាម​

នៅ​ពេល​ដែល​យើង​មាន​ជាតិ​ដែក​មិន​គ្រប់គ្រាន់​នៅ​ក្នុង​រាងកាយ​ទេ​នោះ​ វា​អាច​បង្ក​ជា​ជំងឺ​ស្លេកស្លាំង​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ ដូចជា​បញ្ហា​អស់​កម្លាំង​​ខ្លាំង ជំងឺ​បេះដូង ឬ​សួត​ជាដើម​។ ជាក់​ស្ដែង​ ផ្លែ​ព្រូន​ក្រៀម​​ជា​​ប្រភព​នៃ​ជាតិ​ដែក​ដ៏​ល្អ ដែល​អាច​ជួយ​បញ្ចៀស​​បញ្ហា​ទាំង​នោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣. ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​

​ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ព្រូន​ក៏​សម្បូរទៅ​ដោយ​ជាតិ​សរសៃ​ ដែល​​អាច​ជួយ​ទ្រទ្រង់​​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​ប្រសើរ​។ បន្ថែម​ពី​នេះ វា​ក៏​មាន​ផ្ទុក​សារធាតុ​Sorbitol ជា​ថ្នាំ​បញ្ចុះ​បែប​ធម្មជាតិ​ ដែល​អាច​ជួយ​ដល់​ការ​បន្ទោបង់​​ជា​ទៀងទាត់​។ ប៉ុន្តែ​ យើង​មិន​គួរ​ញ៉ាំ​ផ្លែ​ព្រូន​ច្រើន​ជាង​៦​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ឡើយ​។

៤. ស្រក​ទម្ងន់

ដោយ​សារ​តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់​ វា​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ ​និង​អាច​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ​។

៥. ឆ្អឹង​រឹងមាំ​

ទន្ទឹម​នឹង​នេះ អ្នក​ដែល​មាន​ហានិភ័យ​​នៃ​ជំងឺ​ពុក​ឆ្អឹង​ ជា​ពិសេស​ស្ត្រី និង​មនុស្ស​ចាស់​ អាច​ប្រឈម​នឹង​ការបាត់បង់​ដង់ស៊ីតេ​រ៉ែ​ឆ្អឹង​។ យោង​តាម​​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ផ្លែ​ព្រូន​​​អាច​ជួយ​បញ្ចៀស​បញ្ហា​ពុក​ឆ្អឹង​ ដែល​កើត​លើ​ស្ត្រី​ក្រោយ​អស់​រដូវ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។

៦. កាត់បន្ថយ​សម្ពាធ​ឈាម​

​សម្ពាធ​ឈាម​ខ្ពស់​ អាច​បង្កើត​ហានិភ័យ​នៃ​ជំងឺ​បេះដូង តម្រង​នោម​ និង​បញ្ហា​សុខភាព​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ យើង​អាច​គ្រប់គ្រង​បញ្ហា​ទាំង​នេះ​បាន​ តាម​រយៈ​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ ​ដូចជា​ផ្លែ​ព្រូន​ក្រៀម​ ឬ​ផ្លែ​លម៉ើ​ជា​ដើម​។

៧. សម្បូរវីតាមីន​

ជាង​នេះ​​ទៅ​ទៀត​ ផ្លែ​ព្រូន​ក៏​អាច​ជួយ​ពង្រឹង​តុល្យភាព​វីតាមីន​​តាម​បែប​ធម្មជាតិ​ ដោយ​សារ​តែ​វា​ជា​ប្រភព​នៃ​វីតាមីន​A ដែល​​ជួយ​ការពារ​ភ្នែក និង​វីតាមីន​C, K និង​B6 ​ដែល​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​ ក៏​ដូចជា​សុខភាព​ទាំង​មូល​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T