អង់គ្លេស៖ ខ្សែបម្រើវ័យក្មេងរបស់ក្រុមតោខៀវ Chelsea កីឡាករ Conor Gallagher បានផ្លាស់ទៅចូលរួមជាមួយក្លិប Crystal Palace ជាផ្លូវការ ក្នុងកិច្ចសន្យាខ្ចីជើង រយៈពេល១រដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gallagher វ័យ២១ឆ្នាំ មានកិច្ចសន្យាជាមួយ Chelsea រហូតដល់ឆ្នាំ២០២៥ ឯណោះ ប៉ុន្តែ រូបគេ មិនទាន់បានជាប់ឈ្មោះ បង្ហាញខ្លួន ក្នុងក្រុមឈុតធំ សូម្បីម្ដង នៅឡើយទេ តួយ៉ាងគេបានចំណាយពេល២រដូវកាលមុន ខ្ចីជើងលេងនៅក្លិបផ្សេងៗយកបទពិសោធន៍។

ជាមួយគ្នានេះ កាលពីរដូវកាលមុន គេបង្ហាញខ្លួនបានញឹកញាប់ ដល់ទៅ៣២ប្រកួត ឲ្យក្រុម West Brom ដែលទើបត្រូវបានធ្លាក់ចេញពី Premier League ក្រោយបញ្ចប់រដូវកាល២០២០/២១ កន្លងទៅនេះ។

យ៉ាងណាមិញ ក្រោយសម្រេចមកចូលរួមជាមួយ Crystal កីឡាករសញ្ជាតិអង់គ្លេស Gallagher បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួន យ៉ាងដូច្នេះថា៖
ខ្ញុំពិតជាភ្ញាក់ផ្អើលដែលបានមកទីនេះ។ ខ្ញុំពិតជាមិនអាចទន្ទឹងរង់ចាំបានទេ ក្នុងការចាប់ផ្ដើម ហើយខ្ញុំពិតជារីករាយ ដែលទទួលបានកិច្ចព្រមព្រៀងនេះ។ ខ្ញុំបាននិយាយជាមួយអ្នកចាត់ការ ខ្ញុំចូលចិត្តអ្វីដែលគាត់បាននិយាយ និងរបៀបដែលគាត់ចង់លេង ក៏ដូចជារបៀបដែលគាត់ចង់ឲ្យខ្ញុំលេង និងក្រុមលេង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចរៀនសូត្រពីគាត់ និង កីឡាករដែលនៅជុំវិញខ្លួនខ្ញុំ៕

ប្រភព៖ bbc