អង់គ្លេស៖ លោក Rio Ferdinand បានណែនាំឲ្យក្លិបហង្សក្រហម Liverpool ទិញយកខ្សែបម្រើ Jack Grealish ពី ក្លិប Aston Villa ស្របពេលព័ត៌មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា Manchester City កាន់តែកៀកក្នុងការទិញយកប្រធានក្រុម Aston Villa រូបនេះហើយ។

Man City បានដាក់សំណើទឹកប្រាក់ខ្ទង់៧៥លានផោន(ស្មើនឹងប្រមាណ១០៤.៨លានដុល្លារ) ដើម្បីទិញយកគេប៉ុន្តែ Aston Villa ចង់បានច្រើនជាងនោះគឺដល់ទៅ១០០លានផោន(ស្មើនឹងប្រមាណ១៣៩.៧លានដុល្លារ)។

Ferdinand ឯណេះវិញពិតជាចង់ឃើញ Grealish លេងឲ្យ Manchester United ប៉ុន្តែលោកទទួលស្គាល់ថាបើគេមកមែនគឺពិបាកនឹងរកកន្លែងលេងណាស់ព្រោះមានខ្សែបម្រើនៅ Man United ច្រើននាក់ហើយទើបគិតថា Liverpool គួរតែទិញយកគេ។

លោកបានថ្លែងថា៖
ខ្ញុំចង់ឃើញគេលេងនៅ Manchester United ប៉ុន្តែខ្ញុំមានអារម្មណ៍ថាតំណែងដែលគេលេងគឺមានកីឡាករច្រើនណាស់ហើយ។ Jack Grealish គឺជាកីឡាករដ៏អស្ចារ្យម្នាក់ បើសិនខ្ញុំជាក្លិប Liverpool នោះខ្ញុំនឹងទិញយកគេហើយបើសិនខ្ញុំជា Man City គឺខ្ញុំនឹងទិញយកគេដែរ។ Chelsea ក៏អ៊ីចឹងដែរ គេនឹងធ្វើឲ្យក្រុមអស់ទាំងនោះលេងកាន់តែល្អជាងមុន។ បើសិន Liverpool ទិញយកគេ វានឹងក្លាយជារឿងមួយដ៏ភ្ញាក់ផ្អើល៕

ប្រភព៖ dailymail