អ្នកវិទ្យាសាស្ត្រទើបបង្ហាញ ការរកឃើញផ្កាយដុះកន្ទុយយក្សមួយ មិនធ្លាប់ជួបជាប្រវត្តិសាស្ត្រ

//s9.kh1.co/f7/f7ddf35ab6f8ccf6de652c1e0770ee157679aff1.jpg
បច្ចេកវិទ្យា

 ០២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្វីដែលធ្វើឲ្យវាអស្ចារ្យក្រៅពីទំហំគឺថា ផ្កាយដុះកន្ទុយ Bernardinelli-Bernstein នេះមិនបានចូលមកប្រព័ន្ធព្រះអាទិត្យផ្នែកខាងក្នុង អស់រយៈពេល៣០០លានឆ្នាំ។

បរទេស៖ ផ្កាយដុះកន្ទុយយក្សមួយដែលត្រូវបានរកឃើញនៅខាងចុងប្រព័ន្ធព្រះអាទិត្យ ប្រហែលមានទំហំធំជាងផ្កាយដុះកន្ទុយធម្មតា១,០០០ដង ដែលអាចធ្វើវាមានទំហំធំជាងគេ ដែលត្រូវបានគេរកឃើញក្នុងពេលបច្ចុប្បន្ន។ អង្គមួយនេះដែលត្រូវបានកំណត់ថាជាផ្កាយដុះកន្ទុយជាផ្លូវការ នៅថ្ងៃទី២៣ ខែមិថុនា មានឈ្មោះថា C/2014 UN271 ឬក៏ Bernardinelli-Bernstein ដែលយកលំនាំឈ្មោះតាមអ្នករកឃើញ គឺនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ University of Pennsylvania ឈ្មោះ Pedro Bernardinelli និងតារាវិទូលោក Gary Bernstein។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមតារាវិទូបានប៉ាន់ប្រមាណថា ផ្កាយដុះកន្ទុយនេះមានមុខកាត់ពី១០០គីឡូម៉ែត្រទៅ២០០គីឡូម៉ែត្រ ដែលធ្វើឲ្យវាវែងជាងផ្កាយដុះកន្ទុយធម្មតា១០ដង។ ការប៉ាន់ស្មាននេះមិនសូវប្រាកដប្រជា ក៏ព្រោះតែវាស្ថិតនៅឆ្ងាយពីផែនដីពេក ហើយទំហំរបស់វាត្រូវបានគណនា ដោយផ្អែកលើបរិមាណពន្លឺព្រះអាទិត្យជះចាំងត្រលប់ពីខ្លួនវា។ ផ្កាយដុះកន្ទុយនេះអាចនឹងធ្វើដំណើរមកជិតបំផុតពីភពរបស់យើង ក្នុងឆ្នាំ២០៣១ ប៉ុន្តែចម្ងាយមានគម្លាតឆ្ងាយពីគ្នា។

រូបតំណាង
រូបតំណាង

ការរកឃើញដំបូងស្ថិតនៅក្នុងទិន្នន័យឯកសាររូបភាពពីអង្គការ Dark Energy Survey ដែលប្រមូលបាននៅឆ្នាំ២០១៤ ហើយផ្កាយដុះកន្ទុយ Bernardinelli-Bernstein ឥឡូវនេះមានទីតាំងចម្ងាយ២០ខ្នាតតារាសាស្ត្រ (ចម្ងាយពីផែនដីទៅព្រះអាទិត្យ២០ដង)។ ១ខ្នាតតារាសាស្ត្រឬក៏ចម្ងាយពីផែនដីទៅព្រះអាទិត្យមានចម្ងាយ១៥០លានគីឡូម៉ែត្រ។ នៅពេលដែលផ្កាយដុះកន្ទុយនេះខិតទៅជិតផែនដី ក្នុងឆ្នាំ២០៣១ វាស្ថិតនៅចម្ងាយ១១ខ្នាតតារាសាស្ត្រ។

ផ្កាយដុះកន្ទុយ Bernardinelli-Bernstein មើលនៅក្នុងឯកសាររូបភាព
ផ្កាយដុះកន្ទុយ Bernardinelli-Bernstein មើលនៅក្នុងឯកសាររូបភាព

អ្វីដែលធ្វើឲ្យវាអស្ចារ្យក្រៅពីទំហំគឺថា ផ្កាយដុះកន្ទុយ Bernardinelli-Bernstein នេះមិនបានចូលមកប្រព័ន្ធព្រះអាទិត្យផ្នែកខាងក្នុង អស់រយៈពេល៣០០លានឆ្នាំ។ ផ្កាយដុះនេះមានដើមកំណើតចម្ងាយ៤០,០០០ខ្នាតតារាសាស្ត្រ ពីព្រះអាទិត្យ ស្ថិតនៅក្នុងតំបន់ Oort Cloud ដែលមានទំហំធំទូលាយ ដែលអាចផ្ទុកផ្កាយដុះកន្ទុយរាប់ទ្រីលាន៕

ប្រភព: Space

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T