តិចនិកដោះស្រាយបញ្ហាឈឺសុដន់ពេលមករដូវ ស្រីៗគួរដឹង​!

//s9.kh1.co/b1/b13c3da6572ee5b4f1f70a35bcc050f808cfcb5e.jpg
យល់ដឹង

 ២៥-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អាការៈ​ឈឺ​សុដន់​​ដែល​កើត​ឡើង​​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ ភាគ​ច្រើន​ទាក់ទង​នឹង​វដ្ដ​រដូវ​។​ ​អ័រម៉ូន​​កើត​ឡើង​ និង​ធ្លាក់​ចុះ​អំឡុង​ពេល​មាន​រដូវ​។

អាការៈ​ឈឺ​សុដន់​​ដែល​កើត​ឡើង​​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ ភាគ​ច្រើន​ទាក់ទង​នឹង​វដ្ដ​រដូវ​។​ ​អ័រម៉ូន​​កើត​ឡើង​ និង​ធ្លាក់​ចុះ​អំឡុង​ពេល​មាន​រដូវ​ អាច​បណ្ដាល​ឲ្យ​សុដន់​ងាយ​ឈឺ​ចាប់​ និង​ហើម​ជាដើម​​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើ​សុដន់​របស់​យើង​​មាន​​ជាលិកា​សរសៃ​ យើង​អាច​នឹង​សង្កេត​ឃើញ​ដុំ​ពក​យ៉ាង​ងាយ​ នៅ​អំឡុង​ពេល​មក​រដូវ​។ យ៉ាង​ណា​មិញ​ តើ​ការ​ឈឺ​សុដន់​នៅ​អំឡុង​ពេល​មក​រដូវ​បណ្ដាល​មក​ពី​អ្វី​? តើ​យើង​គួរ​ដោះស្រាយ​​បែប​ណា​?

មូលហេតុ​បង្ក

វដ្ដ​រដូវ​ប្រចាំ​ខែ​របស់​ស្រី​ៗ​យើង​ត្រូវ​បាន​កំណត់​​ដោយ​ការ​ប្រែប្រួល​នៃ​កម្រិត​អ័រម៉ូនអឺស្រ្តូហ្សែន​ និង​Progesterone​។​ អ័រម៉ូន​​ទាំង​ពីរ​​នេះ​​​​​មាន​សារសំខាន់​ណាស់​សម្រាប់​ឲ្យ​សុដន់​ និង​ប្រព័ន្ធ​បន្ត​ពូជ​របស់​យើងដែល​​ត្រៀម​រួចរាល់​ក្នុង​​ការ​មាន​គភ៌​។​

អារម្មណ៍​ឈឺ​សុដន់​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ​ហើយ​វា​​បណ្ដាល​មក​ពី​ក្លែប​សុដន់​ ​និង​បំពង់​សុដន់​រីក​ធំ​នៅ​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល​។​ ការ​ឈឺ​ចាប់​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​មុន​ពេល​មក​រដូវ​ ហើយ​ធូរ​ស្រាល​បន្តិច​ម្ដង​ៗ​​អំឡុង​ពេល​ និង​បន្ទាប់​ពី​អស់​រដូវ​។​ ចំពោះ​ស្ត្រី​មួយ​ចំនួន​ ​ការ​ឈឺ​ចាប់​សុដន់​​​​ដែល​កើត​ឡើង​ជា​វដ្ដ​​​ គឺ​មិន​មែន​ជា​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ឡើយ​។

តិចនិក​ដោះស្រាយ​បញ្ហា​ឈឺ​​សុដន់​

ដើម្បី​​​បញ្ចៀស​ និង​កាត់​បន្ថយ​អាការៈ​ឈឺ​សុដន់​នៅ​អំឡុង​ពេល​​មក​រដូវ ស្រីៗ​យើង​អាច​អនុវត្ត​តិចនិក​​ខាង​ក្រោម​នេះ​។

  • ស្អំ​កំណាត់​ក្ដៅ​​​ ឬ​ត្រជាក់​នៅ​លើ​​សុដន់​រយៈពេល​ត្រឹម​តែ​២០​នាទី​​
  • ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​
  • កាត់​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​កាត់​បន្ថយ​ការ​ញ៉ាំ​អំបិល​
  • ញ៉ាំ​របប​អាហារ​ល្អ​ៗ​ ដូចជា​បន្លែ​ ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​
  • កាត់​បន្ថយ​ស្រ្តេស​

ពេល​ណា​យើង​​គួរ​​ទៅ​ជួប​នឹង​គ្រូពេទ្យ​?

ប្រសិនបើ​គ្នា​យើង​ជួប​ប្រទះ​ករណី​ទាំង​នេះ ​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ ទើប​ជា​​ការ​ប្រសើរ​៖

  • ​មាន​ឈាម​ ឬ​​ទឹក​រងៃ ចេញ​ពី​ចុង​សុដន់​
  • ​សង្កេត​ឃើញ​ដុំ​ពក​ថ្មី​ដែល​មិន​បាត់​ទៅ​វិញ​ បន្ទាប់​ពី​អស់​រដូវ​
  • ឈឺ​សុដន់​ខ្លាំង​ និង​​រ៉ាំរ៉ៃ​
  • ចេញ​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​សុដន់​ រួម​មាន​ក្រហម​ ​ខ្ទុះ​ និង​គ្រុន​ក្ដៅ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T