ធ្លាប់គិតអ៊ីចឹងអត់? មានមនុស្សភពផ្សេងទៀត កំពុងឆ្លុះមើលភពផែនដី ដូចដែលយើងស្វែងរកពួកគេ

//s9.kh1.co/8c/8c997f2fbe707c1b8eb27b2c0327280e80fbcc20.jpg
បច្ចេកវិទ្យា

 ២៥-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បើរឿងនេះកើតឡើងមែន ពួកគេក៏អាចឃ្លាំមើលផែនដីវិញដែរ។

បរទេស៖ ខណៈពេលអរិយធម៌របស់មនុស្សបានរីកដុះដាលនៅលើផែនដី ប្រហែល៥,០០០ឆ្នាំមុន ប្រព័ន្ធផ្កាយចំនួន១,៧១៥ មានចម្ងាយ៣២៦ឆ្នាំពន្លឺពីផែនដី អាចនឹងមើលឃើញភពផែនដីរបស់យើង នាពេលនោះ។ ហើយរយៈពេល៥,០០០ឆ្នាំទៅមុខទៀត ប្រព័ន្ធផ្កាយចំនួន៣១៩ថែមទៀត អាចនឹងមើលឃើញផែនដី។ ប្រសិនបើមានភពទាំងនេះគោចរជុំវិញផ្កាយរបស់វានៅជិតយើង ពួកគេអាចមើលឃើញភពផែនដី ពេលវាឆ្លងកាត់ពីខាងមុខព្រះអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសង្កេតមើលឃើញភពមួយនៅខាងមុខផ្កាយរបស់វា ត្រូវបានគេហៅថាដំណើរឆ្លងកាត់ ដែលជាវិធីសាស្ត្រមួយ ប្រើប្រាស់ដោយក្រុមតារាវិទូស្វែងរកភពក្រៅប្រព័ន្ធព្រះអាទិត្យ ដោយប្រើតេឡេទស្សន៍ទាំងនៅលើដីនិងអវកាស។ បើរឿងនេះកើតឡើងមែន ពួកគេក៏អាចឃ្លាំមើលផែនដីវិញដែរ។ ភពខ្លះដែលវិលជុំវិញគន្លងផ្កាយទាំងអស់នេះ អាចនឹងទ្រទ្រង់ជីវិតបាន។ នៅពេលភពនានាស្ថិតនៅចម្ងាយដ៏សមគួរពីផ្កាយរបស់វា វត្តមានទឹករាវអាចនឹងកើតឡើងនៅលើភពទាំងនោះ។ រយៈចម្ងាយបែបនេះត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកថា ជាតំបន់អាចរស់នៅបាន។

រូបតំណាងគូរដោយវិចិត្រករ
រូបតំណាងគូរដោយវិចិត្រករ

ក្នុងរយៈពេលមួយរយឆ្នាំចុងក្រោយនេះ ផែនដីក៏បានបញ្ជូនសារទៅកាន់ជីវិតឆ្លាតវៃ នៅក្នុងទម្រង់ជារលកវិទ្យុ ទៅផ្កាយចំនួន៧៥ ក្នុងរយៈចម្ងាយ១០០ឆ្នាំពន្លឺ មានន័យថាវាជាចម្ងាយជិតល្មម សម្រាប់ឲ្យរលកទាំងនេះទៅដល់។ លោកស្រី Lisa Kaltenegger សាស្ត្រាចារ្យរងផ្នែកតារាសាស្ត្រ និងជាប្រធានវិទ្យាស្ថាន Carl Sagan Institute នៅសាកលវិទ្យាល័យ Cornell University បាននឹកឃើញគំនិតនេះ ថាតើផែនដីអាចត្រូវមើលឃើញដោយភពដទៃទៀតយ៉ាងដូចម្ដេច។

ផ្កាយមិននៅស្ងៀមនោះទេ។ ពួកវាធ្វើចលនា ដូចព្រះអាទិត្យរបស់យើងវិលជុំវិញចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េអ៊ីចឹងដែរ។ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់មូលដ្ឋានទិន្នន័យ Gaia របស់ទីភ្នាក់ងារអវការអឺរ៉ុប ដែលជាកាតាឡុកនៃអង្គតារាសាស្ត្រនៅក្នុងរង្វង់ទីតាំង ចម្ងាយ៣០០ឆ្នាំពន្លឺពីព្រះអាទិត្យរបស់យើង។ ក្រុមការងារចង់ដឹងថា ពេលណាទើបមានផ្កាយនានាចូលមកឃើញ ទីតាំងផែនដីនៅខាងមុខផ្កាយយើង ហើយថាតើពួកវាស្ថិតនៅតំបន់ទាំងនេះ យូរប៉ុណ្ណា មុននឹងចាកចេញទៅវិញ។ អ្នកវិទ្យាសាស្ត្របានកំណត់ថា ប្រព័ន្ធផ្កាយចំនួន២,០៣៤ បានឆ្លងកាត់តំបន់នេះ ក្នុងរយៈពេលជាង១ម៉ឺនឆ្នាំ៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T