អេស្ប៉ាញ៖ ព័ត៌មាននៃការចាកចេញរបស់ខ្សែការពារ Sergio Ramos ពីក្លិប Real Madrid បានផ្ទុះឡើងតាំងពីម្សិលមិញ ហើយនៅវេលាយប់ថ្ងៃទី១៧ គឺ ក្លិបបានធ្វើពិធីលាគ្នាជាលើកចុងក្រោយដោយមានវត្តមានរបស់ ប្រធានក្រុមរូបនេះរួមជាមួយក្រុមគ្រួសារនិងថ្នាក់ដឹកនាំផ្សេងទៀតដូចជាលោកប្រធាន Florentino Perez ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ramos បានចំណាយពេល១៦ឆ្នាំនៅទឹកដី Santiago Bernabeu បន្ទាប់ពីផ្ទេរពី Sevilla កាលពីឆ្នាំ២០០៥ ហើយមូ់ហេតុនៃការចាកចេញពី Real Madrid នេះគឺ ដោយសារកុងត្រារបស់គេផុតកំណត់នៅចុងខែមិថុនានេះហើយ។

យ៉ាងណាមិញ ការចរចាកុងត្រាថ្មីរវាងភាគីទាំងពីរមិនបានជោគជ័យឡើយដោយសារ Ramos ខ្លួនឯងចង់បន្តថែម២ឆ្នាំទៀត ខណៈ Real Madrid អាចបន្តឲ្យតែ១ឆ្នាំព្រមជាមួយការកាត់ប្រាក់ឈ្នួលចំនួន១០ភាគរយ។

ប៉ុន្តែខ្សែការពារវ័យ៣៥រូបនេះបានចេញមុខបកស្រាយដោយផ្ទាល់មាត់ថាការពិតពីដំបូង រឿងវាបែបនោះមែន គឺក្លិបអាចផ្ដល់ឲ្យគេតែ១រដូវកាល ហើយគេក៏មិនទាន់បានឆ្លើយតបយល់ព្រមនឹងសំណើនោះព្រោះចង់សុំពេលគិតសិន រហូតដល់ប៉ុន្មានសប្តាហ៍មុនទើប កីឡាករសញ្ជាតិអេស្ប៉ាញ រូបនេះបានប្រាប់ទៅក្លិបថាគេយល់ព្រមបន្តកុងត្រាថ្មីថែម១ឆ្នាំទៀតប៉ុន្តែ Real Madrid បែរជាជូនដំណឹងដល់គេថា ក្លិបលែងផ្ដល់កុងត្រានោះឲ្យគេហើយ ដែលវាប្រៀបដូចជាការដាក់សំពាធឲ្យគេចាកចេញ។

Sergio Ramos បានថ្លែងថា៖
ខ្ញុំមិនដែលចង់ចាកចេញពី Real Madrid ទេ ខ្ញុំតែងតែចង់បន្តលេងនៅទីនេះ ការពិតក្លិបបានផ្ដល់ជូនកុងត្រាដល់ខ្ញុំចំនួន១ឆ្នាំ ដោយបន្ថយប្រាក់ឈ្នួល។ ខ្ញុំនិងគ្រួសារ ចង់បាន២ឆ្នាំ។ក្រោយមកខ្ញុំក៏ព្រមទទួលយកសំណើនោះ ខ្ញុំគិតថាវានៅតែមានសុពុលភាព ប៉ុន្តែក្លិបបែរជាប្រាប់ខ្ញុំវិញថា កុងត្រានោះលែងមានហើយ ការចរចាវាផុតកំណត់ហើយ។ វាយឺតពេលហើយសម្រាប់ខ្ញុំ។

គួរបញ្ជាក់ផងដែរថា Sergio Ramos បានឈ្នះពាន La Liga ៥ដង, Champions League ៤ដង បឡុន្តែវាមើលទៅ Real Madrid នៅតែមិនផ្ដល់ការគោរពដល់បុរសដែលលះបង់យ៉ាងធំធេងដើម្បីក្លិបម្នាក់នេះឡើយ៕

ប្រភព៖ caughtoffside