ដោយសារការផ្ទុះឡើងវ៉ារ៉្យង់កូវីដ-១៩ជាច្រើន WHO បានកំណត់ប្រព័ន្ធហៅឈ្មោះថ្មីមួយ

//s9.kh1.co/69/69c3fa6f5ce76dd4b65d45c9757a52cbd84abcd4.jpg
សង្គម

 ០១-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ចាប់ពីពេលនេះតទៅ WHO នឹងប្រើប្រាស់អក្សរក្រិកសំដៅទៅលើវ៉ារ្យ៉ង់ដំបូងៗ ដែលរកឃើញមាននៅក្នុងប្រទេសមួយចំនួន

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីប្រព័ន្ធថ្មីមួយនៃការហៅឈ្មោះវ៉ារ្យ៉ង់ផ្សេងៗនៃជំងឺកូវីដ-១៩ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ចាប់ពីពេលនេះតទៅ WHO នឹងប្រើប្រាស់អក្សរក្រិកសំដៅទៅលើវ៉ារ្យ៉ង់ដំបូងៗ ដែលរកឃើញមាននៅក្នុងប្រទេសមួយចំនួន ដូចជាចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងឥណ្ឌា។ វ៉ារ្យ៉ង់ចក្រភពអង់គ្លេសជាឧទាហរណ៍ត្រូវបានគេហៅថា អាល់ហ្វា អាហ្វ្រិកខាងត្បូងគឺបេតា និងឥណ្ឌាគឺដែលតា។ WHO បាននិយាយថា ការធ្វើបែបនេះគឺសម្រួលដល់ការពិភាក្សា ប៉ុន្តែក៏ជួយដល់ការលុបបំបាត់ស្លាកស្នាមអវិជ្ជមាន ចេញពីឈ្មោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមខែនេះ រដ្ឋាភិបាលឥណ្ឌាបានរិះគន់ការដាក់ឈ្មោះ វ៉ារ្យ៉ង់ B.1.617.2 ដែលរកឃើញដំបូងនៅក្នុងប្រទេសរបស់ខ្លួន កាលពីខែតុលា ហៅថា «វ៉ារ្យ៉ង់ឥណ្ឌា» ទោះជាយ៉ាងណា WHO មិនធ្លាប់បានដាក់ឈ្មោះឲ្យវាជាផ្លូវការបែបនេះនោះទេ។

លោកស្រី Maria Van Kerkhove
លោកស្រី Maria Van Kerkhove

លោកស្រី Maria Van Kerkhove អ្នកដឹកនាំផ្នែកបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា៖ «គ្មានប្រទេសណាមួយគួរតែត្រូវបានគេមាក់ងាយ ចំពោះការរកឃើញនិងរាយការណ៍វ៉ារ្យ៉ង់ផ្សេងៗនោះទេ»។ លោកស្រីក៏បានអំពាវនាវឲ្យមានការឃ្លាំមើលយ៉ាងតឹងរ៉ឹងនៃវ៉ារ្យ៉ង់ផ្សេងៗ និងឲ្យមានការផ្ដល់ទិន្នន័យបែបវិទ្យាសាស្ត្រ ដើម្បីជួយបញ្ឈប់ការរាលដាល។

អក្សរទាំងនេះនឹងត្រូវប្រើចំពោះ ទាំងវ៉ារ្យ៉ង់នៃការព្រួយបារម្ភ និងវ៉ារ្យ៉ង់ប៉ះពាល់។ អក្សរក្រិកទាំងនេះនឹងមិនប្រើជំនួសឲ្យឈ្មោះវិទ្យាសាស្ត្រ ដែលមានស្រាប់ឡើយ។ ប្រសិនបើមានវ៉ារ្យ៉ង់ច្រើនជាង២៤ ប្រព័ន្ធមួយនេះនឹងលែងមានអក្សរក្រិកប្រើ ហើយប្រព័ន្ធនៃការដាក់ឈ្មោះថ្មីមួយទៀតនឹងត្រូវប្រកាស នេះបើយោងតាមលោកស្រី Van Kerkhove បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន STAT News ក្នុងបទសម្ភាសន៍មួយ។ លោកស្រីបានបន្ថែមទៀតថា៖ «យើងមិននិយាយថា ប្ដូរឈ្មោះវ៉ារ្យ៉ង់ B.1.1.7 នោះទេ ប៉ុន្តែគ្រាន់តែជួយមនុស្សធម្មតាសម្រាប់ការសន្ទនា។ ដូច្នេះនៅក្នុងការនិយាយជាសាធារណៈ យើងអាចពិភាក្សាអំពីវ៉ារ្យ៉ង់ទាំងនេះ ជាភាសាងាយៗ»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T