អេស្ប៉ាញ៖ ខ្សែបម្រើ Matheus Fernandes បានបង្ហើបឲ្យដឹងថាលោកគ្រូបង្វឹក Ronald Koeman បាននិយាយប្រាប់គេដោយផ្ទាល់មាត់ថាគេល្អមិនគ្រប់គ្រាន់ក្នុងការលេងឲ្យក្លិបបាល់ទាត់លំដាប់ពិភពលោកដូចជា Barcelona នោះឡើយហើយរូបគេថែមទាំងនិយាយទៀតថា Koeman ប្រហែលមានបញ្ហាផ្ទាល់ខ្លួនជាមួយគេផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានផ្ទេរមក Camp Nou កាលពីរដូវក្ដៅឆ្នាំ២០២០ តែបានបង្ហាញខ្លួនតែមួយប្រកួតគត់ ដោយកន្លងមក ក្លិបដាក់គេឲ្យ Real Valladolid ខ្ចីជើងផងដែរ។

១ប្រកួតដែល Fernandes បានចូលលេងនោះគឺមានរយៈត្រឹមតែ១៧នាទីគត់ គឺក្នុងការប្រកួតរវាង Barcelona ទល់នឹង Dynamo Kiev នៅវគ្គចែកពូលព្រឹត្តិការណ៍ Champions League នោះឯង។បន្ទាប់ពីនោះ គេសឹងតែត្រូវក្រុមទាំងមូលបំភ្លេចចោលព្រោះកម្របង្ហាញមុខពេក។


កីឡាករវ័យ២២ឆ្នាំរូបនេះបានថ្លែងប្រាប់សារព័ត៌មាន Mundo Deportivo ថា៖
ខ្ញុំគិតថា Koeman ប្រហែលមានបញ្ហាផ្ទាល់ខ្លួនជាមួយខ្ញុំ។កាលពីមួយខែមុន ខ្ញុំចូលលេងទល់នឹង Dynamo តែម្ដងគត់ហើយបន្ទាប់ពីនោះខ្ញុំក៏លែងបានចូលលេងទៀត ខ្ញុំបានទៅសួរគាត់ដល់ការិយាល័យ ដោយនិយាយថា តើខ្ញុំលេងមិនបានល្អមែនទេ? ប៉ុន្តែគាត់បានឆ្លើយប្រាប់ខ្ញុំថា ទេ ខ្ញុំលេងបានល្អ ប៉ុន្តែគាត់មិនអាចផ្ដល់ឱកាសឲ្យខ្ញុំទេ ព្រោះខ្ញុំមិនជឿទុកចិត្តលើខ្ញុំ។គាត់ថាខ្ញុំគ្មានគុណភាពល្អគ្រប់គ្រាន់សម្រាប់លេងឲ្យ Barca។ កំលុងពេលហ្វឹកហាត់គឺខ្ញុំតែងតែលេងនៅតំបន់ការពារ ដែលនោះមិនមែនជាមុខងារដើមរបស់ខ្ញុំទេ ហើយថ្ងៃខ្លះខ្ញុំក៏មិនបានហ្វឹកហាត់ដែរ គឺគ្រាន់តែកម្ដៅសាច់ដុំតិចតួចប៉ុន្តែខ្ញុំមិនបានត្រូវរួមបញ្ចូលជាមួយក្រុមទាំងអស់ឡើយ។

ប្រភព៖ goal