ចុក​រមួល​សាច់​ដុំ​មុន​មក​រដូវ​ ប៉ុន្តែ​​បែរ​ជា​​ពុំ​មក​រដូវ​ ​​មូលហេតុ​អ្វី?

//s9.kh1.co/c7/c729827b40c9d8a99c1b31f7414d4e5670f0e091.jpg
យល់ដឹង

 ២៦-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ជា​​ទូទៅ​​ស្រីៗ​យើង​តែងតែ​កើត​មាន​អាការៈ​ចុក​រមួល​សាច់​ដុំ​​មុន​ពេល​មក​រដូវ​​ជា​រៀង​រាល់​ខែ​នៅ​ថ្ងៃ​ពិសេស​របស់​ខ្លួន​។ ​តើ​អ្នក​ដឹង​ទេ​ថា

ជា​​ទូទៅ​​ស្រីៗ​យើង​តែងតែ​កើត​មាន​អាការៈ​ចុក​រមួល​សាច់​ដុំ​​មុន​ពេល​មក​រដូវ​​ជា​រៀង​រាល់​ខែ​នៅ​ថ្ងៃ​ពិសេស​របស់​ខ្លួន​។ ​តើ​អ្នក​ដឹង​ទេ​ថា​ ហេតុអ្វី​បាន​ជា​យើង​មាន​អាការៈ​រមួល​ក្នុង​ពោះ​​បែប​​នេះ​? ពិត​ណាស់​ នៅ​អំឡុង​ពេល​នៃ​​វដ្ត​រដូវ​ ស្បូន​របស់​យើង​នឹង​បង្រួម​ ក៏​ដូចជា​បញ្ចេញ​ស្រទាប់​ខាងក្នុង​។​ នៅ​ពេល​នោះ​ដែរ​ អ័រម៉ូន​Prostaglandins ក៏​បាន​បញ្ចេញ​មក​ក្នុង​រាងកាយ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ និង​ការ​រលាក​នៅ​ក្នុង​ស្បូន​ ​រួម​ទាំង​មាន​​ហើម​ផង​ដែរ។​​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ​ ប្រសិនបើ​យើង​ជួប​នឹង​អាការៈ​ចុក​រមួល​ក្នុង​ពោះ​​ ហើយ​​បែរ​ជា​មិន​មក​រដូវ​វិញ​នោះ​​ តើ​នឹង​មាន​អ្វី​កើត​ឡើង​?

១. បែក​គីស​ដៃ​ស្បូន

​​ជា​ធម្មតា​ អូវែ​បង្កើត​​គីស​មួយ​ចំនួន​ ខណៈ​ពេល​ដែល​​​កំពុង​ត្រៀម​បញ្ចេញ​ពង​អូវុល​​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។​ ប៉ុន្តែ​​ នៅ​ក្នុង​ករណី​ខ្លះ​ គីស​ទាំងនោះ​នឹង​នៅ​តោង​​ជាប់​នឹង​អូវែ​ ហើយ​វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​នៃ​គីស​ដៃ​ស្បូន​។​​ ការ​បែក​គីស​ដៃ​ស្បូន​ នឹង​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​​ដូចជា​ចុក​រមួល​ក្នុង​ពោះ​​​ និង​មាន​ករណី​កម្រ​ខ្លះ​ អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន​ ឆ្អល់​ពោះ​ និង​ក្អួត​​ថែម​ទៀត​ផង​។

២. ជំងឺ​អត់​មាន​វដ្ដ​រដូវ

​​​ជំងឺ​​អត់​មាន​វដ្ត​រដូវ​នេះ ​កើត​​ឡើង​ជា​ទូទៅ​ និង​យូរ​ៗ​ម្តង​ប៉ុណ្ណោះ​។​ ​ជំងឺ​នេះ​ សំដៅ​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​របស់​យើង​ ដែល​អាច​រារាំង​អូវែ​មិន​ឲ្យ​បញ្ចេញ​ពង​ និង​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ពុំ​មាន​រដូវ​។

៣. ការ​មាន​ផ្ទៃពោះ

​ប្រសិនបើ​ស្រីៗ​យើង​មាន​ការ​ចុក​រមួល​សាច់​ដុំត្រង់​ពោះ​​ ដោយ​​ពុំ​មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា​ យើង​នឹង​មក​រដូវ​ទេ​នោះ​ ​យើង​ប្រហែល​ជា​អាច​មាន​ផ្ទៃពោះ​​។​​ ជា​​ទូទៅ​ នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ រាងកាយ​របស់​យើង​​នឹង​បង្ហាញ​នូវ​សញ្ញា​ផ្សេង​ៗ​ដែល​ស្រដៀង​ទៅ​នឹង​ការ​មក​រដូវ​ដែរ​ ដូចជា​ការ​អស់​កម្លាំង​ ​ការ​ផ្លាស់ប្ដូរ​អារម្មណ៍​ និង​ចុក​រមួល​សាច់​ដុំ​ជាដើម​។

៤. ជំងឺ​រលាក​អាង​ត្រគាក

ជំងឺ​រលោក​អាង​ត្រគាក​ កើត​ឡើង​ដោយសារ​តែ​ការ​រួម​ភេទ​ដែល​​មិន​មាន​សុវត្ថិភាព​ ​ពី​ព្រោះ​វា​គឺ​ជា​ជំងឺ​ដែល​ឆ្លង​តាម​ការ​រួម​ភេទ​។​ ​វា​បង្ក​រោគ​ដោយ​បាក់តេរី​ ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​ ដៃ​ស្បូន (Fallopian tubes) អូវែ​ និង​ទ្វារ​មាស​ ដែល​នាំ​ឲ្យ​មាន​ការ​ចុក​រមួល​សាច់ដុំ​ និង​​មាន​ការ​ឈឺចាប់​ជាដើម​​។

​​​៥. ជំងឺ​រលាក​ខ្នែង​ពោះវៀន​

ជំងឺ​រលាក​ខ្នែង​ពោះវៀន​ ​កើត​ឡើង​ដោយ​សារ​តែ​ការ​រាំងស្ទះ​ ឬ​ការ​បង្អាក់​មួយ​ចំនួន​ ដែល​​បណ្ដាល​មក​ពី​ការ​កកើត​នៃ​ស្លេស​ ពពួក​ប៉ារ៉ាស៊ីត ឬ​លាមក​​ ដែល​ជា​ហេតុ​នាំ​​ឲ្យ​មាន​ការ​ចុកចាប់​ធ្ងន់ធ្ងរ​នៅ​​ត្រង់​បរិវេណ​ពោះ​ និង​អាច​មាន​ការ​យល់​ច្រឡំ​ថា​ជា​ការ​ចុក​រមួល​ពេល​មក​រដូវ​ផង​ដែរ​​។

៦. ដុះសាច់​តូចៗ​ក្នុងស្បូន​

ដុំ​សាច់​ស្បូន​ គឺ​ជា​ការ​លូតលាស់​តូច​ៗ​ នៅ​លើ​ជញ្ជាំង​មាត់​ស្បូន​ ឬ​ស្បូន​។​ ពួក​វា​ក៏​អាច​បណ្ដាល​​ឲ្យ​មាន​ការ​ចុក​រមួល​សាច់​ដុំ​ ​ព្រម​ទាំង​ធ្វើ​ឲ្យ​​មាន​ការ​ឈឺចាប់​នៅ​ពេល​មក​រដូវ​ថែម​ទៀត​ផង​​​​។​ កត្តា​នេះ​​ ក៏​ធ្វើ​ឲ្យ​យើង​ស្មាន​ថា​ ជា​​ការ​​ចុក​រមួល​សាច់​ដុំ​នៅ​ពេល​មក​រដូវ​ផង​ដែរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T