អង់គ្លេស៖ ខ្សែការពារ Trent Alexander-Arnold នៃក្លិបហង្សក្រហម Liverpool បានក្លាយជាចំណីមាត់របស់អ្នកគាំទ្របាល់ទាត់អង់គ្លេសក្រោយលេចឮព័ត៌មានចចាមអារ៉ាមថារូបគេមិនត្រូវលោកគ្រូបង្វឹក Gareth Southgate កោះហៅចូលជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro 2020 ខាងមុខនេះឡើយដោយសារគេលេងធ្លាក់ជើងខ្លាំងពេក។

ប៉ុន្តែសាមីខ្លួនបានបង្ហើបថាគេមិនបានខ្វាយខ្វល់ពីពាក្យរិះគន់អស់ទាំងនោះឡើយ បើទោះបីជាគេតែងតែឮពីវាជារឿយៗក៏ដោយ។

នៅរដូវកាលនេះ កីឡាករវ័យ២២ឆ្នាំរូបនេះហាក់លេងមិនសូវកាក់កបនិងធ្លាក់ទម្រង់លេងជាងរដូវកាលមុន ជាពិសេសក្នុងការប្រកួតទល់នឹង Southampton ដែល Alexander-Arnold ធ្វើឲ្យបាល់ខូចរហូតដល់ទៅ៣៨ដងដែលជាស្ថិតិអាក្រក់បំផុតមិនធ្លាប់មានកីឡាករនៅ Premier League ណាធ្វើបានឡើយទើបធ្វើឲ្យគេខកខានមិនត្រូវគ្រូបង្វឹក Southagte កោះហៅទៅលេងនៅវគ្គជម្រុះបាល់ទាត់ពិភពលោកនាចុងខែមីនាកន្លងទៅ។

យ៉ាងណាមិញក្នុងបទសម្ភាសន៍ជាមួយ The Athletic ខ្សែការពាររូបនេះបាននិយាយពីពាក្យចចាមអារ៉ាមនិងពាក្យរិះគន់ទាក់ទងនឹងរូបគេថា៖
ខ្ញុំមិនបានតាមដានរឿងរិះគន់អស់ទាំងនោះទេប៉ុន្តែខ្ញុំចៃដន្យឃើញវានៅគ្រប់ទីកន្លែង។ អ្នកទាំងអស់គ្នាមានគំនិតរៀងៗខ្លួនលើរឿងនោះ វាដូចជានៅកម្មវិធី Monday Night Football ឬ Match of The Fay ដែលខ្ញុំតែងតែមើលជាដើម។មានគេនិយាយពីខ្ញុំច្រើនណាស់ហើយវាពិបាកក្នុងការរត់គេចពីវា។ ប៉ុន្តែខ្ញុំគ្រាន់តែអាចឬស្តាប់វាហើយទុកវាចោលទៅម្ខាង ខ្ញុំមិនអាចបណ្ដោយឲ្យវាធ្វើឲ្យខ្ញុំមិនសប្បាយចិត្តឬពន្យុះកំហឹងខ្ញុំឡើយ។ កាលខ្ញុំនៅក្មេងខ្ចី អ្វីដែលខ្ញុំបានអានពីខ្លួនឯងគឺខ្ញុំគិតថាវាជាការពិតទាំងអស់ ខ្ញុំគិតថាវាពិតតែការពិតគឺវាមានពិតខ្លះ មិនពិតខ្លះ។មានតែសម្ដីមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលគួរយកមកពិចារណា ដែលអ្នកទាំងអស់គឺជាអ្នកដែលសម្រេចជោគវាសនារបស់អ្នកឬអ្នកដែលអាចមានសិទ្ធិដាក់អ្នកចូលលេងឬមិន ហើយ ខ្ញុំស្តាប់តែសម្ដីចេញពីមាត់អ្នកទាំងអស់នោះប៉ុណ្ណោះ។

គួររម្លឹកផងដែរថា ខ្សែការពារ Trent Alexander-Arnold ត្រូវបណ្ដុះបណ្ដាលចេញពីថ្នាលយុវជនរបស់ Liverpool តាំងពីឆ្នាំ២០០៤ ហើយក្នុងឆ្នាំ២០១៦ គេក៏បានឡើងមកលេងនៅឈុតធំ និងបានចូលលេងឲ្យជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ២០១៣ ក្នុងឈុតយុវជនក្រោម១៦ឆ្នាំរបស់ក្លិបផងដែរ៕

ប្រភព៖ goal
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប