អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola នៃក្លិប Manchester City បានរលីងរលោងទឹកភ្នែកពេលនិយាយដល់ខ្សែប្រយុទ្ធ Sergio Aguero ដែលបានស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតចុងក្រោយរបស់គេនៅទឹកដី Etihad ទល់នឹងក្លិបស្ករគ្រាប់ Everton ហើយលោកគ្រូថែមទាំងបាននិយាយទៀតថា Man City មិនអាចរកខ្សែប្រយុទ្ធឆ្នើមណាមួយមកជំនួស Aguero បានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ៣២ឆ្នាំរូបនេះបានទទួលរនាំងកិត្តិយសពីសំណាក់មិត្តរួមក្រុមនិងបុគ្គលិកនៅក្លិបទាំងអស់ ហើយគ្រប់គ្នាទប់ទឹកភ្នែកមិនជាប់ទេពេលគេលើកពាន Premier League លើកចុងក្រោយនៅនឹងមុខអ្នកគាំទ្រជាង១០,០០០នាក់។



លោកគ្រូបង្វឹក Pep Guardiola ក៏ជាម្នាក់ក្នុងចំណោមនោះ ដែលក្ដុកក្ដួលក្នុងអារម្មណ៍ខ្លាំង ដោយបន្ទាប់ពីការប្រកួត គេឃើញលោកគ្រូព្យាយាមទប់ទឹកភ្នែកថ្លែងប្រាប់ Sky Sports ថា៖
ពួកយើងស្រឡាញ់គេខ្លាំងណាស់។ គេជាកីឡាករដ៏ពិសេសសម្រាប់ពួកយើងហើយពួកយើងមិនអាចរកអ្នកមកជំនួសគេបានទេ។ មានកីឡាករច្រើនណាស់ដែលបានជួយពួកយើងតែគេវិញ គេបានបង្ហាញពីគុណភាពនៃការលេងរបស់គេពេលនៅក្នុងរយៈពេលតែ៣០នាទី។

ខ្សែប្រយុទ្ធ Sergio Aguero ខ្លួនឯងក៏បាននិយាយដែរថា៖
មុនពេលការប្រកួតចាប់ផ្ដើម ខ្ញុំមានអារម្មណ៍ចម្លែកណាស់ វាមើលទៅមិនល្អសោះឡើយ តែខ្ញុំព្យាយាមគិតពីការចងចាំល្អៗ ខ្ញុំចង់អរគុណដល់មិត្តរួមក្រុមដែលតែងតែជួយខ្ញុំ អរគុណសម្រាប់គ្រប់យ៉ាង។ ខ្ញុំជាខ្សែប្រយុទ្ធហើយតួនាទីរបស់ខ្ញុំគឺស៊ុតបញ្ចូលទី ហើយខ្ញុំសប្បាយចិត្តណាស់ព្រោះនេះជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ ការស៊ុតបញ្ចូលទីបាន២គ្រាប់គឺពិតជាអស្ចារ្យណាស់។ នៅពេលខ្ញុំមកទីនេះដំបូង ការឈ្នះពានរង្វាន់ជាអ្វីដែលសំខាន់បំផុត។ បន្ទាប់ពីនោះMan City ចាប់ផ្ដើមឈ្នះពានជាបន្តបន្ទាប់ ដូច្នេះខ្ញុំសប្បាយចិត្តព្រោះវាមិនមែនជារឿងងាយស្រួលទេដែលចំណាយពេលស្នាក់នៅដល់ទៅ១០ឆ្នាំជាមួយក្លិប វាជាកិត្តិយដ៏ធំធេងរបស់ខ្ញុំ។

យោងតាមសារព័ត៌មានជាច្រើនគឺ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនឹងផ្លាស់ទៅលេងនៅក្លិបអ្នកមានបុណ្យ Barcelona ឯប្រទេសអេស្ប៉ាញដោយគ្មានតម្លៃខ្លួន ព្រោះគេចង់ចាប់ដៃគូលេងជាមួយ Lionel Messi ដែលជាមិត្តជិតដិតនៅជម្រើសជាតិ៕


សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ thesun
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប