អង់គ្លេស៖ វាជាដំណឹងគួរឲ្យសោកសៅមួយសម្រាប់អ្នកគាំទ្រ Real Madrid ក្រោយក្លិបម្ចាស់ពាន UCL ១៣សម័យនេះបានចាញ់ Chelsea និងធ្លាក់ចេញពី Champions League ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី៦ខែឧសភាកន្លងទៅនេះ។

ខ្សែប្រយុទ្ធ Timo Werner និង Mason Mount ចាប់ដៃគ្នារកបានម្នាក់១គ្រាប់ជួយកក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្របានសម្រេច ដោយសរុបទាំងពីរជើងគឺ Chelsea យកឈ្នះ Real Madrid ៣ ទល់នឹង ១ ផងដែរ។


បរាជ័យរបស់ Real Madrid មិនត្រឹមតែធ្វើឲ្យកីឡាករអាម៉ាស់នោះឡើយ ប៉ុន្តែខាងកីឡាករ Chelsea ដូចជា ខ្សែបម្រើ Mason Mount ក៏បានឆ្លៀតវាយបកទៅកាន់សម្ដីរបស់ ខ្សែបម្រើ Toni Kroos ដោយមុនប្រកួត Kroos ធ្លាប់និយាយថារយៈពេលលេងបាល់១៥ឆ្នាំកន្លងមក គឺគ្មានកីឡាករណាដែលធ្វើឲ្យគេមានក្ដីកង្វល់រហូតដេកមិនលក់នោះឡើយ និងថែមទាំងដៀមដាមថា Chelsea មានគ្រូបង្វឹកជាជនជាតិអាល្លឺម៉ង់ទើបលេងការពារបានល្អ។



យ៉ាងណាមិញ Mount បានផ្ដល់បទសម្ភាសន៍ក្រោយយកឈ្នះ Real Madrid យ៉ាងត្រចះត្រចង់ដោយដៀមដាម Toni Kroos ថា៖
ខ្ញុំបានឃើញថាមានកីឡាករ(Real Madrid)ម្នាក់ និយាយមុនការប្រកួតចាប់ផ្ដើមថាគេមិនធ្លាប់ដេកមិនលក់ដោយសារកីឡាករណាម្នាក់ឡើយ។ ប៉ុន្តែខ្ញុំគិតថាពួកគេប្រហែលដេកមិនលក់ជាក្រុមតែម្ដង គឺពួកគេប្រាកដជាដេកមិនលក់ក្រោយជួបនឹងក្រុមយើង។ ពួកយើងលេងបានល្អណាស់ ពួកយើងលេងការពារដូចវាជាជីវិតរបស់ពួកយើង។ អ្នកឃើញហើយថាពួកយើងមិនសូវធ្វេសប្រហែសនៅខាងមុខទីទេ ពួកយើងនឹងបន្តធ្វើឲ្យបានល្អបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ដែលជាការប្រកួតរវាង Manchester City និង Chelsea នៅឯទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី៕

ប្រភព៖ goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload