ឥឡូវគិតច្រើន គេងមិនសូវលក់មែនទេ? មកសាកល្បងជាមួយឱសថបុរាណទាំងនេះ ងាយរក ហើយងាយធ្វើទទួលទាន ជួយឱ្យគេងលក់បានស្កប់ស្កល់ណាស់!

//s9.kh1.co/f6/f6819f9d2cee23dd640dc57b0bdcddb8c8b95beb.jpg
យល់ដឹង

 ០៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ភាពស្មុគស្មាញរមែងកើតមានស្ទើរតែគ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅលើមនុស្សគ្រប់វ័យ គ្រប់ភេទ មិនថាជារឿងតូច។

ភាពស្មុគស្មាញរមែងកើតមានស្ទើរតែគ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅលើមនុស្សគ្រប់វ័យ គ្រប់ភេទ មិនថាជារឿងតូច ឬរឿងធំ តែងតែកើតមានឡើងដោយគ្មាននរណាម្នាក់អាចស្មានទុកមុន ឬត្រៀមខ្លួនទទួលវាទាន់នោះទេ។ ជាពិសេសនៅក្នុងវ័យសិក្សា វ័យធ្វើការ ឬវ័យមានគ្រួសារជាដើម ពិតណាស់ថាច្បាស់ជាមានរឿងស្មុគស្មាញពិបាកដោះស្រាយមិនតិចនោះទេ។ កត្តានេះហើយដែលនឹងធ្វើឱ្យយើងទៅជាគេងមិនលក់ គេងមិនស្កប់ ព្រោះតែខ្វល់ខ្វាយចិត្ត ពេលខ្លះក្លាយទៅជាជំងឺគេងមិនលក់ ស្រ្តេស មានកង្វល់ដល់ជាប់នៅក្នុងអារម្មណ៍មិនដាច់ស្រលះផងក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយើងក៏នៅមានដំណោះស្រាយដែរជាមួយនឹងការប្រើប្រាស់ឱសថបុរាណដែលងាយស្រួលរក ហើយថែមទាំងងាយស្រួលទទួលទានទៀតផង។

ដូច្នេះចង់ដឹងថា តើមានឱសថបុរាណណាខ្លះដែលអាចជួយឱ្យយើងគេងលក់ស្រួល និងស្កប់ស្កល់ផងនោះមកតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ៖

១) ក្រូចសើច៖

រូបតំណាង
រូបតំណាង

- គុណសម្បត្តិ៖ ជួយឱ្យគេងលក់ស្រួល បន្ថយអាការៈមិនងងុយគេង និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់ស្ត្រេស។

- វិធីធ្វើ៖ យកផ្លែក្រូចសើច១ផ្លែមកច្របាច់យកតែទឹកដាក់កែវស្អាតមួយ ហើយថែមអំបិលបន្តិច និងទឹកឃ្មុំបន្តិច (ដើម្បីបន្ថែមរសជាតិ)។ បន្ទាប់មកចាក់ទឹកក្តៅឧណ្ហៗចូល ហើយកូរឱ្យសព្វ។ អាចទទួលទានភ្លាមៗទាន់នៅក្តៅឧណ្ហៗ ព្រោះនឹងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ​ បំបាត់ស្រ្តេសបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែសូមកុំទទួលទានច្រើនពេកព្រោះអាចបណ្តាលឱ្យមានអាការៈរាករូសបាន។ មួយវិញទៀតលោកអ្នកក៏អាចយកស្លឹកក្រូចសើច (ហាលស្ងួត) ប្រមាណ១ក្តាប់ដៃ មកឆុងជាមួយនឹងទឹកក្តៅ ទទួលទានដូចជាតែដូច្នោះដែរ (អាចទទួលទានជារៀងរាល់ថ្ងៃ មួយថ្ងៃ៣ទៅ៤ដង)។

២) ផ្លែស្ពឺ៖

រូបតំណាង
រូបតំណាង

- គុណសម្បត្តិ៖ កាត់បន្ថយអាការៈគិតច្រើន ស្មុគស្មាញ ធ្វើឱ្យងងុយគេងលឿនជាងមុន
- វិធីធ្វើ៖ យកផ្លែស្ពឺចាស់១ផ្លែមកលាងទឹកឱ្យស្អាត ហាន់ជាចំណិតតូចៗល្មម ហើយច្របាច់យកតែទឹកដាក់កែវ បន្ទាប់មកថែមអំបិល១ស្លាបព្រាកាហ្វេ ហើយចាក់ទឹកក្តៅឧណ្ហៗចូលបន្តិច កូរចូលគ្នាឱ្យសព្វល្អ។ អាចទទួលទានម្តង១កែវរាល់ព្រឹក និងល្ងាច មុនទទួលទានអាហារ។

៣) ផ្លែល្ហុង៖

រូបតំណាង
រូបតំណាង

- គុណសម្បត្តិ៖ ជួយសម្រួលផ្លូវដង្ហើមបានយ៉ាងល្អ បម្រុងខួរក្បាល និងប្រព័ន្ធប្រសាទ។
- វិធីធ្វើ៖ យកល្ហុងប្រមាណ៨ខាំទៅ១គីឡូ បកសំបកលាងទឹកឱ្យស្អាត ឆ្កឹះគ្រាប់ចេញ ហើយហាន់សាច់វាជាចំណិតតូចៗល្មម។ បន្ទាប់មកយកវាទៅដាំជាមួយទឹកស្អាត១លីត្រ។ លុះដល់ដាំដល់ពុះហើយ ត្រងដោយក្រណាត់ស្អាតហើយនាំយើទៅដាំម្តងទៀត។ ម្តងនេះអាចដាក់លាយជាមួយស្លឹកតែចំនួន១ក្តាប់ដៃ (តែប្រភេទណាក៏បាន) ហើយដាំរហូតដល់ពុះ។ ទឹកល្ហុងដែលធ្វើរួចនេះអាចនាំមកទទួលទានដូចជាទឹកតែបានរាល់ថ្ងៃ ជួយឱ្យគេងលក់ស្រួលជាងមុន។

៤) មើមខ្ជាយ៖

រូបតំណាង
រូបតំណាង

- គុណសម្បត្តិ៖ ជួយបញ្ចុះសម្ពាធឈាម ធ្វើឱ្យឈាមរត់ស្រួល ខួរក្បាលមានដំណើរការល្អ អារម្មណ៍ស្រស់ថ្លា បំបាត់អាការៈធីងធោងពេលសម្រាកមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅជាដើម។
- វិធីធ្វើ៖ យកមើមខ្ជាយប្រមាណជា១ខាំ លាងទឹកឱ្យស្អាតហើយបកសំបកចេញ។ បន្ទាប់មកយកទៅក្រឡុក ឬបុកឱ្យម៉ត់ យកមកលាយជាមួយទឹកស្អាត២កែវ។ ក្រោយមកទៀតត្រងយកកាកចេញ។ អាចនាំទឹករបស់មើមខ្ជាយទៅផ្សំជាមួយទឹកឃ្មុំ និងក្រូចឆ្មា ដើម្បីបន្ថែមរសជាតិ។ តែប៉ុណ្ណេះលោកអ្នកក៏ទទួលបាននូវទឹកឱសថបុរាណ១កែវដែលអាចធ្វើអារម្មណ៍ភ្លឺថា បំភ្លេចទុកកង្វល់សម្រាន្តលក់ស្រួលជាងរាល់ដង។

៥) ស្រទាប់ផ្កាឈូក៖

រូបតំណាង
រូបតំណាង

- គុណសម្បត្តិ៖ មនុស្សភាគច្រើនច្បាស់ជាមិនសូវបានដឹងទេថា ស្រទាប់របស់ផ្កាឈូកអាចយកមកធ្វើជាតែ ជួយឱ្យខួរក្បាលស្រឡះ បំបាត់ការនឿយហត់ និងធ្វើឱ្យគេងលក់ស្រួលបានយ៉ាងល្អ។
- វិធីធ្វើ៖ ប្រើស្រទាប់ផ្កាឈូកដែលទុំជិតជ្រុះប្រមាណជា៥ស្រទាប់ យកមកដាំជាមួយទឹកស្អាត១លីត្រ (ដាំឱ្យពុះប្រមាណជា១០នាទី)។​ បន្ទាប់មកទុកឱ្យត្រជាក់ ឬអាចទទួលទានទាំងនៅក្តៅឧណ្ហៗដូចជាតែ។ អាចទទួលទានបានម្តង១កែវ ១ថ្ងៃ ៣ទៅ៤ ដង។

៦) ម្រេច៖

រូបតំណាង
រូបតំណាង

- គុណសម្បត្តិ៖ ធ្វើឱ្យអារម្មណ៍ជ្រះស្រឡះ ជួយបន្ថយស្រ្តេស ធ្វើគេងលក់ស្រួលមួយយប់ទល់ភ្លឺ។
- វិធីធ្វើ៖ នាំយកដើមម្រេច (ប្រមាណ១ក្តាប់ដៃ) មកកាត់ជាកង់ៗតូចល្មម  ហើយហាលឱ្យស្ងួត បន្ទាប់មកយកមកលីងទុកឱ្យត្រជាក់មួយស្របក់។ ក្រោយមកទៀតអាចនាំយកទៅដាក់នៅក្នុងប៉ាន់ ឬកំសៀវ រួចចាក់ទឹកក្តៅចូលពីលើសម្រាប់យកមកទទួលទានដូចជាទឹកតែ។ អាចទទួលទានបានមួយថ្ងៃ ៣ទៅ៤ដង។​

៧) ផ្កាម្លិះ៖

រូបតំណាង
រូបតំណាង

- គុណសម្បត្តិ៖ តាមការសិក្សាថ្មីៗជាច្រើនកន្លងមកនេះបានបង្ហាញថា ក្លិនក្រអូបរបស់ផ្កាម្លិះនឹងជួយឱ្យអ្នកមានអារម្មណ៍ល្អ បំបាត់ភាពស្មុគស្មាញ ជួយឱ្យគេងលក់ស្រួលជាងមុន៥ដង។
- វិធីធ្វើ៖ អាចដាំផ្កាម្លិះនៅក្នុងបន្ទប់គេង ឬនៅក្នុងផ្ទះដើម្បីជួយធ្វើឱ្យបរិយាកាសស្រស់ស្រាយ គេងលក់ស្កប់ស្កល់ សុបិនល្អរាលថ្ងៃ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T