សហរដ្ឋអាមេរិក ៖ លោក Phil Neville ដែលជាគ្រូបង្វឹករបស់ក្លិប Inter Miami នៅឯសហរដ្ឋអាមេរិក បានបង្ហើបការយល់ឃើញផ្ទាល់ខ្លួនថា Manchester United មិនគួរទិញយក ខ្សែប្រយុទ្ធ Harry Kane នោះឡើយ ព្រោះវានឹងក្លាយជាឧបសគ្គដល់ ខ្សែប្រយុទ្ធ Mason Greenwood ដែលជាកីឡាករវ័យក្មេងកំពុងអភិវឌ្ឍខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកគ្រូបង្វឹក Ole Gunnar Solskjaer ចង់ទិញយកខ្សែប្រយុទ្ធមកបន្ថែមទៀត ហើយ Harry Kane ដែលបច្ចុប្បន្នលេងនៅក្លិបខ្នាយមាន់មាស Tottenham Hotspur ជាកីឡាករស្ថិតក្នុងជម្រើសរបស់ក្លិប ខណៈគេរកបានដល់ទៅ ២៨គ្រាប់ និងបញ្ជូនបាល់ ១៧គ្រាប់ទៀត។

យ៉ាងណាមិញ លោក Phil Neville បែរជាគិតថា ក្លិបមិនគួរទិញយក Kane មកឡើយ ហើយជម្រើសដែលល្អបំផុតគឺ ព្យាយាមបញ្ចុះបញ្ចូលឲ្យ ខ្សែប្រយុទ្ធ Edinson Cavani ស្នាក់នៅបន្តទៀតព្រោះលោកជឿថា ការមកដល់របស់ Harry Kane អាចធ្វើឲ្យ Greenwood ដែលជាកីឡាករដែលបញ្ចប់ទីល្អជាងគេក្នុងក្រុមលែងមានឱកាសបានបញ្ចេញសមត្ថភាព។


លោក Neville បានថ្លែងប្រាប់ talkSPORT ថា៖
បើជាខ្ញុំ ខ្ញុំនឹងព្យាយាមបញ្ចុះបញ្ចូលឲ្យ Edinson Cavani ស្នាក់នៅបន្តមួយរដូវកាលទៀត។ ខ្ញុំគិតថាបើយើងនិយាយពីកីឡាករឆ្នើមម្នាក់ គឺ Cavani នេះហើយជាកីឡាករលំដាប់ថ្នាក់ពិភពលោក។ ខ្ញុំដឹងថាមានមនុស្សជាច្រើននិយាយពី Harry Kane (ផ្ទេរមក Man UTD) ហើយខ្ញុំក៏គិតដែរថា Harry Kane ជាកីឡាករលំដាប់កំពូលមួយរូប ប៉ុន្តែខ្ញុំគិតថាបើព្យាយាមឃាត់ Cavani ឲ្យស្នាក់នៅបន្ត ក្លិបគឺពុំចាំបាច់ចំណាយប្រាក់សន្ធឹកសន្ធាប់ដូចឲ្យ Kane នោះឡើយ។ ហើយមួយទៀត ខ្ញុំគិតថាបើសិនក្លិបទិញយក Kane មក វានឹងជះឥទ្ធិពលអាក្រក់ដល់ Mason Greenwood គឺដូចជាបិទខ្ទប់ឱកាសរបស់គេក្នុងការអភិវឌ្ឍខ្លួនទៅមុខដែលខ្ញុំគិតថា Mason ជាកីឡាករពូកែបញ្ចប់ទីជាងគេ។ ខ្ញុំគិតថា Man UTD ត្រូវតែត្រួសត្រាយផ្លូវដើម្បីឲ្យ Mason greenwood ក្លាយជាខ្សែប្រយុទ្ធពេញលេញមួយរូប។ គេនឹងក្លាយជាខ្សែប្រយុទ្ធ កណ្ដាលមួយរូបដ៏ល្អម្នាក់ ខ្ញុំគិតថាបើគេព្យាយាមឲ្យខ្លាំងជាងនេះ គេនឹងក្លាយជាខ្សែប្រយុទ្ធដ៏ល្អទាំងនៅ Manchester United និងជម្រើសជាតិអង់គ្លេស។

ប្រភព៖ metro
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload