នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​បេះដូង ​និង​បរិវេណ​ទ្រូង​ វា​អាច​ជា​សញ្ញា​​​ដ៏​គ្រោះថ្នាក់​មួយ​ មិន​ថា​វា​កើត​ឡើង​នៅ​ពេល​ណា​ក៏​ដោយ​។​ ប្រសិនបើ​គ្នា​យើង​ឈឺ​ចាប់​​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​ៗ​ ភាគ​ច្រើន​គឺ​បណ្ដាល​មក​ពី​ការ​ក្រហាយ​ទ្រូង​។​ យ៉ាង​ណា​មិញ​ យើង​មិន​ត្រូវ​មើល​ស្រាល​អាការៈ​ឈឺ​ទ្រូង​នេះ​ឡើយ​ និង​គប្បី​ស្វែងរក​ដំបូន្មាន​វេជ្ជសាស្ត្រ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។

១. ការ​ក្រហាយ​ទ្រូង

នៅ​ពេល​ដែល​យើង​លេប​អាហារ​ ​វា​នឹង​​រំកិល​ពី​​ក្នុង​បំពង់​អាហារ​​ចូល​ទៅ​ក្នុង​ក្រពះ​ តាម​រយៈ​សាច់​ដុំខ្ចិប​បំពង់​អាហារ​ផ្នែក​ខាង​ក្រោម​ ។​ សាច់​ដុំ​នេះ​បន្ធូរ​បន្ថយ​ដើម្បី​ឲ្យ​អាហារ​ឆ្លង​កាត់​ទៅ​ក្នុង​ក្រពះ​ ហើយ​បន្ទាប់​មក​រឹត​បន្តឹង​ ដើម្បី​ការពារ​ពី​ការ​ហូរ​ត្រលប់​ក្រោយ​ចូល​ទៅ​ក្នុង​បំពង់​អាហារ​វិញ​។​ អាការៈ​ក្រហាយ​ទ្រូង​កើត​ឡើង​នៅ​ពេល​ដែល​សាច់​ដុំ​នេះ​បន្ធូរបន្ថយ​ ឬ​ចុះ​ខ្សោយ​ ដែល​អាច​​នាំ​ឲ្យ​អាស៊ីដ​ក្រពះ​ហូរ​ទៅ​ក្នុង​បំពង់​អាហារ​។​ ការ​ញ៉ាំ​ច្រើន​ជ្រុល​អាច​ដាក់​សម្ពាធ​​នៅ​លើ​សាច់​ដុំ​បំពង់​អាហារ​ផ្នែក​ខាង​ក្រោម​ ដែល​ធ្វើ​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង​។​

ជា​ទូទៅ​ ការ​ក្រហាយ​ទ្រូង​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឆាប់​គេង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​ ឬ​មក​ពី​អាហារ​មួយ​ចំនួន​ ដូចជា​អាហារ​ហឹរ​ អាហារ​ដែល​មាន​ខ្លាញ់​ ឬ​កាហ្វេអ៊ីន​។​ បន្ថែម​ពី​ការ​ឈឺ​ចាប់​នៅ​បរិវេណ​ទ្រូង​ ការ​ក្រហាយ​ទ្រូង​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​បំពង់​ក​ និង​មាន​រសជាតិ​ជូរ​នៅ​ក្នុង​មាត់​របស់​យើង​ផង​ដែរ​។

២. ជំងឺ​ច្រាល​ទឹក​ក្រពះ​

​​​ប្រសិនបើ​​គ្នា​យើង​ជួប​ប្រទះ​ការ​ឈឺ​បេះដូង​​ជា​ប្រចាំ​ បន្ទាប់​ពី​ញ៉ាំ​អ្វី​មួយ​ នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ​។​ ​ជំងឺ​នេះ​គឺ​ជា​​ការ​ចាល់​អាស៊ីដ​រ៉ាំរ៉ៃ​ ដែល​កើត​ឡើង​ច្រើន​ជាង​២​ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​ និង​មាន​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ពីរ​បី​សប្ដាហ៍​។​ ​រោគ​សញ្ញា​សំខាន់​បំផុត​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ​គឺ​ការ​ក្រហាយ​ទ្រូង​។​ រី​ឯ​សញ្ញា​ដទៃ​ទៀត​មាន​ដូចជា​ ឈឺ​​ទ្រូង​ ដង្ហក់​ ចង្អោរ​ ក្អួត​ ឈឺ​បំពង់​ក​ ខ្យល់​ដង្ហើម​មិន​ល្អ និង​ក្អក​ស្ងួត​។​ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ ជំងឺ​​នេះ​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ការ​ហូរ​ឈាម​បំពង់​អាហារ​ បញ្ហា​ផ្លូវ​ដង្ហើម​ និង​​ធ្វើ​ឲ្យ​បំពង់​អាហារ​រួម​តូច​​ថែម​ទៀត​ផង​។​

៣. បញ្ហា​នៃ​ការ​រំលាយ​អាហារ​ដទៃ​ទៀត

​មិន​មែន​តែ​អាការៈ​​ក្រហាយ​ទ្រូង​ និង​ជំងឺ​ច្រាល​ទឹក​ក្រពះ​​នោះ​ទេ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​បរិវេណ​បេះដូង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ​សូម្បី​តែ​​ដំណើរ​កន្ត្រាក់​​នៃ​បំពង់​អាហារ​ ការ​ពិបាក​រំលាយ​អាហារ​ ឬ​ឈឺ​ថង់​ប្រមាត់ ក៏​អាច​​ជះ​ឥទ្ធិពល​ដូច​គ្នា​។​ អាការៈ​ឈឺ​​ថង់​ប្រមាត់​ ដែល​ត្រូវ​បាន​សម្គាល់​ដោយ​ការ​ឈឺ​ទ្រូង​ ចង្អោរ​ និង​ឈឺ​នៅ​បរិវេណ​ពោះ​ ក៏​កើត​ឡើង​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់។​

៤. សញ្ញា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​

​​​​​ទោះបី​ជា​ការ​ឈឺ​បេះដូង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ច្រើន​តែ​ទាក់ទង​ទៅ​នឹង​បញ្ហា​រំលាយ​អាហារ​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។​ សញ្ញា​នៃ​អាការៈ​គាំង​បេះដូង​ រួម​មាន​សម្ពាធ​ភ្លាម​ៗ ឬ​ការ​ឈឺចាប់​​នៅ​កណ្ដាល​ទ្រូង​ ​ដែល​នៅ​តែ​បន្ត​កើត​ឡើង​ច្រើន​ជាង​ពីរ​បី​នាទី​ ហត់ ចុក​ទ្រូង​ បែកញើស​ ឈឺ​ក្បាល​ វិល​មុខ​ និង​ចង្អោរ​។​ ការ​ឈឺ​ទ្រូង​ដែល​ពាក់ព័ន្ធ​នឹង​ការ​គាំង​បេះដូង​អាច​រាលដាល​ដល់​ខ្នង​ ក​ ​ស្មា​ ថ្គាម​ ពោះ​ ដៃ​ និង​ជា​ពិសេស​គឺ​ដៃ​ឆ្វេង​តែ​ម្ដង​។​ ប្រសិនបើ​គ្នា​យើង​សង្ស័យ​ថា​​យើង​​មាន​អាការៈ​គាំង​បេះដូង ចូរ​ប្រញាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ