បារាំង៖ ខ្សែប្រយុទ្ធ Neymar Jr. ជឿជាក់ថា ក្លិប Paris Saint-Germain របស់ខ្លួនអាចយកឈ្នះក្លិបមេឃខៀវ Manchester City នៅជើងទី២ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League បាន។

នៅជើងទី១ PSG បានចាញ់ក្រោមថ្វីជើង Man City ១ ទល់នឹង ២ ក្នុងដីខ្លួនឯងដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនិងអាម៉ាស់ជាខ្លាំង ព្រោះក្រុមមួយនេះធ្លាប់ទម្លាក់ Barcelona និង Bayern Munich យ៉ាងស្រួល។



យ៉ងណាមិញ ខ្សែប្រយុទ្ធ Neymar Jr. នៅតែរក្សាភាពសុទិដ្ឋិនិយម ថា PSG នឹងបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ហើយគេថែមទាំងបានបោះពាក្យសម្ដីថា គេនឹងធ្វើគ្រប់យ៉ាងសូម្បីស្លាប់លើទីលាន ឲ្យតែបានយកឈ្នះ Man City និងបានឡើងទៅវគ្គបន្ទាប់។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានថ្លែងថា៖
អ្វីដំបូងដែលត្រូវធ្វើគឺផ្ដោតសមាធិលើការប្រកួត Champions League ។ ពួកយើងពិតជាជួបនឹងស្ថានការណ៍លំបាកនៅជើងទី១ ទល់នឹង Manchester City ប៉ុន្តែពួកយើងត្រូវតែមានជំនឿជាក់ដោយមិនគិតពីស្ថិតិនិងភាគរយនៃការឈ្នះឬចាញ់នោះឡើយ។ ខ្ញុំគិតថាអ្នកគាំទ្រ Paris ទាំងអស់ត្រូវតែជឿជាក់លើពួកយើង ខ្ញុំនឹងនៅតំបន់ប្រយុទ្ធ ជាអ្នកចម្បាំងដំបូងគេដែលវាយលុកក្នុងការប្រកួតសម្រាប់ក្រុមរបស់យើង។ ខ្ញុំនឹងបង្ហាញសមត្ថភាពរបស់ខ្ញុំទាំងប៉ុន្មានឲ្យអស់ និងធ្វើគ្រប់យ៉ាងដើម្បីឲ្យពួកយើងទទួលបានជ័យជម្នះ បើទោះបីជាខ្ញុំត្រូវស្លាប់នៅលើទីលានក៏ដោយ។

គួររម្លឹកផងដែរថា ការប្រកួតជើងទី២រវាង Manchester City និង PSG នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា វេលាម៉ោង២ទាបភ្លឺ៕

ប្រភព៖ goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload