អង់គ្លេស៖ អ្នកគាំទ្រក្លិបបិសាចក្រហម Manchester United ជាច្រើនរយនាក់បានប្រមូលផ្ដុំគ្នាលុកលុយ កីឡដ្ឋាន Old Trafford ដោយកាន់ផ្លាកតវ៉ាឲ្យលោក Joel Glazer ចុះចេញពីតំណែងនិងលក់ក្លិបនេះឲ្យអ្នកផ្សេងព្រមទាំងដុតផ្សែងពណ៌ហ៊ុយទ្រលោមពេញនោះ។


ការតវ៉ាដែលធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំនេះធ្វើឲ្យការប្រកួតរវាង Manchester United និង Liverpool ត្រូវបង្ខំចិត្តផ្អាកបណ្ដោះអាសន្នដោយមិនទាន់មានការជូនដំណឹងណាមួយថានឹងធ្វើឡើងនៅថ្ងៃណានោះឡើយ។


សារព័ត៌មាន Sky Sports បានបង្ហើបឲ្យដឹងទៀតថា អ្នកគាំទ្រខ្លះថែមទាំងបានចូលទៅតវ៉ាដល់ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ទៀតផង ខណៈអ្នកគាំទ្រមួយក្រុមធំទៀតបានព្យាយាមចូលទៅកាន់សណ្ឋាគារ Lowry ដែលជាកន្លែងកីឡាករ Manchester United ស្នាក់នៅ ប៉ុន្តែត្រូវប៉ូលិសចូលមករារាំងផងដែរ។

ដើមឡើយ អ្នកគាំទ្រ Manchester United អស់ទាំងនេះបានបើកការតវ៉ានៅម៉ោងប្រមាណ ៤ និង ៣០នាទី និងមិនព្រមបញ្ឈប់ងាយៗនោះឡើយទើបក្របខណ្ឌPremier League ចាំបាច់ត្រូវប្រកាសពន្យាពេលការប្រកួតតែម្ដង។

ដោយឡែក ក្លិប Manchester United បានចេញសេចក្ដីប្រកាសមួយថា៖
បន្ទាប់ពីបើកការពិភាក្សាជាមួយប៉ូលិសនិងខាងក្របខណ្ឌ Premier League រួចមក គឺពួកយើងសម្រេចពន្យាពេលការប្រកួតរវាង Manchester United និង Liverpool ដោយសារតែពួកយើងបារម្ភពីសុវត្ថិភាពជុំវិញការតវ៉ារបស់អ្នកគាំទ្រនៅថ្ងៃនេះ។ ការពិភាក្សាជាថ្មីនឹងធ្វើឡើងម្ដងទៀតនៅខាង Premier League ដើម្បីកំណត់ថ្ងៃប្រកួតម្ដងទៀត។ អ្នកគាំទ្ររបស់ពួកយើងពិតជាស្រឡាញ់និងងប់ងល់នឹងយើងណាស់ ហើយពួកយើងដឹងថាអ្នកទាំងអស់គ្នាមានសិទ្ធិបង្ហាញអារម្មណ៍និងតវ៉ាដោយសន្តិភាព ប៉ុន្តែ ទង្វើរបស់អ្នកតវ៉ាទល់នឹងក្រុមរបស់ពួកយើង ធ្វើឲ្យអ្នកគាំទ្រដទៃទៀត ប៉ូលិស និងបុគ្គលិកក្លិបស្ថិតក្នុងគ្រោះអាសន្ន។ ក្នុងនោះដែរ ពួកយើងក៏អរគុណដល់ប៉ូលិសដែលផ្ដល់ការគាំទ្រដល់យើង និងជួយពួកយើងស៉ើបអង្កេតលើរឿងនេះបន្តទៀត។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗកន្លងទៅនេះ អ្នកគាំទ្រមួយក្រុមរបស់ Man UTD ក៏បានចូលទៅលុកលុយដល់ក្នុងទីលានហ្វឹកហាត់របស់កីឡាករដែរតែត្រូវលោកគ្រូ Ole Gunnar Solskjaer ដោះស្រាយជាមួយ ប៉ុន្តែការតវ៉ាលើកនេះមានលក្ខណៈទ្រង់ទ្រាយធំ គឺមានមនុស្សមិនតិចជាងរយនាក់ឡើយ ដោយគោលបំណងធំរបស់ពួកគេគឺសុំឲ្យម្ចាស់ក្លិបគឺលោក Joel Glazer និងគ្នីគ្នា ប្រញាប់លក់ក្លិបនេះឲ្យឆាប់ បន្ទាប់ពីលោករួមចំណែកឲ្យ Man UTD ចូលរួមក្នុង European Super League ៕


សូមទស្សនាទិដ្ឋភាពនៃការតវ៉ាដូចខាងក្រោម៖
ប្រភព៖ metro
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload