ជាការពិតណាស់វ័យកាន់តែចាស់ បញ្ហាសុខភាពក៏នឹងកើតមានឡើងច្រើនដែរ។ ប៉ុន្តែ ការយល់ដឹងពីបញ្ហាសុខភាព អាចមានប្រយោជន៍ជួយមនុស្សយើងអាចការពារ ឬសម្រាលបញ្ហាទាំងនេះបាន។ ខាងក្រោមនេះ ជាបញ្ហាទូទៅច្រើនកើតមានលើមនុស្សវ័យចំណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. លេចនោម ឬទល់លាមក
បញ្ហាលេចនោមដោយមិនដឹងខ្លួន និងទល់លាមក ជាលក្ខខណ្ឌបញ្ហាសុខភាពមួយដែលច្រើនកើតមានលើមនុស្សវ័យចំណាស់ ដែលនាំឲ្យប៉ះពាល់គុណភាពជីវិត។ បញ្ហានេះ អាចកើតឡើងដោយសារការបាត់បង់សមត្ថភាពគ្រប់គ្រងសាច់ដុំ និងបញ្ហារបបអាហារ។
២. ការចងចាំធ្លាក់ចុះ
ការចងចាំធ្លាក់ចុះ ជាបញ្ហាសុខភាពមួយរបស់មនុស្សវ័យចំណាស់។ បញ្ហានេះមានដូចជាជំងឺចាស់វង្វេង ដែលជាប្រភេទជំងឺធ្ងន់ធ្ងរមួយ។ អ្នកជំងឺដែលមានបញ្ហាធ្លាក់ចុះការចងចាំធ្ងន់ធ្ងរ ចាំបាច់ត្រូវមានអ្នកមើលថែប្រចាំ។
៣. បាត់បង់លំនឹង
ការដួល ជាបញ្ហាមួយរបស់មនុស្សវ័យចំណាស់ ដែលនាំឲ្យមានរបួសកើតឡើងបាន។ ការដួល អាចកើតឡើងដោយសារតែមនុស្សវ័យចំណាស់ជួបបញ្ហាបាត់បង់លំនឹង ឈរ ឬដើរ គ្មានលំនឹងល្អ។ គ្នាយើងមានសមាជិកគ្រួសារជាមនុស្សវ័យចំណាស់ ត្រូវតែយកចិត្តទុកដាក់រឿងនេះឲ្យមែនទែន។
៤. បញ្ហាមាត់ធ្មេញ
មនុស្សវ័យចំណាស់មិនតិចនាក់ទេ ដែលជួបបញ្ហាសុខភាពមាត់ធ្មេញ ដូចជាបញ្ហាអញ្ចាញធ្មេញ និង ពុកធ្មេញ។ មនុស្សវ័យចំណាស់ដែលជួបបញ្ហាទាំងនេះ នឹងអាចបាត់បង់ធ្មេញ ហើយនាំឲ្យមានការពិបាកញ៉ាំអាហារ។
៥. បញ្ហាឆ្អឹង
មនុស្សវ័យចំណាស់ក៏ងាយនឹងកើតមានជំងឺរលាកសន្លាក់ឆ្អឹង និងពុកឆ្អឹង។ មនុស្សមានអាយុចាប់ពី៥០ឆ្នាំឡើង អាចមានបញ្ហារលាកសន្លាក់ឆ្អឹងហើយ ពិសេសអ្នកមានអាយុ៨០ឆ្នាំ ឬលើសពីនេះងាយកើតជាងគេ។
៦. បញ្ហាផ្លូវដង្ហើម
ជំងឺផ្លូវដង្ហើមមួយចំនួន ដូចជាជំងឺហឺត និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម អាចធ្វើឲ្យសុខភាពមនុស្សវ័យចំណាស់កាន់តែអាក្រក់។ មនុស្សវ័យចំណាស់ ជាក្រុមមនុស្សដែលងាយកើតជំងឺឆ្លងដែលប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម។
ក្រៅពីនេះ មនុស្សវ័យចំណាស់ក៏អាចប្រឈមជំងឺទឹកនោមផ្អែម ខ្សោយភ្នែក ខ្សោយត្រចៀក បញ្ហាបេះដូង និងខ្វះអាហារូបត្ថម្ភផងដែរ។ ដោយសារតែមនុស្សវ័យចំណាស់អាចជួបបញ្ហាសុខភាពច្រើនយ៉ាង ការដឹងពីបញ្ហាសុខភាពទាំងនេះ អាចជួយឲ្យមនុស្សវ័យចំណាស់បង្ការខ្លួន ឬគ្រប់គ្រងស្ថានភាពសុខភាពនេះបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet