អឺរ៉ុប៖ ក្លិបបាល់ទាត់ Inter Milan និង Atletico Madrid បានប្រកាសជាផ្លូវការថា ពួកគេបានផ្ដាច់ខ្លួនចេញពី European Super League ។



កាលពីថ្ងៃទី១៨ខែមេសា លោកប្រធាន Florentino Perez បានប្រកាសពីការបង្កើត Super League ឡើងដោយមានក្លិបទាំង១២ចូលរួម ប៉ុន្តែថ្មីៗនេះដោយសារមានបញ្ហាចម្រូងចម្រាសពី UEFA, FIFA, La Liga, Serie A និង Premier League ដោយរងការគាបសង្កត់មិនឲ្យក្លិបនិងកីឡាករចូលលេងពាន UCL, World Cup, ពានក្នុងលីគ និងជម្រើសជាតិទើប Manchester City, Chelsea, Manchester United, Arsenal និងTottenham Hotspur ប្រកាសផ្ដាច់ខ្លួនវិញ ហើយពេលនេះ Inter Milan និង Atletico Madrid ក៏មិនចង់បន្តទៀតដែរ។

ក្លិប Inter Milan បានបង្ហោះសារផ្លូវការទាក់ទងនឹងការផ្ដាច់ខ្លួនចេញពី Super League នេះថា៖
FC Internazionale Milano បានបញ្ជាក់ថាក្លិបលែងជាសមាជិករបស់គម្រោង Super League ទៀតហើយ។ ពួកយើងតែងតែប្តេជ្ញាផ្ដល់នូវបទពិសោធន៍នៃបាល់ទាត់ ការអភិវឌ្ឍបាល់ទាត់ ដល់អ្នកគាំទ្រកីឡាបាល់ទាត់ ដោយសារនេះជា DNA របស់ពួកយើងតាំងពីដើមរៀងមក។ ពួកយើងសូមបន្តធ្វើការងារជាមួយវិទ្យាស្ថានក៏ដូចជាបណ្ដាស្ថាប័ន នានាដើម្បីផ្ដល់អនាគតដ៏ល្អមួយសម្រាប់បាល់ទាត់ដែលពួកយើងស្រឡាញ់។

ចំណែកក្លិប Atletico Madrid វិញបានថ្លែងថា៖
គណៈគ្រប់គ្រងរបស់ក្លិប The Atletico de Madrid បានចូលរួមប្រជុំកាលពីព្រឹកមិញនេះ និងបានសម្រេចមិនបន្តធ្វើជាផ្នែកមួយនៃ Super League ទៀតនោះឡើយ។ សម្រាប់ក្លិប ភាពចុះសម្រុងនិងរួបរួមគ្នារវាងក្លិបបាល់ទាត់នានា ស្ថាប័នទាំងអស់ និងអ្នកគាំទ្រគឺពិតជាពិសេស។ កីឡាករឈុតធំព្រមទាំងគ្រូបង្វឹកទាំងអស់ពេញចិត្តនឹងការសម្រេចចិត្តរបស់ក្លិប។

ប្រភព៖ goal