អឺរ៉ុប៖ ក្របខណ្ឌបាល់ទាត់ថ្មីមានឈ្មោះថា European Super League បានប្រកាសផ្អាកដំណើរការគម្រោងនេះបណ្ដោះអាសន្នបន្ទាប់ពីក្លិបធំៗទាំង៦នៅ Premier League រួមមាន Manchester United, Manchester City,Liverpool,Arsenal, Tottenham Hotspur និង Chelsea បានប្រកាសដកខ្លួនចេញជាផ្លូវការ។


Super League ទើបតែប្រកាសបង្កើតឡើងបាន៤៨ម៉ោងប៉ុណ្ណោះប៉ុន្តែទទួលបានការរិះគន់យ៉ាងលើសលប់ពីសំណាក់ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាលទាត់ អ្នកវិភាគបាល់ទាត់ គ្រូបង្វឹកនិងកីឡាករជាច្រើនទៀត ដោយមានអ្នកគាំទ្របានធ្វើបាតុកម្មបញ្ឈប់ក្លិបរបស់ពួកគេមិនឲ្យចូលរួម។


យ៉ាងណាមិញ ក្រោយក្លិបនៅអង់គ្លេសទាំងអស់ប្រកាសដកខ្លួនព្រមៗគ្នា Super League មានពាក្យចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថាខាង ក្លិបយក្សនៅអេស្ប៉ាញពីរទៀតគឺ Barcelona និង Atletico Madrid ក៏កំពុងពិភាក្សាដកខ្លួនចេញពីគម្រោងនេះផងដែរ ដូចគ្នានឹង Inter Milan និង AC Milan ដោយនៅសល់តែ Real Madrid និង Juventus ប៉ុណ្ណោះដែលនៅមិនទាន់រង្គោះរង្គើ។

European Super League បានបង្ហោះសារមួយបញ្ជាក់ថាពួកគេនឹងផ្អាកដំណើរការនេះបណ្ដោះអាសន្នដោយត្រូវការពេលវេលាកែច្នៃលើគម្រោងនេះឡើងវិញ៖
European Super League ជឿជាក់ថាស្ថានភាពរបស់លីគថ្មីនេះត្រូវតែមានការផ្លាស់ប្ដូរ។ ពួកយើងកំពុងធ្វើការកែប្រែគម្រោងនៃការប្រកួតបាល់ទាត់នៅអឺរ៉ុប ព្រោះគម្រោងចាស់នេះដំណើរការមិនបានឡើយ។ គម្រោងរបស់ពួកយើងគឺទាក់ទងនឹងការរកប្រភពធនធាន ព្រមទាំងធ្វើឲ្យបាល់ទាត់មានស្ថេរភាព ដែលរួមទាំងជួយក្លិបទាំងអស់ឆ្លងកាត់វិបត្តិហិរញ្ញវត្ថុ ដែលជាលទ្ធផលនៃវិបត្តិជំងឺកូវីដ១៩។ បើទោះបីជាក្លិបនៅអង់គ្លេសបានប្រកាសដកខ្លួនដោយសារងសំពាធពីសំណាក់មជ្ឈដ្ឋានខាងក្រៅក៏ដោយក៏ពួកយើងនៅតែគិតថាគម្រោងរបស់ពួកយើងស្របទៅតាមច្បាប់របស់អឺរ៉ុប។ ក្នុងស្ថានការណ៍បែបនេះពួកយើងនឹងធ្វើការកែច្នៃគម្រោងនេះឡើងវិញ។

គួរបញ្ជាក់ផងដែរថា ក្រោយ European Super League ប្រកាសបង្កើតឡើង ខាង UEFA,FIFA, Premier League, La Liga បានចេញមុខប្រឆាំងតវ៉ាដាច់អហង្ការនិងព្រមានថាក្លិបណាដែលហ៊ានចូលរួមលីគថ្មីនេះនឹងត្រូវហាមឃាត់មិនឲ្យចូលលេងនៅ UCL, World Cup,ការប្រកួតក្នុងលីគ ឬសូម្បីការប្រកួតជម្រើសជាតិផ្សេងៗទៀត៕

ប្រភព៖ metro