អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធក្លិប Chelsea កីឡាករ Hakim Ziyech បានលើកឡើងថា រូបគេកំពុងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីវិលត្រឡប់ទៅរកភាពខ្លាំងដូចមុនជាថ្មី ហើយ រូបគេសប្បាយចិត្តក្នុងការលេងបាល់ក្រោមការដឹកនាំរបស់លោក Thomas Tuchel។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Ziyech បានចាកចេញពី Ajax មកកាន់ Chelsea កាលពីមុនចាប់ផ្តើមរដូវកាលថ្មីប៉ុន្តែរូបគេមិនទាន់បង្ហាញការលេងបានល្អនៅឡើយដោយអាចស៊ុតបញ្ចូលទីបានតែបួនគ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២៩ប្រកួត និង ខកខានស៊ុតបញ្ចូលទី ឬ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលក្នុងក្របខណ្ឌ Premier League តាំងពីខែវិច្ឆិកាឆ្នាំ២០២០មកម្ល៉េះ។

Ziyech បាននិយាយថា៖
Chelsea កំពុងតែលេងបានល្អក្រោមការដឹកនាំរបស់លោក Tuchel ដូច្នេះខ្ញុំគិតថាគ្រប់គ្នានៅក្នុងក្រុមរីករាយចំពោះការដឹកនាំរបស់គាត់។ សម្រាប់ខ្ញុំវិញ ការមកដល់ទីនេះខ្ញុំបានចាប់ផ្តើមទទួលរង់របួសភ្លាម ដូច្នេះកាយសម្បទារបស់ខ្ញុំនៅពេលមកដល់ គឺ នៅក្រោមគេបាត់ទៅហើយ។ ដើម្បីឲ្យវិលត្រឡប់មកភាពដើមវិញ ខ្ញុំត្រូវតែប្រឹងប្រែងក្នុងការហ្វឹកហាត់ ប៉ុន្តែវាទាមទារពេលវេលាបន្តិច។ ខ្ញុំជាប្រភេទមនុស្សដែលតែងតែជឿជាក់លើខ្លួនឯង និង ប្រឹងប្រែងក្នុងការហ្វឹកហាត់។ ខ្ញុំដឹងពីអ្វីដែលខ្ញុំអាចធ្វើបាន ហើយ ខ្ញុំទុកចិត្តលើខ្លួនឯង៕


ប្រភព៖ metro