អង់គ្លេស៖ ខ្សែបម្រើ Paul Pogba នៃក្លិបបិសាចក្រហម Manchester United បានចោទ លោកគ្រូបង្វឹក Jose Mourinho ដែលជាអតីតគ្រូបង្វឹករបស់ Man UTD ថាលោកគ្រូជាមនុស្សដែលចូលចិត្តប្រឆាំងនិងរករឿងកីឡាករក្នុងក្រុមខ្លួនឯង ដែលនោះជាអ្វីដែលគ្រូបង្វឹកបច្ចុប្បន្ន Ole Gunnar Solskjaer មិនដែលធ្វើនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិបារាំងរូបនេះក៏បាននិយាយពីសម្ព័ន្ធភាពដ៏ចម្លែករវាងគេនិង Mourinho ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur ផងដែរ។

Jose Mourinho ធ្លាប់ដឹកនាំ Man UTD ពីឆ្នាំ២០១៦ ដល់ ២០១៨ ហើយកំលុងពេលនោះ ខ្សែបម្រើ Paul Pogba ក៏មានរឿងទាស់ទែងជាមួយ Mourinho ដោយសារលោកគ្រូបានចោទប្រកាន់ថាគេបានសើចសប្បាយនឹងបរាជ័យរបស់ Man UTD ទល់នឹង Man City ។

Pogba បានរៀបរាប់ប្រាប់ Sky Sports ថា៖
អ្វីដែលខ្ញុំគិតគឺ Ole ពិតជាខុសប្លែកពីគាត់(Jose Mourinho) ត្រង់ចំណុចដែល Ole មិនដែលទៅរករឿងឬទាស់ទែងនឹងកីឡាករក្នុងក្រុមនោះឡើយ។ មានពេលខ្លះដែល Ole មិនជ្រើសរើសយកអ្នកនេះអ្នកនោះប៉ុន្តែគាត់មិនដែលទុកកីឡាករចោលទៅកៀនជញ្ជាំងដូចពួកគេគ្មានរូបរាងនោះឡើយ។ នោះហើយជាភាពខុសប្លែកគ្នារវាង Mourinho និង Ole ។ ពេលខ្លះខ្ញុំមានសម្ព័ន្ធភាពល្អជាមួយ Mourinho ប៉ុន្តែពេលក្រោយ អ្នកមិនអាចទាយបានទេថាមានអ្វីកើតឡើង។ នោះជារឿងចម្លែកមួយដែលខ្ញុំមានជាមួយ Mourinho ហើយខ្ញុំពិតជាមិនអាចពន្យល់វាទៅអ្នកបានទេព្រោះខ្ញុំខ្លួនឯងក៏មិនដឹងដែរ។ ខ្ញុំគិតថាប្រហែលវិធីនៃការដឹកនាំរបស់ Solskjaer គឺធ្វើឲ្យគាត់រាងជិតដិតនឹងកីឡាករក្នុងក្រុម។

ប្រភព៖ thesun