លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលនៅយប់ថ្ងៃ ១៤ មេសានេះបានបង្ហើប​តាម​រយៈ​បណ្តាញទំនាក់ទំនងតេលេក្រាមដោយអំពាវនាវឲ្យពលរដ្ឋជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​កូវីដ​១៩។ ក្នុងនោះលោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុង​ការរក​ម្ហូប​អាហារ​ទទួលទាននោះឡើយ។ ការអំពាវនាវយ៉ាងដូច្នេះធ្វើឡើងក្រោយមានលេចឮព័ត៌មានខ្លះទាក់ទិននឹងការបិទ ឬបម្រាម​មិនឱ្យចេញចូល​ពីខណ្ឌ​មួយទៅខណ្ឌមួយ ឬពីស្រុកមួយទៅស្រុកមួយនៅរាជធានីភ្នំពេញរយៈពេល ​២សប្តាហ៍ ខណៈនៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុកឯនោះវិញ​មានទិដ្ឋភាព​បង្ហាញ​ថាពលរដ្ឋក្នុងក្រុងមួយចំនួនកំពុងសម្រុកទិញទំនិញ និងស្បៀងទុក។

លោកស្រី ឱ វណ្ណឌីន បានប្រាប់ឲ្យពលរដ្ឋរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុក​ទៅ​ផ្សារ​ដែលបង្កើតបាន​ជាភាព​កកកុញ​ និង​បង្ក​ជា​ហានិភ័យ។​

«ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុក​ទៅ​ផ្សារ​ដែលបង្កើត​បានជាភាពកកកុញមនុស្សច្រើន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀត​ដល់បងប្អូន​ក្នុងការ​ឆ្លងវីរុស​កូវីដ-១៩​។ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែង​ប្រជ្រៀតគ្នា​ខ្លាំងពេកនោះ ឬកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡើង ហើយមិនមានពាក់ម៉ាស់ និងលាងដៃ​ញឹក​ញាប់ទេនោះ»។

អ្នកនាំពាក្យសុខាភិបាលរូបនេះបន្តថា៖ «ត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជា​ទី​បំផុត ក្នុងការដើរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត បានយ៉ាងងាយស្រួលដោយមិន​មានរបាំងហាមឃាត់ ឬសម្លាប់​វីរុស​ដ៏សាហាវនេះនោះ។ សុំជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាល ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទ​ជិត​ឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡើយ»។

គួរបញ្ជាក់ថា គិតមកទល់ថ្ងៃ ១៤មេសា ២០២១នេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុបចំនួន ៤៨៧៤ នាក់ អ្នកជា​សះ​​ស្បើយ ២២៩០នាក់ អ្នកកំពុងព្យាបាល ២៥៤៤ នាក់ និងអ្នកស្លាប់ ៣៥ នាក់។ ហើយគិតត្រឹមយប់ថ្ងៃទី១៣ ខែ​មេសា ២០២១ ប្រជាជនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចសរុប ១,១៧០,០២៩នាក់៕

រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ