អាជ្ញាធរខេត្តបាត់ដំបងឱ្យដឹងថាក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៥ និង២៦ខែមិថុនាឆ្នាំ២០២៥ ចំនួនប្រជាពលរដ្ឋឆ្លងដែនចូលទឹកដីកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងមានចំនួន២៩៤៩ នាក់ ក្នុងនោះស្រ្តី១៣៨៣នាក់ និងកុមារចំនួន៥៤នាក់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក សឿម ប៊ុនរិទ្ធអភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានផ្តល់របាយការណ៍បន្ថែមថាក្នុងចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងជិត៣ពាន់នាក់ខាងលើនេះ មានពលករខ្មែរចំនួន១៧២៧នាក់ ក្នុងនោះស្រ្តី៧៧៥នាក់ ។
របាយការណ៍បញ្ជាក់លម្អិតថានៅថ្ងៃទី២៥ខែមិថុនា មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជា ១.២៨០នាក់, ស្រី ៥៩៧នាក់, កុមារ ០៨នាក់, ក្នុងនោះពលករចំនួន ៧៧២នាក់, ស្រី ៣២៩នាក់ និងថ្ងៃទី២៦ខែមិថុនាចំនួនប្រជាពលរដ្ឋត្រឡប់ចូលប្រទេសមានការកើនឡើងជាងថ្ងៃម្សឹល ដោយប្រជាពលរដ្ឋខ្មែរចូលចំនួន ១.៦៦៩នាក់, ស្រី ៧៨៦នាក់, កុមារ ៤៦នាក់, ក្នុងនោះពលករចំនួន ៩៥៥នាក់, ស្រី ៤៤៦នាក់ ។
ខេត្តបាត់ដំបងមានច្រកទ្វារព្រំដែនឈមជាមួយប្រទេសថៃចំនួន៥ក្នុងនោះមានច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់៤០០ ។
លោកសឿម ប៊ុនរិទ្ធ បានបន្ថែមថានៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៥នេះច្រកព្រំដែនខេត្តបាត់ដំបងចំនួនបួន គឺច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួលភាគីថៃបានបើកទ្វារច្រកជាឯកតោភាគីនៅម៉ោង៨ព្រឹក និងបិទម៉ោង៤រសៀលប៉ុន្តែមិនឱ្យដំណើរការធម្មតានោះទេ ចំណែកច្រកទ្វារតំបន់៤០០ គឺភាគីថៃបន្តបិទដដែល ចំណែកភាគីកម្ពុជាមិនរត់តាមភាគីថៃនោះទេ គឺបិទច្រកទ្វារទាំង៥ដដែល ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានលើកឡើងថា ខាងថៃប្រើល្បិចកល គឺគ្រាន់តែបើកច្រកទ្វារព្រំដែនដើម្បីថតផ្សាយ ថាថៃជាអ្នកបើកច្រក ចោទកម្ពុជាថាអ្នកបិទ ប៉ុន្តែធាតុពិតថៃបើកច្រកតែមិនឱ្យចេញចូលធម្មតានោះទេ ចំណែក ជំហ រាជរដ្ឋាភិបាលកម្ពុជាដាច់ខាតមិនអាចធ្វើដូចថៃបិទបើកៗ តាមចិត្តខ្លួននឹកឃើញនោះទេ ។ជំហកម្ពុជា បិទគឺបិទហើយ លើកលែងតែពលករត្រឡប់មកស្រុកវិញ អ្នកជំងឺឈឺធ្ងន់ និងសិស្សសាលាឆ្លងកាត់ទៅវិញទៅមកប៉ុណ្ណោះ ៕
ប្រភព៖ ក្រសួងព័ត៌មាន

