អឺរ៉ុប៖ តាមការអះអាងរបស់លោក Wagner Ribeiro ដែលត្រូវជាភ្នាក់ងារផ្ទាល់ខ្លួនរបស់ Neymar បានឱ្យដឹងថាក្លិប Real Madrid ធ្លាប់បានស្នើរចង់បាន Neymar ក្នុងតម្លៃ ៣០០ លានអឺរ៉ូ ឬស្មើរនឹង (៣៥៧ លានដុល្លាអាមេរិក) កាលពីឆ្នាំ ២០១៩ ប៉ុន្តែក្លិប Paris Saint Germain បានបញ្ជាក់យ៉ាងច្បាស់ថាទោះបីឱ្យ ១ ពាន់លាន ក៏មិនគ្រប់គ្រាន់សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្លិបយក្សនៅ Ligue 1 បានបំបែកកំណត់ត្រាកាលពីរដូវក្តៅឆ្នាំ ២០១៧ ក្នុងការនាំយកតារាឆ្នើមរបស់ទ្វីបអាមេរិកខាងត្បូងពីក្រុមអ្នកមានបុណ្យ FC Barcelona ពោលគឺតម្លៃផ្តាច់កុងត្រា ២២២ លានអឺរ៉ូ ឬស្មើនឹង (២៦៤ លានដុល្លាអាមេរិក)។

យោងតាមប្រសាសន៍របស់លោក Ribeiro ថ្លែងប្រាប់គេហទំព័រ L’Equipe យ៉ាងដូច្នេះថា៖
ខ្ញុំចាំបានថា, នៅពេលនោះគាត់កៀកនឹងផ្ទេរទៅកាន់ក្លិប Real Madrid ទៅហើយ។ ក្លិប Real Madrid បានដាក់ស្នើនាំយក Neymar ពី PSG ក្នុងតម្លៃ ៣០០ លានអឺរ៉ូ ឬស្មើនឹង (៣៥៧ លានដុល្លាអាមេរិក)។ នេះតាមអ្វីដែលលោក Florentino Perez បានចរចារជាមួយខ្ញុំ ប៉ុន្តែ លោក Al-Khelaifi (ប្រធានក្លិប PSG) បានជំទាស់យ៉ាងខ្លាំង។ គាត់បាននិយាយថា ទោះបីឱ្យ ១ ពាន់លាន ក៏គាត់មិនអនុញ្ញាតឱ្យ Neymar ចាកចេញដែរ៕

ប្រភព៖ Goal