អេស្ប៉ាញ៖ កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យកន្លងទៅ ក្លិប Barcelona បានធ្វើដំណើរទៅប្រកួតជាមួយ អធិរាជស Real Madrid នៅឯទីក្រុងម៉ាឌ្រីដក្នុងជំនួប El Clasico នៃក្របខណ្ឌ La Liga ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចប់ការប្រកួត Real Madrid បានយកឈ្នះ Barcelona ២ ទល់នឹង ១ ដោយ២គ្រាប់នោះស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Karim Benzema នៅនាទីទី១៣ និង Toni Kroos នៅនាទីទី២៨ ខណៈដែលខាង Barcelona គឺខ្សែការពារ Oscar Mingueza រកបាននៅនាទីទី៦០។


ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ សកម្មភាពរបស់ខ្សែការពារ Gerard Pique បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតរួចរាល់គឺគេបានដើរទៅរករឿងលោកអាជ្ញាកណ្ដាល Jesus Gil Manzano ដោយសារតែលោកអាជ្ញាកណ្ដាលផ្ដល់ម៉ោងបន្ថែមតិចពេក។

លោកអាជ្ញាកណ្ដាលបានសម្រេចចិត្តថែមមួយប្រាំនាទីដោយសារតែសម្រាកតង់ទី១យូរជាងធម្មតាព្រោះត្រូវការទុកដាក់ឧបករណ៍របស់អាជ្ញាកណ្ដាលទើប Pique មិនពេញចិត្តនិងគិតថាលោកអាជ្ញាកណ្ដាលគួរឲ្យផ្ដល់ម៉ោងបន្ថែមយូរជាងនេះ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចូលមករករឿងលោក Manzano ថា៖
អ្នកឲ្យម៉ោងថែមតិចពេកហើយ អ្នកបានចាកចេញពីទីលាន(កំលុងពេលសម្រាកតង់)យូរជាងធម្មតា!
លោក Carlos Naval ដែលជាសមាជិកម្នាក់ក្នុងក្រុមការងារដែលធ្វើដំណើរមកដែរបានព្យាយាមចូលមករារាំងមិនឲ្យ Gerard Pique រករឿងតែ Pique បាននិយាយថា៖
ឲ្យខ្ញុំនិយាយទៅ!ឲ្យខ្ញុំនិយាយទៅ!'

បន្ទាប់មកគេក៏ទទួលបានកាតលឿងមួយទុកជាអនុស្សាវរីយ៍ពីបទតាមរំខានអាជ្ញាកណ្ដាល។

វីដេអូដែល Pique ចូលមករកលោក Manzano បានចែកចាយពេញបណ្ដាញសង្គមអ៊ីនធើណេត ដែលនេះមិនមែនជាលើកទីមួយឡើយដែល Pique ចេញមុខនិយាយជំនួសក្រុម។

បរាជ័យរបស់ Barcelona ទល់នឹង Real Madrid នេះធ្វើឲ្យក្លិបធ្លាក់មកឈរនៅលេខរៀងទី៣នៅ ក្នុងតារាង La Liga ដោយលេខ២ គឺ Atletico Madrid ខណៈ Real Madrid បានឡើងមកកំពូលតារាងវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ goal