អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid និង អ្នកមានបុណ្យ Barcelona នឹងត្រូវប្រកួតតទល់ជាមួយគ្នាក្នុងជំនួបដែលគេឲ្យឈ្មោះថា El Clasico នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២ ទាបភ្លឺនេះ ហើយដែលជាការប្រកួតក្នុងក្របខណ្ឌ La Liga ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែកមុនជួបគ្នាលើទីលានជាផ្លូវការ ខ្សែប្រយុទ្ធ Karim Benzema ដែលធ្លាប់ចូលរួមប្រកួត El Clasico នេះរាប់មិនអស់ បាននិយាយថា Barcelona មានកីឡាករឆ្នើមពីររូបដែលក្នុងនោះគឺ កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ដែលហ៊ានធ្វើគ្រប់យ៉ាងសម្រាប់ក្លិប និង អ្នកចាំទីដៃស្អិត Marc Andre-Ter Stegen ផងដែរ ហើយកីឡាករសញ្ជាតិបារាំងនេះក៏បានបន្ថែមដែរថា Lionel Messi តែងតែជាគូប្រកួតមួយដ៏គ្រោះថ្នាក់សម្រាប់ Real Madrid ។




Karim Benzema បានថ្លែងប្រាប់ La Liga TV ថា៖
ពួកគេ( Barcelona) ពិតជាមានឱកាសគ្រប់គ្រងបាល់ច្រើនណាស់ ហើយពួកគេក៏មានអ្នកចាំទីល្អម្នាក់(Marc Andre-Ter Stegen) និង Messi ដែលជាកីឡាករហ៊ានធ្វើអ្វីគ្រប់យ៉ាងទាំងអស់សម្រាប់ Barcelona ។ ពួកយើងត្រូវតែបង្កើនការប្រុងប្រយ័ត្នព្រោះគេពិតជាកីឡាករដ៏គ្រោះថ្នាក់ម្នាក់។

គួររម្លឹកផងដែរថា ប្រវត្តិជួបគ្នានៃការប្រកួត El Clasico នេះគឺ ក្លិបទាំងពីរធ្លាប់ជួបគ្នាចំនួន ២៧៨ ប្រកួត ដោយ Barcelona ឈ្នះបានច្រើនជាង Real Madrid គឺដល់ទៅ ១១៥ដង ហើយកីឡាករដែលបង្ហាញខ្លួនក្នុងការប្រកួតនេះបានច្រើនជាងគេគឺ Sergio Ramos ដែលជាប្រធានក្រុម Real Madrid ខណៈ កីឡាករស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងការប្រកួតនេះគឺ ខ្សែប្រយុទ្ធ Lionel Messi ៕

ប្រភព៖ goal