បរទេស៖ អតីតសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Franco Di Santo បានលើកឡើងថា Lionel Messi គួរតែបន្តធ្វើតាមបេះដូងក្នុងការស្នាក់នៅ Barcelona ក្រោយបញ្ចប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កុងត្រារបស់ Messi នៅ Barcelona នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ហើយអាចចាកចេញពីកីឡដ្ឋាន Camp Nou ដោយគ្មានតម្លៃខ្លួន។ កាលពីមុនចាប់ផ្តើមរដូវកាលថ្មីកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើក៏មានបំណងចង់ចាកចេញពី Barcelona ផងដែរ ប៉ុន្តែ ត្រូវបានក្លិបបានបដិសេធពីព្រោះក្លិបចង់បានតម្លៃខ្លួនផ្តាច់កុងត្រាខ្ពស់ពីក្រុមដែលចង់បាន Messi។ ប្រសិនបើ Messi ចាកចេញពិតមែន Manchester City និង Paris Saint Germain ជាក្លិបដែលមានភាគរយខ្ពស់ក្នុងការអន្ទងចិត្តរូបគេបាន។

Franco បាននិយាយថា៖
Messi សាកសមនឹងទទួលបានការគោរពនៅ Barcelona ពីអ្វីដែលគាត់ធ្លាប់ឈ្នះនៅទីនោះ។ វាជាការប្រកួតជាក្រុម ប៉ុន្តែ ផ្នែកដ៏ធំមួយនៃប្រវត្តិសាស្រ្តរបស់ក្រុម គឺ កើតចេញពីគាត់។ ខ្ញុំគិតថាប្រសិនបើគ្មានគាត់ នោះ Barcelona នឹងមិនអាចឈ្នះពានរង្វាន់ជាច្រើនបានឡើយ។ វាជារឿងដ៏អស្ចារ្យក្នុងការឃើញគាត់បន្តកិច្ចសន្យាថ្មីជាមួយក្រុម។ ខ្ញុំចង់ឲ្យគាត់លេងនៅ Barcelona ដើម្បីបន្តកេរ្តិ៍ដំណែលរបស់គាត់។ ប្រសិនបើខ្ញុំជា Messi នោះ ខ្ញុំនឹងមិនខ្វល់ពីសម្តីរបស់មនុស្សខាងក្រៅឡើយ និង បន្តធ្វើតាមបេះដូងរបស់ខ្ញុំ៕

ប្រភព៖ goal