អេស្ប៉ាញ៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer នៃក្លិបបិសាចក្រហម Manchester United បានកោតសរសើរខ្សែការពារ Victor Lindelof មិនដាច់ពីមាត់ បន្ទាប់ពីក្រុមរបស់លោកគ្រូបានយកឈ្នះ Granada ២ ទល់នឹង ០ នៅវគ្គ៨ក្រុមពាន Europa League ជើងទី១កាលពីយប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
២ គ្រាប់ដែលរកបានដោយខ្សែប្រយុទ្ធMarcus Rashford នៅនាទីទី៣១ដោយមានការបញ្ជូនពី Victor Lindelof និងបាល់ប៉េណាល់ទីរបស់ Bruno Fernandes នៅនាទីទី៩០បាននាំជោគជ័យមកឲ្យ Manchester United ធ្វើឲ្យលោកគ្រូ Solskjaer សប្បាយចិត្តខ្លាំងណាស់។


ថ្លែងបន្ទាប់ពីចប់ការប្រកួត លោកគ្រូបានកោតសរសើរ Lindelof ថា៖
ខ្ញុំពិតជាកោតសរសើរ Victor(Lindelof) ណាស់ គេនេះហើយជាអ្នកធ្វើឲ្យពួកយើងលេងត្រូវជើងគ្នា ហើយគេពិតជាបញ្ជូនបាល់បានល្អខ្លាំងណាស់ ជាពិសេសគឺរួមចំណែកជួយគ្រាប់បាល់ទី១។ វាមិនមែនជាការប្រកួតដ៏ល្អឥតខ្ចោះសម្រាប់ពួកយើងទេ ពួកយើងទទួលបានកាតលឿង ប៉ុន្តែជ័យជំនះ ២ ទល់នឹង០ នេះពិតជាលទ្ធផលដ៏ល្អ។ ពួកយើងដឹងថាបើមកដល់ទឹកដីអេស្ប៉ាញហើយគឺត្រូវតែយកលទ្ធផលល្អត្រឡប់ទៅវិញ។ ពួកយើងជាក្រុមមួយដែលមិនទាន់ល្អណាស់ណាទេ គឺកំពុងរៀនសូត្រជាបណ្ដើរៗ ពួកយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៀតហើយពួកយើងមិនគួរសម្រាកនោះឡើយ។


គួររម្លឹកផងដែរថា ការប្រកួតជើងទី២ រវាង Manchester United និង Granada នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះហើយ៕


សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖
ប្រភព៖ metro