អង់គ្លេស៖ អតីតខ្សែបម្រើរបស់ក្លិបបិសាចក្រហម Manchester United គឺលោក Luke Chadwick បានណែនាំដល់ខ្សែបម្រើ Jesse Lingard ថាគេគួរតែរៀបចំបង្វេចចាកចេញពីទឹកដី Old Trafford និងទៅចូលរួមជាមួយ West Ham បើសិនចង់មានអនាគតល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវ Man UTD ដាក់ឲ្យ West Ham ខ្ចីជើងមួយរដូវកាលដោយ Lingard បានចាកចេញទៅលេងនៅទឹកដីទីក្រុងឡុងដ៍តាំងពីខែមករាមកម៉្លេះ ហើយតាំងពីផ្លាស់ទៅទីនោះ រូបគេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោស្ទើរតែមិនជឿ ទើបត្រូវលោកគ្រូបង្វឹក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសសាជាថ្មី។

Lingard រកបាន៦គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៣គ្រាប់ថែមទៀតដោយចំណាយពេលបង្ហាញខ្លួនឲ្យ West Ham តែ៨ប្រកួតគត់ក្នុងក្របខណ្ឌ Premier League ដែលស្ថិតិនេះអាចអន្ទងចិត្តឲ្យ Manchester United ហៅគេមកឲ្យលេងនៅក្លិបវិញប៉ុន្តែលោក Chadwick បែរជាគិតថា Jesse Lingard មិនគួរងាកក្រោយនិងដើរតាមដានចាស់នោះគឺត្រឡប់ទៅលេងឲ្យ Man UTD នោះឡើយហើយគេគួរតែចុះកុងត្រាក្លាយជាកីឡាករផ្លូវការរបស់ West Ham ព្រោះលោកគិតថាលោកគ្រូ Ole Gunnar Solskjaer នៅតែជ្រើសរើសខ្សែបម្រើ Bruno Fernandes ជាជម្រើសដំបូង មិនមែន Lingard នោះឡើយ។


លោក Chadwick បានថ្លែងប្រាប់ Caughtoffside ថា៖
វាពិតជារឿងមួយគួរឲ្យចាប់អារម្មណ៍ព្រោះគ្មានកីឡាករណាលេងល្អដូចគេនៅ Premier League នោះឡើយ ។ ខ្ញុំគិតថា Ole ស្រឡាញ់ចូលចិត្ត Lingard ប៉ុន្តែមិនអាចដាក់គេឲ្យចូលលេងជាជម្រើស១១នាក់ដំបូងនោះទេ។ ខ្ញុំគិតថាដល់អាយុប៉ុណ្ណេះហើយ អាជីពរបស់ Lingard គួរតែមានភាពរីកចម្រើនជាងមុនហើយ West Ham គួរតែជាផ្ទះដ៏ស័ក្តិសមសម្រាប់គេ។ គេជាកីឡាករដែលមានជំនឿជឿជាក់ខ្ពស់ ដូច្នេះវាអាចធ្វើឲ្យ West Ham ល្អប្រសើរឡើង។ ខ្ញុំគិតថា West Ham សមនឹងគេណាស់ព្រោះគេជាកីឡាករដ៏អស្ចារ្យម្នាក់ តែបើសិនបន្តលេងនៅ Man UTD គឺគេប្រជែងមិនឈ្នះ Bruno Fernandes ឡើយ។ វានឹងក្លាយជារឿងល្អបើគេផ្ទេរទៅ West Ham៕

ប្រភព៖ caughtoffside