ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​នៅ​ពេល​លំពែង​មិន​បាន​​ផលិត​អ័រម៉ូន​អាំងស៊ុយលីន​គ្រប់​គ្រាន់ ឬរាង​កាយ​មិន​អាច​ប្រើ​អាំងស៊ុយ​លីន​ត្រឹមត្រូវ​។ អាំងស៊ុយលីន​ជួយ​ដឹក​នាំ​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម​ចូល​ទៅ​ក្នុង​កោសិកា​។ ពេល​ចូល​ទៅ​ក្នុង​កោសិកា ជាតិ​ស្ករ​នឹង​ត្រូវ​បំប្លែង​ភ្លាម​ៗ​ទៅជា​ថាមពល​សម្រាប់​ប្រើ​ប្រាស់ និង​ទុកបម្រុង​ប្រើ​ប្រាស់។ ថាមពល​ទាំង​នេះ ជំរុញ​ដល់​គ្រប់​ដំណើរ​ការ​នៃ​រាង​កាយ​របស់​យើង​។

១. ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១

ជំងឺ​ទឹក​នោម​ប្រភេទ​១ កើត​ឡើង​ពេល​លំពែង​ផលិត​អាំង​ស៊ុយ​លីន​បាន​តិច​តួច ឬ​មិន​អាច​ផលិត​បាន​ទាល់​តែ​សោះ​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ត្រូវ​ចាក់​អាំង​ស៊ុយ​លីន​​រាល់ថ្ងៃ ដើម្បី​ជំនួស​អាំង​ស៊ុយ​លីន​ដែល​រាង​កាយ​មិន​អាច​ផលិត​បាន​។​ ជំងឺ​ប្រភេទ​នេះ ភាគច្រើន​ឃើញ​កើត​មាន​ច្រើន​លើ​កុមារ ប៉ុន្តែ​វា​នៅ​តែ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ដែរ​។

២. ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២​

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ជា​ជំងឺ​កើត​ច្រើន ហើយ​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែល​ពី​៩០​ទៅ​៩៥​ភាគ​រយ ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។ ជំងឺ​នេះ ធ្វើ​ឲ្យ​​រាង​កាយ​របស់​យើង​ធន់​ទៅ​នឹង​សកម្មភាព​របស់​​អាំង​ស៊ុយ​លីន មាន​ន័យ​ថា​រាង​កាយ​​មិន​អាច​ប្រើ​អាំង​ស៊ុយ​លីន​បាន​ត្រឹម​ត្រូវ​ ជា​ហេតុ​នាំ​ឲ្យ​មិន​អាច​នាំ​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​កាន់​កោសិកា​បាន​។

មនុស្ស​យើង​ទំនង​អាច​វិវត្ត​ទៅ​ជា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ២ ប្រសិន​ជា​យើង​ជា​មនុស្ស​លើស​ទម្ងន់ មាន​ប្រវត្តិ​សមាជិក​គ្រួសារ​មាន​ជំងឺ​ទឹក​នោ​ម​ផ្អែម ឬ​មាន​ប្រវត្តិ​មាន​ជំងឺ​ទឹក​នោម​ផ្អែ​ម​ពេល​ពពោះ​។ សម្រាប់​ក្រុម​មនុស្ស​ខ្លះ​ទៀត ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ​ពេល​មាន​វ័យ​លើ​សពី​៤៥​ឆ្នាំ។ វីធី​សាមញ្ញ​មួយ​អាច​បញ្ជាក់​ថា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ឬ​អត់ គឺ​ការ​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​។​

៣. ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ

ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ គឺ​​ជា​​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម​កើត​មាន​ជា​បណ្ដោះ​អាសន្ន ពេល​ស្រី​ៗ​មាន​ផ្ទៃពោះ​។ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ មិន​មាន​រោគ​សញ្ញា​នោះ​ទេ ដូច​នេះ​ស្រ្តី​ភាគ​ច្រើន​ត្រូវ​ធ្វើ​តេស្ត​ជាតិ​ស្ករ​​នៅ​ពេល​ណា​មួយ​ក្នុង​អំឡុង​ពេល​ពពោះ​។

បើ​សិន​ជា​ស្រ្តី​កំពុង​ពពោះ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ គឺ​ត្រូវ​អនុវត្ត​របប​អាហារ​ពិសេស​រហូត​ដល់​សម្រាល​កូន​រួច​​។ ក្នុង​ករណី​ខ្លះ ស្រ្តី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​ត្រូវ​ការ​ចាក់​អាំង​ស៊ុយ​លីន​ដែរ​។

ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពោះ​អាច​កើត​លើ​ស្រ្តី​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ជា​អ្នក​លើស​ទម្ងន់​ជា​ដើម។ ជំងឺ​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ស្រ្តី​យើង​សម្រាល​កូន​រួច ហើយ​ក៏​មានដែរ​​ស្រ្តី​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​វិវត្ត​ទៅជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​ នៅ​ពេល​ក្រោយ​មក​ទៀត​។

៤. ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​

ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម កើត​ឡើង​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា ប៉ុន្តែ​មិន​ទាន់​ឡើង​ដល់​កម្រិត​ដែល​ត្រូវ​ចាត់​ទុក​ថា​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​។ បើ​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​ឡើង យូរៗ​ទៅ ​យើង​អាច​មាន​ឱកាស​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង បញ្ហា​សរសៃឈាម​ខួរ​ក្បាល និង​អាច​ប្រឈម​នឹង​ការ​វិវត្ត​ទៅជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ផង​ដែរ​។

ហាក់​ពិបាក​បន្តិច អ្នក​មាន​បញ្ហា​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នេះ ពិបាក​ក្នុង​ការ​កំណត់​រោគ​សញ្ញា​ណាស់ មនុស្ស​ជា​ច្រើន​មាន​បញ្ហា​សុខភាព​នេះ និង​មិន​បាន​ដឹង​ខ្លួន​នោះ​ទេ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ