អេស្ប៉ាញ៖ យោងតាមការរាយការណ៍ ខ្សែប្រយុទ្ធ Joao Felix បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ និងកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័កដាច់ដោយឡែកពីគេពីឯងដោយស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលធ្វើឲ្យលោកគ្រូបង្វឹក Diego Simeone ប្រឈមនឹងក្ដីកង្វល់ព្រោះគេជាខ្សែប្រយុទ្ធដ៏មុតស្រួចក្នុងក្រុមខណៈការប្រកួតក្នុងក្របខណ្ឌ Champions League ទល់នឹង Chelsea នៅវគ្គ១៦ក្រុមកាន់តែខិតចូលមកដល់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករសញ្ជាតិព័រទុយកាល់រូបនេះនឹងត្រូវសម្រាកព្យាបាលរយៈពេលដប់ថ្ងៃបន្ទាប់ពីគណនីផ្លូវការរបស់ក្លិប Atletico Madrid បានបញ្ជាក់ហើយថា Felix ពិតជាបានឆ្លងជំងឺកាចសាហាវនេះពិតប្រាកដមែន។
កាលចូលលេងជាមួយ Cadiz កាលពីថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទនេះ Felix ដូចជាមិនបានបង្ហាញអាការៈនឿយហត់ឬឈឺថ្កាត់ណាមួយឡើយ ដោយទើបតែឆ្លងពេលដែលក្លិបធ្វើតេស្តគេថ្មីៗនេះនោះឯង។
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះត្រូវបានគេសន្និដ្ឋានថាអាចនឹងឆ្លងពីមិត្តរួមក្រុម Yannick Carrasco និងMario Hermoso កាលពីបួនថ្ងៃមុនដែលកំពុងបង្កក្ដីលំបាកដល់លោកគ្រូ Simeone ជាខ្លាំង។
ដូច្នេះការប្រកួតបន្ទាប់របស់ Atletico Madrid ទល់នឹង Celta Vigo និង Granada នឹងគ្មានវត្តមានរបស់ Felix នោះឡើយ ប៉ុន្តែគេអាចនឹងមានឱកាសចូលលេងទល់នឹង Levante នៅថ្ងៃទី១៦កុម្ភៈនេះបើសិនគេជាសះស្បើយទាន់៕
ប្រភព៖ goal