អង់គ្លេស៖ វាជារឿងគួរឲ្យតក់ស្លុតមួយដែលក្រុមជើងឯកពាន Premier League រដូវកាលមុន ហង្សក្រហម Liverpool ចាញ់ក្រុម Brighton ក្នុងទឹកដី Anfield របស់ខ្លួនឯង ក្នុងលទ្ធផល១ ទល់នឹង ០ ដែលស៊ុតដោយខ្សែប្រយុទ្ធ Steven Alzate នៅនាទីទី៥៦។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បរាជ័យនេះបានធ្វើឲ្យ Liverpool រកគ្រាប់បាល់មិនទាន់បានទេក្នុងការប្រកួត៣ចុងក្រោយក្នុងទឹកដីខ្លួននៅរដូវកាលនេះដែលនេះជាកំណត់ត្រាដ៏អាក្រក់មួយដែលមិនធ្លាប់កើតមានឡើងចាប់តាំងពីឆ្នាំ១៩៨៤ មកម៉្លេះ។

យ៉ាងណាមិញ ក្រោយចប់ការប្រកួត ខ្សែការពារ Andy Robertson របស់ Liverpool បានចេញមុខនិយាយចំៗតែម្ដងថា Liverpool ពេលនេះគ្មានសមត្ថភាពអាចប្រជែងយកពាន Premier League នោះឡើយបន្ទាប់ពីមើលឃើញថាតំបន់ប្រយុទ្ធដែលគ្មានខ្សែប្រយុទ្ធ Sadio Mane មើលទៅមិនល្អដូចរាល់ដងព្រោះក្នុងការប្រកួតនេះ Liverpool ស៊ុតចំគោលដៅបានតែម្ដងគត់។

ពេលនេះLiverpool ឈរនៅលេខរៀងទី៤ ចាញ់ក្រុមកំពូលតារាង Manchester City ដល់ទៅ៧ពិន្ទុ ស្របពេល Man City គេនៅសល់មួយប្រកួតទៀតក្នុងដៃឯណោះដែលធ្វើឲ្យ Robertson គិតថាក្ដីស្រមៃដែលចង់ឈោងចាប់ពាន Premier League ម្ដងទៀតវាហាក់បីដូចជានៅឆ្ងាយណាស់។

ថ្លែងប្រាប់សារព័ត៌មាន BBC ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត Robertson បាននិយាយថាក្រុមរបស់គេពិតជាលេងមិនបានល្អទេ៖
Brighton ជាក្រុមដែលលេងល្អជាងពួកយើង ពួកយើងពិតជាខកចិត្តខ្លាំងសម្បើមណាស់ ខ្ញុំចង់លើកសរសើរក្រុមខាងណោះដែលលេងបានល្អ ពួកគេបានបង្កើតឱកាស និងដាក់សំពាធមករកពួកយើង ដែលពួកគេធ្វើអីគ្រប់យ៉ាងដែលពួកយើងចង់ធ្វើ។ពួកយើងដូចជាមិនបានធ្វើអីជាដុំកំភួនសោះ កាលពីមុនពួកយើងបានរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងផ្ទះតែឥលូវនេះយើងចាញ់ពីរប្រកួតជាប់ៗគ្នានៅ Anfield ហើយ។ពួកយើងបានប្រើយុទ្ធសាស្ត្រខុសៗគ្នាពីការប្រកួតមួយទៅការប្រកួតមួយទៀត ពួកយើងព្យាយាមរកវិធីលេងដើម្បីទទួលបានលទ្ធផលល្អ ជាពិសេសគឺការប្រកួតនៅក្នុងទឹកដី។

ទាក់ទងទៅនឹងការប្រកួតបន្ទាប់របស់ Liverpool ទល់នឹង Manchester City នៅថ្ងៃអាទិត្យម៉ោង១១:៣០ នាទីខាងមុខ ខ្សែការពារសញ្ជាតិស្កុតឡែន៍រូបនេះគិតថាវាមិនមែនជាការប្រកួតដ៏ងាយស្រួលទេ។
ឲ្យតែប្រកួតណាប៉ះនឹង Manchester City វាមិនមែនងាយស្រួលឡើយ នៅពេលនេះ ពួកយើងមិនទាំងមានលទ្ធភាពដណ្ដើមពានផង ពួកយើងចាញ់ពួកគេ៧ពិន្ទុឯណោះ ហើយគេនៅសល់មួយប្រកួតទៀតក្នុងដៃ ខ្ញុំប្រាកដចិត្តថាពួកគេនឹងនិយាយដូចខ្ញុំពេលនេះអ៊ីចឹងបើសិនពួកគេចាញ់ពិន្ទុពួកយើង ពួកយើងត្រូវតែប្រឹងប្រែងដើម្បីកសាង Liverpool ឲ្យដូច Liverpool ដែលគ្រប់គ្នាស្គាល់។ពួកយើងនៅតែជាក្រុមដ៏ល្អ គ្រាន់តែពួកយើងលេងមិនបានល្អនៅយប់នេះ៕

ប្រភព៖ goal