អង់គ្លេស៖ អតីតកីឡាកររបស់ក្លិបបិសាចក្រហម Manchester United គឺលោក Luke Chadwick បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថាលោកចង់ឲ្យក្លិបទិញយកខ្សែបម្រើ Jack Grealish ពី Aston Villa មិនថាអស់ប្រាក់ច្រើនប៉ុណ្ណាក៏ដោយ ព្រោះលោកគិតថា Grealish ជាជម្រើសដ៏សក្តិសមសម្រាប់យកមកជំនួសខ្សែបម្រើPaul Pogba បើសិនកីឡាករសញ្ជាតិបារាំងរូបនេះចាកចេញពីទឹកដី Old Trafford ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងប្រាប់សារព័ត៌មាន CaughtOffside លោក Chadwick បានបង្ហើបអារម្មណ៍ពិតថាលោកពិតជាខកចិត្តណាស់ដែលឃើញ Pogba គ្រោងនឹងចាកចេញពី Manchester United នៅរដូវក្ដៅខាងមុខ បន្ទាប់ពីប្រភព Fabrizio Romano បានបង្ហើបប្រាប់កាលពីសប្តាហ៍មុនថា ភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola នឹងព្យាយាមបញ្ចុះបញ្ចូលខ្សែបម្រើរូបនេះឲ្យចាកចេញទើបលោកគិតថា Man UTD គួរតែសម្លឹងរកមើលកីឡាករដែលអាចមកជំនួសតំណែង Pogba បណ្ដើរៗទើបល្អ។

លោក Chadwick បានថ្លែងថា៖
វាពិតជាគួរឲ្យខកចិត្តណាស់ដែល Pogba ត្រូវចាកចេញព្រោះខ្ញុំឃើញថាគេកំពុងឡើងជើងល្អណាស់ ប៉ុន្តែគ្មានអ្នកណាអាចប្រៀបបាននឹងគេទេបើនិយាយពីស្ទាយ៍នៃការលេងបាល់របស់គេ។នៅពេលគេលេងល្អគឺល្អរកពាក្យរិះគន់មិនចង់បានតែបើលេងអន់វិញគឺថាអន់រហូតមិនបានជួយអ្វីសោះដល់ក្រុម។ ប៉ុន្តែសម្រាប់ខ្ញុំបើសិន Pogba ចាកចេញមែន ខ្ញុំចង់ឲ្យ Man UTD ជះលុយទិញ (Jack)Grealish ដែលពេលនេះគេជាកីឡាករ Aston Villa ដ៏ល្អបំផុតនៅ Premier League ហើយបើសិនគេបានចូលលេងជាមួយកីឡាករផ្សេងទៀតក្នុងក្រុម Man UTD ខ្ញុំគិតថាគេនឹងក្លាយជាកីឡាករលំដាប់ពិភពលោកនៅពីរបីឆ្នាំខាងមុខ។

លោក Chedwick បានបន្តសរសើរ Grealish ទៀតថា៖
គេពិតជាលេងបានល្អណាស់ពេលបាល់ជាប់ជើងគេម្ដងៗ គេអាចបង្កើតឱកាសដោយមុជចូលទៅជ្រៅទៅខាងគូប្រកួត គេជាកីឡាករដែលគួរតែបានលេងនៅក្លិបលំដាប់កំពូល។ពិតណាស់ថាគេជាអ្នកគាំទ្រម្នាក់របស់ Aston Villa ប៉ុន្តែគេជាកីឡាករម្នាក់ក្នុងក្របខណ្ឌ Premier League ដែរ អ៊ីចឹង ហើយគេគួរតែអាចរុញ Man UTD ឲ្យឡើងមកកាន់ចំណុចមួយដែលគ្រប់គ្នាស្មានមិនដល់។
គួររម្លឹកផងដែរថា ខ្សែបម្រើ Jack Grealish ចូលរួមជាមួយ Aston Villa តាំងពីឆ្នាំ២០០១ដោយកាលណោះគេលេងនៅឈុតយុវជនរបស់ក្លិបមុននឹងបន្តលេងឲ្យក្រុមឈុតធំក្នុងឆ្នាំ២០១២ ដោយបង្ហាញខ្លួនសរុបឲ្យក្លិបបាន១៨២ប្រកួតនិងស៊ុតបញ្ចូលទីបាន២៩គ្រាប់៕

ប្រភព៖ caughtoffside