ប្រេស៊ីល៖ យោងតាមការរាយការណ៍ពីក្លិប Palmas FR ដែលចេញផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ CNN Brasil បានឲ្យដឹងថាលោកប្រធានរបស់ក្លិប Palmas FR និងកីឡាករ៤រូបផ្សេងទៀតបានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងហេតុធ្លាក់យន្តហោះស្រដៀងគ្នានេះក៏បានកើតឡើងលើក្លិបបាល់ទាត់ Chapecoense កាលពីឆ្នាំ២០១៦ដែរដែលបានធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាបាល់ទាត់នៅប្រេស៊ីលពិតជាមានការតក់ស្លុតនិងសោកស្តាយខ្លាំងណាស់។

ក្លិប Palmas FR ជាក្លិបលេងនៅលីគលំដាប់លេខ៤របស់ប្រទេសប្រេស៊ីល ហើយហេតុការណ៍នេះបានកើតឡើងកំឡុងពេលលោកប្រធានក្លិបនិងកីឡាករបានធ្វើដំណើរតាមយន្តហោះទៅប្រកួតជាមួយក្លិប Vila Nova នៅថ្ងៃស្អែកម៉ោង២ទាបភ្លឺនេះ។

សារព័ត៌មាន CNN Brasil បានបង្ហោះសារមួយបញ្ជាក់ថា លោកប្រធានក្លិបឈ្មោះ Lucas Meira និងកីឡាករ៤នាក់ផ្សេងទៀតរួមមាន Lucas Praxedes, Guilherme Noe, Ranule និង Marcus Molinari សុទ្ធតែបានបាត់បង់ជីវិតទាំងអស់។





ក្លិបបាល់ទាត់ Palmas Futebol e Regatas បានបង្ហើបឲ្យពួកយើងដឹងថា នៅវេលាម៉ោងប្រមាណ ៨:១៥នាទីព្រឹកថ្ងៃទី២៤ មានករណីធ្លាក់យន្តហោះដែលលោកប្រធានក្លិប Lucas Meira បានជិះខណៈពេលលោកបានធ្វើដំណើរទៅត្រៀមខ្លួនមើលការប្រកួតរវាងក្លិប Palmas FR និងក្លិប Vila Nova ។ កាលណោះយន្តហោះទើបតែរៀបចំធ្វើការហោះហើរតែបែរជាមានបញ្ហាធ្វើឱ្យតួយន្តហោះទាំងមូលធ្លាក់នៅលើទីលាននៅព្រលានយន្តហោះអន្តរជាតិ Aviation Association of Tocantins នៃទីក្រុង Goiania តែម្ដង។ ក្នុងយន្តហោះនោះមានអ្នកបើកបរយន្តហោះឈ្មោះ Wagner រួមទាំងកីឡាករ៤នាក់ទៀតគឺ Lucas Praxedes, Guilherme Noe, Ranuel ព្រមទាំង Marcus Molinari ។ ពួកយើងពិតជាសោកស្ដាយណាស់ដែលត្រូវរាយការណ៍ប្រាប់អ្នកទាំងអស់គ្នាថាគ្មានអ្នកណារស់រានមានជីវិតនោះឡើយ។ ក្លិបស្នើសុំឲ្យអ្នកទាំងអស់ចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ពួកគេទាំងអស់គ្នាផង។

គួរបញ្ជាក់ផងដែរថា ក្លិប Palmas FR ត្រូវប្រកួតទល់នឹងក្លិប Vila Nova ក្នុងពានរង្វាន់ Copa Verde នៅថ្ងៃស្អែកវេលាម៉ោង២ទាបភ្លឺតែគួរឲ្យសោកស្តាយណាស់ដែលហេតុការណ៍ដ៏តក់ស្លុតមួយនេះកើតឡើង។យ៉ាងណាមិញគេមិនទាន់ដឹងនៅឡើយទេថាការប្រកួតនោះនឹងត្រូវផ្អាកសិនឬយ៉ាងណា៕
ប្រភព៖ besoccer