អេស្ប៉ាញ៖ កាលពីថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្លិបអធិរាជស Real Madrid បានធ្វើដំណើរទៅទឹកដីកីឡដ្ឋាន Campo Municipal El Callao ដើម្បីប្រកួតតទល់ជាមួយក្រុមម្ចាស់ផ្ទះ Alcoyano ក្នុងជំនួបពាន Cope Del Rey វគ្គ៣២ក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ុន្តែបន្ទាប់ពីប្រកួតចប់៩០នាទីពេញក្លិបទាំងពីររកបានម្នាក់១គ្រាប់ដូចគ្នាទើបលោកអាជ្ញាកណ្ដាលសម្រេចបន្ថែមម៉ោងប្រកួតដល់១២០នាទី ទើបភាគីម្ចាស់ផ្ទះ Alcoyano ដែលជាក្រុមមកពីលីគលេខ២ Segunda B បានទម្លាក់ Real Madrid ដែលជាម្ចាស់ពាន UCL ដល់ទៅ១៣សម័យឲ្យធ្លាក់ចេញពីពាន Cope Del Rey ពេលកីឡាករឈ្មោះ Juan Antonio Casanova Vidal ស៊ុតមួយគ្រាប់ទៀតនៅនាទីទី១១៥ ។

បរាជ័យដ៏អាម៉ាស់របស់ Real Madrid បានធ្វើឲ្យអ្នកគាំទ្រតក់ស្លុតនិងចាប់ផ្ដើមរិះគន់ទាំងលោកគ្រូបង្វឹក Zinedine Zidane និង កីឡាករក្នុងក្រុមដែលលេងប្រហែសធ្វើឲ្យភ្លាត់ចាញ់ក្រុមមិនសូវល្បីឈ្មោះមួយនេះ ប៉ុន្តែក្រោយចប់ការប្រកួត Real Madrid បានធ្វើរឿងគួរឱ្យភ្ញាក់ផ្អើលមួយគឺបានប្រគល់កាដូអាវរបស់កីឡាករក្នុងក្រុមចំនួន១៥ឈុតទៅឲ្យកីឡាកររបស់ Alcoyano ទាំងអស់ដើម្បីទុកជាអនុស្សាវរីយ៍។

ការពិតកាដូអស់ទាំងនេះគឺបានរៀបចំស្រេចបាច់អស់ហើយតាំងពីមុនប្រកួតមកម៉្លេះ ដោយយោងតាមការរាយការណ៍ខាងភាគីកីឡាករ Alcoyano បានស្នើសុំយកអាវរបស់កីឡាករ Real Madrid ៣នាក់ គឺ Luka Modric, Sergio Ramos និង Karim Benzema ច្រើនជាងកីឡាករផ្សេងទៀតផងដែរខណៈដែលកីឡាករ២នាក់របស់ Alcoyano សុំអាវដែលមានឈ្មោះ Toni Kroos ហើយអាវដែលមានឈ្មោះរបស់អ្នកចាំទី Thibaut Courtois ត្រូវអ្នកចាំទី Jose Juan សុំយក។

យ៉ាងណាមិញការប្រគល់កាដូនេះបញ្ជាក់ច្បាស់ថា Real Madrid មិនបានថ្នាំងថ្នាក់ចិត្តឬខឹងសម្បារនឹងគូប្រកួតរបស់ពួកគេនោះឡើយ បើទោះបីជា Alcoyano បានស៊ុតទម្លាក់ក្រុមខ្លួនចេញពីពាន Copa Del Rey ក៏ដោយ៕

ប្រភព៖ as.com