FBI បើកការស៊ើបអង្កេតលើការបំផ្ទុះគ្រាប់បែកកក្រើកទីក្រុង Nashville សហរដ្ឋអាមេរិក

//s9.kh1.co/69/69090049ae8b479529b469cef94bfed989865f06.jpeg
សង្គម

 ២៧-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ការបំផ្ទុះកើតឡើងប្រហែលម៉ោង6ព្រឹកថ្ងៃសុក្រ

អាមេរិក៖ រថយន្តមួយចតនៅតាមដងផ្លូវនៃទីប្រជុំជន Nashville បានផ្ទុះឡើងនៅព្រឹកថ្ងៃគ្រីស្ទម៉ាស នៅខាងក្រៅអគាររបស់ក្រុមហ៊ុន AT&T ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់រដ្ឋ Tennessee និងភាគខាងកើតនៃរដ្ឋ Kentucky ហើយបានរំខានដល់ប្រព័ន្ធសង្គ្រោះបន្ទាន់911ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក John Drake ប្រធានប៉ូលិស Metro Nashville បាននិយាយថាប៉ូលិសបានប្រទះនឹងឡាន RV ចតចោលមួយគួរឱ្យសង្ស័យដែលបានបើកប្រកាសការព្រមានថាគ្រាប់បែកនឹងបំផ្ទុះឡើងក្នុងរយៈពេល15នាទីទៀត។ ប៉ូលិសបានជម្លៀសមនុស្សចេញពីអគារដែលនៅក្បែរៗនោះ ហើយបានហៅក្រុមអ្នកដោះគ្រាប់បែកមក។ តែរថយន្ត RV នោះក៏បានផ្ទុះឡើងភ្លាមៗបន្ទាប់ពីនោះ។

រថយន្តកម្សាន្តដែលមន្ត្រីនិយាយថាពាក់ព័ន្ធនឹងការផ្ទុះនេះ។  (Metro Nashville PD via AP)
រថយន្តកម្សាន្តដែលមន្ត្រីនិយាយថាពាក់ព័ន្ធនឹងការផ្ទុះនេះ។  (Metro Nashville PD via AP)

គេនៅមិនទាន់ដឹងច្បាស់ថាកម្ទេចសាកសពរបស់មនុស្សនៅក្បែរកន្លែងនោះជារបស់ជនរងគ្រោះនៃការផ្ទុះ ឬជាអ្នកដាក់បំផ្ទុះនោះទេ។ យោងតាមអាជ្ញាធរបានអោយដឹងថាអ្នកជំនាញកោសល្យវិច្ច័យនឹងធ្វើការពិនិត្យលើកម្ទេចសាកសពទាំងនោះ។

ក្រុមមន្រ្តីអនុវត្តច្បាប់បាននិយាយថាអាជ្ញាធរបានកំណត់អត្តសញ្ញាណមនុស្សដែលទំនងជាទាក់ទងនឹងការបំផ្ទុះគ្រាប់បែកនៅ Nashville នៅថ្ងៃបុណ្យណូអែលនេះ និងបានទៅឆែកឆេរផ្ទះជនសង្ស័យនោះផងដែរ។ ក្រុមអាជ្ញាធរបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថាផ្ទះដែលត្រូវបានស៊ើបអង្កេតដោយមន្រ្តីសហព័ន្ធ និងមន្ត្រីក្នុងតំបន់កាលពីថ្ងៃសៅរ៍គឺស្ថិតនៅទីក្រុង Antioch ចម្ងាយប្រហែល16គីឡូម៉ែត្រនៃភាគអាគ្នេយ៍នៃការផ្ទុះនេះ។ ឈ្មោះរបស់បុគ្គលសង្ស័យនេះមិនត្រូវបានបញ្ចេញនៅឡើយទេ។

ភ្នាក់ងារ FBI លោក Doug Korneski បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា៖ «យើងមិនទាន់អាចបញ្ជាក់អំពីបុគ្គលណាម្នាក់ ឬនរណាម្នាក់ដែលយើងបានកំណត់អត្តសញ្ញាណនោះទេ។» លោក Korneski បានបន្ថែមទៀតថាគាត់មានភាពជឿជាក់ថា ក្រុមមន្រ្តីនឹងអាចស្វែងរកជនបង្កហេតុបាន និងដឹងច្បាស់ពីអ្វីដែលបានកើតឡើង ប៉ុន្តែវានឹងត្រូវការពេលយូរបន្តិច។ ក្រុមមន្រ្តីមិនធ្វើការសំរេចលើការសន្មតណាមួយឡើយ។

<br style="null;">បុគ្គលិកសង្គ្រោះបន្ទាន់ធ្វើការនៅក្បែរកន្លែងផ្ទុះនៃទីប្រជុំជន Nashville ក្នុងរដ្ឋ Tennessee ថ្ងៃទី 25 ធ្នូ។ (AP Photo / Mark Humphrey)&nbsp;&nbsp;

បុគ្គលិកសង្គ្រោះបន្ទាន់ធ្វើការនៅក្បែរកន្លែងផ្ទុះនៃទីប្រជុំជន Nashville ក្នុងរដ្ឋ Tennessee ថ្ងៃទី 25 ធ្នូ។ (AP Photo / Mark Humphrey)  

លោក Don Cochran មេធាវីអាមេរិកបានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមមន្រ្តីបានទទួលនូវព័ត៌មានតម្រុយជាង500 ទាក់ទងនឹងជនសង្ស័យនៅក្នុងការបំផ្ទុះមួយនេះ។

ការផ្ទុះនេះបណ្តាលឲ្យមនុស្ស3នាក់រងរបួស ក្នុងនោះមានទាំងមន្ត្រីប៉ូលិសម្នាក់ ហើយវាបានបង្កការបំផ្លិចបំផ្លាញអាគារអស់ជាច្រើនប្លុក។ យ៉ាងហោចណាស់មានអាជីវកម្មចំនួន41កន្លែង និងផ្ទះមួយចំនួនត្រូវបានខូចខាត ហើយប្រជាជនជាច្រើនត្រូវបានជម្លៀសចេញ។

អាជ្ញាធរបានប្រកាសដាក់បម្រាមគោចរមិនឱ្យប្រជាជនចូលក្នុងតំបន់ទាំងនោះ រហូតដល់រសៀលថ្ងៃអាទិត្យ៕

រថយន្តមួយបានឆាបឆេះក្នុងការបំផ្ទុះនេះ (Andrew Nelles/The Tennessean via AP)
រថយន្តមួយបានឆាបឆេះក្នុងការបំផ្ទុះនេះ (Andrew Nelles/The Tennessean via AP)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T