អេស្ប៉ាញ៖ក្លិបអធិរាជស Real Madrid បានធ្វើដំណើរទៅកីឡដ្ឋាន Municipal de Ipurua ដើម្បីជួបនឹងម្ចាស់ផ្ទះ Eibar ក្នុងការប្រកួតក្របខណ្ឌ La Liga ដោយ Real Madrid បានរក្សាកំណត់ត្រាឈ្នះ៤ប្រកួតជាប់ៗគ្នាក្រោយយកឈ្នះលើ Eibar ក្នុងលទ្ធផល៣ទល់នឹង១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រាប់បាល់ទី១ស៊ុតចេញពីជើងស្តាំរបស់ខ្សែប្រយុទ្ធ Karim Benzema ដោយមានការបញ្ជូនពីម្ចាស់អាវលេខ២៥ Rodrygo ជួយឲ្យ Real Madrid នាំមុខក្រុមម្ចាស់ផ្ទះ។

កីឡាករទាំងអស់មិនទាន់ក្ដៅសាច់ដុំផង ស្រាប់តែនៅនាទីទី១៣ Benzema បោះបាល់ឲ្យ ខ្សែបម្រើ Luka Modric ទើបម្ចាស់អាវលេខ១០មួយនេះដាក់មួយជើងថែមទម្លុះសំណាញ់អ្នកចាំទី Dimitrovic ធ្វើឲ្យអធិរាជសនាំមុខ ២ ទល់នឹង ០ បានសម្រេច។

នៅនាទីទី២៨ Eibar មានឱកាសបានវាយបកវិញនៅពេលខ្សែប្រយុទ្ធ Kike ស៊ុតបាល់កោងមួយជើងដោយអ្នកចាំទី Thibaut Courtois សង្គ្រោះមិនបាន។

រហូតដល់ចុងម៉ោងនៅនាទីទី៩០+២ ខ្សែបម្រើ Lucas Vasquez អូសបាល់ចូលតំបន់គ្រោះថ្នាក់របស់ Eibar តែម្នាក់ឯងខណៈខ្សែការពាររបស់ក្រុមម្ចាស់ផ្ទះព្យាយាមចូលមកដណ្ដើមបាល់ដែរតែរត់មិនទាន់។ Vasquez បានស៊ុតមួយជើងស្ដាំកាត់មុខអ្នកចាំទីសញ្ជាតិស៊ែបី Marko Dimitrovic ដែលធ្វេសប្រហែសរត់មកឈរនៅកៀនតារាង។

ក្នុងនោះដែរអ្វីដែលគេកត់សម្គាល់ឃើញគឺ ខ្សែការពារនិងជាប្រធានក្រុម Real Madrid កីឡាករ Sergio Ramos បានបង្កកំហុសប៉ះបាល់នឹងកែងដៃរបស់គេក្នុងកំឡុងជិតចុងម៉ោងនៅនាទីទី៨២ បន្ទាប់ពីគេព្យាយាមប្រជែងនឹងកីឡាករ Pedro Bigas ប៉ុន្តែលោកអជ្ញាកណ្ដាល Jose Luis Munuera Montero មិនបានផ្ដល់បាល់ប៉េណាល់ទីដល់ខាង Eibar នោះឡើយ។

មានការវែកញែកពិភាក្សាជាច្រើនបានផ្ទុះឡើងក្នុងប្រកួតនេះដោយភាគច្រើនគេរិះគន់ទៅលើអជ្ញាកណ្ថាលដែលមិនបានផ្ដល់បាល់ប៉េណាល់ទីទៅខាងក្រុមម្ចាស់ផ្ទះខណៈលោកគ្រូបង្វឹក Zinedine Zidane បានថ្លែងទាក់ទងនឹងហេតុការណ៍ដែល Ramos ប៉ះបាល់នឹងកែងដៃនេះថា៖
អ្វីដែលសំខាន់គឺអជ្ញាកណ្ដាលគាត់ប្រាកដចិត្តនឹងការសម្រេចចិត្តនោះ(មិនផ្ដល់បាល់ប៉េណាល់ទីឲ្យខាង Eibar) ខ្ញុំសុំមិនចូលរួមពាក់ព័ន្ធឡើយ ព្រោះអជ្ញាកណ្ដាលជាអ្នកកាត់ក្ដី ការប្រកួត។

Sergio Ramos ក៏បាននិយាយប្រាប់មិត្តរួមក្រុមរបស់គេដែរថា រូបគេស្មានថាអជ្ញាកណ្ដាលនឹងផ្ដល់បាល់ប៉េណាល់ទីទៅខាងក្រុមម្ចាស់ផ្ទះ។
ដោយឡែកលោកគ្រូបង្វឹករបស់ Eibar លោក Jose Luis Mendilibar បានថ្លែងបន្ទាប់ពីចប់ការប្រកួតថា៖
បាល់នោះវាបានប៉ះនឹងកែងដៃរបស់គេ(Ramos) ហើយខ្ញុំគិតថាគាត់គួរតែផ្ដល់បាល់ប៉េណាល់ទីឲ្យខាងយើង...Ramos ខ្លួនឯងក៏និយាយដែរថាវាជាបាល់ប៉េណាល់ទីព្រោះគេបាននិយាយបែបនោះប្រាប់អ្នកឯទៀត។ ជាធម្មតាអជ្ញាកណ្ដាល នឹងពិនិត្យមើលបាល់នោះពីគ្រប់ជ្រុងតែថ្ងៃនេះគេបានធ្វើការសម្រេចចិត្តតែ២០វិនាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ជ័យជំនះរបស់ Real Madrid លើ Eibar នេះបានធ្វើឲ្យក្លិបរក្សាតំណែងលេខ២ក្នុងតារាងដោយមាន២៩ពិន្ទុក្នុងដៃស្មើនឹងក្រុមកំពូលតារាង Atletico Madrid ៕

សូមទស្សនាវីដេអូនៃការប្រកួតដូចខាងក្រោម៖
ប្រភព៖ bbc