អង់គ្លេស៖ លោកគ្រីបង្វឹកសញ្ជាតិព័រទុយកាល់ Jose Mourinho បានធ្វើការបញ្ចេញមតិខ្លះៗទៅលើលទ្ធផលនៃពានរង្វាន់ FIFA Best Men's Coach ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរគឺលោកគ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool គឺ Jurgen Klopp ជាអ្នកឈ្នះវ៉ាកាត់មុខ លោកគ្រូបង្វឹកនៃក្លិប Bayern Munich Hansi Flick ដែលអ្នកណាៗក៏រំពឹងទុកថាលោក Flick នឹងឈ្នះពាននេះជំនួសលោកគ្រូ Klopp ។


ពេលលទ្ធផលប្រកាសចេញមក អ្នកគាំទ្រនិងអ្នកវិភាគបាល់ទាត់មួយចំនួនទៅជានាំគ្នាភ្ញាក់ផ្អើលស្មានមិនដល់ Klopp ជាអ្នកឈ្នះពាននេះម្ដងទៀត ដែលសូម្បីសាមីខ្លួនជាជ័យលាភីជើងឯកក៏និយាយដែរថារូបលោកគិតថា Flick សមនឹងឈ្នះពាន Best Men's Coach ជាងគាត់។

លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp បាននិយាយថា៖
ខ្ញុំពិតជាអរគុណនឹងពានរង្វាន់នេះណាស់ កាលពីដំបូងឡើយ ខ្ញុំទទួលស្គាល់ថាខ្ញុំក៏ភ្ញាក់ផ្អើលដូចអ្នកដទៃទៀតដែរនិងសួរខ្លួនឯងថាហេតុអីខ្ញុំជាអ្នកឈ្នះទៅវិញ?
ក្រោយបានឮសម្ដីលោកគ្រូ Klopp បែបនេះស្រាប់តែលោកគ្រូបង្វឹក Jose Mourinho របស់ក្រុមខ្នាយមាន់មាស Tottenham Hotspur ដែលទើបនឹងត្រូវ Liverpool លត់ ២ ទល់នឹង ១ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានចូលរួមបញ្ចេញមតិទាំងសើចថា៖
ខ្ញុំគិតថាឱកាសតែមួយគត់របស់ Hansi Flick ក្នុងការឈ្នះពាននេះគឺ Bayern Munich ត្រូវតែស្រវាយកពាន២ទៅ៣ទៀតឯណោះ...អ៊ីចឹងហើយបើសិនជា Flick អាចឈ្នះពានទាំង៧បានក្នុងរដូវកាលតែមួយ គេអាចនឹងឈ្នះ Best Men's Coach នោះ ព្រោះខ្ញុំជឿថាពាន Champions League , Bundesliga , Pokal ,European Super Cup, German Super Cup គឺជាពានធំៗបំផុតហើយ...អ៊ីចឹងហើយខ្ញុំពិតជាអាណិត Flick ណាស់ បើគេចង់ឈ្នះពាននោះគឺគេត្រូវតែព្យាយាមឈ្នះពានបន្ថែម២ ទៅ ៣ ទៀត។

គួរបញ្ជាក់ផងដែរថានៅរដូវកាលមុន លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Hansi Flick បានដឹកនាំ Bayern Munich ឲ្យឈ្នះពាន Bundesliga ,DFB-Pokal និងពានធំ Champions League ខណៈដែលនៅរដូវកាលនេះ Bayern ក៏បានលើកពាន UEFA Super Cup និង DFL Super Cup ផងដែរ៕

ប្រភព៖ goal