នាយក​​រដ្ឋមន្ត្រី​​ប្រាប់​​ឲ្យ «ផ្អាក​​អាពាហ៍​​ពិពាហ៍​ ​និង​​ការ​​ជួប​​ជុំ​​រយៈ​​ពេល​ ​១៥​ថ្ងៃ ​ទាំង​នៅ​ភ្នំ​ពេញ និង​សៀម​រាប​»

//s9.kh1.co/b7/b7044ab4d8fd5243b9918ae77fee29db15be3c3c.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

«ហាមការជួបជុំតែម្តង! ចាប់ពីថ្ងៃទី ១ ដល់ ១៥ ឬ ១៦ធ្នូ ហាមមិនឲ្យមានការជួបជុំ ទោះការជួប​ជុំ​ណា​​ក៏ដោយ រាប់ទាំងអាពាហ៍​ពិពាហ៍​ដែរ ទាំងនៅភ្នំពេញ និងខេត្តសៀមរាប។»

សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅថ្ងៃ ៣០វិច្ឆិកានេះ បានបញ្ចេញសារជាសំឡេងតាមតេលេក្រាម ដោយប្រាប់ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ផ្សាយដំណឹងលើវិធានការផ្អាករាល់ការជួបជុំដែលមានមនុស្សច្រើន រាប់ទាំងអាពាហ៍ពិពាហ៍ផង រយៈ​ពេល​ ១៥ថ្ងៃជាបណ្តោះអាសន្ន ទាំងនៅភ្នំពេញ និងសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយករដ្ឋមន្ត្រី​៖ «ហាមការជួបជុំតែម្តង! ចាប់ពីថ្ងៃទី ១ ដល់ ១៥ ឬ ១៦ធ្នូ ហាមមិនឲ្យមានការជួបជុំ ទោះការជួប​ជុំ​ណា​​ក៏ដោយ រាប់ទាំងអាពាហ៍ពិពាហ៍ដែរ ទាំងនៅភ្នំពេញ និងខេត្តសៀមរាប។»

សម្តេចបន្តថា៖ «សូមអនុវត្តបន្ទាន់ចាប់ពីពេលទទួលបទបញ្ជានេះទៅ។ មនុស្សលើសពី ២០នាក់ គឺមិនត្រូវមាន​ការ​ជួប​ជុំទេ។ តែបើ ២០នាក់ចុះក្រោម គឺត្រូវមានគម្លាតឲ្យឆ្ងាយពីគ្នា។ យើងមិនហាមឃាត់រឿងចេញក្រៅផ្ទះទេ តែសូម​កុំឲ្យ​មានការកកស្ទះ ហើយសូមកាត់បន្ថយការចេញក្រៅផ្ទះ។ បើមិនធ្វើថ្ងៃនេះទេ គឺយើងនឹងយឺតពេល»។

សូមបញ្ជាក់ថា ថ្មីៗសម្តេចនាយករដ្ឋមន្ត្រី បានបង្ហើបពីការបញ្ចេញសាច់ប្រាក់ ខ្ទង់ពាន់លានដើម្បីជួយ​ដល់គ្រួសារ​ក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក។

សម្តេច៖ «ព្រឹកមិញនេះ ខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង ១០០០លានរៀល ជូនទៅរាជធានី ខេត្តនៅទូទាំងប្រទេស​សម្រាប់ជួយ​ដល់គ្រួសារ​ក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក។ គ្រួសារនីមួយៗនឹងទទួលបាន ២ម៉ឺនរៀលក្នុងមួយថ្ងៃ ដែល​មាន​រយៈពេល ១៥ថ្ងៃ។ ថវិកាសរុបទទួលបាន ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ»។

ជាការកត់សម្គាល់ ក្រសួងសុខាភិបាល បាន​ប្រកាសពីលទ្ធផលតេស្តវិជ្ជមាន ​៨ករណីបន្ថែមទៀតពីព្រឹត្តិការណ៍​សហគមន៍​​ ២៨វិច្ឆិកា ដែលធ្វើឲ្យ​ចំនួន​សរុបឡើង​ដល់ ​១៤នាក់ រីឯលទ្ធផល ២២៣៤នាក់អវិជ្ជមាន។

គិតមកទល់ថ្ងៃ ៣០វិច្ឆិកានេះ កម្ពុជាមានករណីកូវីដ ១៩ ចំនួន​ ៣២៣នាក់ និងសះស្បើយ ៣០១៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T