អឺរ៉ុប៖ អ្នកចាត់ការក្រុមមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយថា លោកចង់ឲ្យកីឡាករ Lionel Messi ចូលនិវត្តន៍នៅក្លិប Barcelona ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep ទើបព្រមព្រៀងបន្តកិច្ចសន្យាជាមួយក្លិប Man City រយៈពេល២ឆ្នាំទៀត កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា កន្លងទៅនេះ។ ហើយទាក់ទងរឿងបន្តកុងត្រាថ្មីនេះដែរ មានដំណឹងចចាមអារាមថា ដោយសារតែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ចង់នៅចាំទទួល Messi ។

កុងត្រារបស់ Messi ជាមួយក្លិប Barcelona នឹងត្រូវផុតសុពលភាពនារដូវក្ដៅឆ្នាំក្រោយ ហើយរូបគេនឹងមានសិទ្ធចរចាធ្វើកិច្ចសន្យាទុកមុនជាមួយក្លិបក្រៅពីប្រទេសអេស្ប៉ាញចាប់ពី ខែមករាឆ្នាំ២០២១ទៅ។
យ៉ាងណាមិញលោក Pep ដែលមានដំណឹងពាក់ព័ន្ធនឹង Messi នោះ មិនចង់ឲ្យជម្រើសអាហ្សង់ទីនរូបនេះ ចាកចេញនោះទេ ពោលគឺចង់ឲ្យរូបគេ បញ្ចប់អាជីពនៅក្លិបយក្សតំបន់កាតាឡាន់តែម្ដង។
Messi គឺជាកីឡាកររបស់ Barcelona ។ ខ្ញុំបាននិយាយបែបនេះរាប់ពាន់ដងមកហើយ។ ក្នុងនាមជាអ្នកគាំទ្រម្នាក់ ខ្ញុំចង់ឲ្យ Leo បញ្ចប់អាជីពនៅទីនោះ។ កុងត្រារបស់គាត់ ផុតកំណត់នាដំណាច់រដូវកាលនេះ ហើយខ្ញុំក៏មិនដឹងថា ចិត្តរបស់គាត់នឹងសម្រេចយ៉ាងណាដែរ។

គួររម្លឹកដែរថា Messi បានដាក់សំណើសុំចាកចេញពីក្លិប Barcelona កាលពីទីផ្សាររដូវក្ដៅកន្លងទៅ ប៉ុន្តែក្រោយចរចាផ្ទៃក្នុងជាមួយក្លិបជើងឯក La Liga ២៦សម័យរួចមក ម្ចាស់អាវលេខ១០រូបនេះ ក៏យល់ព្រមបន្តនៅលេងរដូវកាល២០២០/២១នេះទៀត ។ ទន្ទឹមនឹង Messi ចង់ចាកចេញ មានក្លិបធំៗចំនួន២ ដែលមានដំណឹងពាក់ព័ន្ធទៅនឹងការផ្ទេររូបគេ ក្នុងនោះមានក្លិបអ្នកមាននៅបារាំង Paris Saint-Germain និងក្លិបគីឡូធ្ងន់នៅអង់គ្លេស Man City។

ប្រភព៖ bbc